នាយឧត្តមសេនីយ៍ ជួន សុវណ្ណ គ្រឿងញៀនគឺជាអាវុធដ៏មុតស្រួចអាចសម្លាប់យេីង រួមទាំងបំផ្លាញអនាគតរបស់យេីង

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធាន តំណាងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អមដំណើរដោយថ្នាក់ដឹកនាំ អគ្គលេខាធិការ ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា សិស្ស ចូលរួមជាអធិបតីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០ និងសម្ពោធដាក់ឲ្យប្រើប្រាស់នូវតារាងបាល់បោះ ហើយពិធីនេះទៀតសោត បានធ្វេីឡើងនាវេលាព្រឹកថ្ងៃទី០១ខែវិចិ្ឆកាឆ្នាំ២០១៩ នៅវិទ្យាល័យឥន្ទ្រទេវី។
លោក នាក់ សុទ្ធា នាយកវិទ្យាល័យឥន្រ្ទទេវី បានថ្លែងនូវកិច្ចស្វាគមន៍ និងរបាយការណ៍បង្ហាញពីទឹកចិត្តសប្បាយរីករាយ ជាមួយនឹងការអភិវឌ្ឍរីកចម្រើន ហេដ្ឋារចនាសម្ព័ន្ធ ទីតាំងលេងកីឡា របស់សាលាដែលកើតចេញពីការចូលរួមពីសំណាក់សប្បុររសជន។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងលើកឡើងថា ថ្ងៃនេះយើងបានមកជួបជុំគ្នា ដើម្បីបើកទំព័រឆ្នាំសិក្សាថ្មី២០១៩-២០២០ ចូលរួមទាំងអស់គ្នា សំដៅធ្វើឲ្យសម្រេចដោយជោគជ័យនៅក្នុងវិស័យអប់រំ ជាគោលដៅផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ចំពោះបុគ្គល គ្រួសារ និងសង្គមជាតិទាំងមូល ជាសក្ដានុពល ក្នុងការទាក់ទាញការវិនិយោគ និងធុរកិច្ចបន្ថែមទៀត ពោលការអប់រំល្អនឹងនាំឲ្យមានការផ្គត់ផ្គង់ធនធានមនុស្ស កម្លាំងពលកម្មដែលមានចំណេះដឹង ជំនាញវិជ្ជាជីវៈឆ្លើយតបកាន់តែមានប្រសិទ្ធភាព ទៅនឹងទីផ្សារការងារ និងតម្រូវការអភិវឌ្ឍសង្គមជាតិ។
នាយឧត្តមសេនីយ៍ ក៏បានថ្លែងធ្វេីការផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឲ្យចងចាំច្បាស់ថា គ្រឿងញៀន គឺជាអាវុធដ៏មុតស្រួច ដែលអាចសម្លាប់យើង និងបំផ្លាញអនាគតរបស់យើងក្នុងពេលដ៏ខ្លី ប្រសិនជាយើងមានការពាក់ព័ន្ធនឹងវា ដូច្នេះក្មួយៗត្រូវតែស្វែងយល់រឿងនេះឲ្យបានច្បាស់ ហើយរកវិធីគ្រប់បែបយ៉ាង និងការគាំទ្រផ្សេងៗ ពីមិត្តភក្តិ ឬមាតាបិតា អាណាព្យាបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចផ្សេងៗទៀត បើមានការអូសទាញ ឬការបង្ខិតបង្ខំរបស់មិត្តភក្តិមិនល្អ រកវិធី និងចូលរួមក្នុងសកម្មភាពនានា ដើម្បីបង្កា ទប់ស្កាត់ការប្រើប្រាស់ ក៏ដូចជាការជួញដូរគ្រឿងញៀនទាំងជុំវិញសាលា ក៏ដូចជានៅក្នុងមូលដ្ឋានដែលខ្លួនរស់ផងដែរ។
ជាមួយនឹងភាពសប្បាយរីករាយ ក្មួយស្រី បូរ៉ា យ៉ានុត តំណាងសិស្សនុសិស្ស បានធ្វើការប្តេជ្ញាចិត្ត ធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ ខិតខំរៀនសូត្រ និងចូលរួមសកម្មភាព សង្គមបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ក្នុងសាលា ជាសាលាបែតងគ្មានគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍។
ជាកិច្ចតបស្នង ចំពោះគុណូបការ លោកគ្រូអ្នកគ្រូ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានចែកអំណោយដល់លោកគ្រូ អ្នកគ្រូ ចូលនិវត្តន៍ផងដែរ៕