ប្រជាពលរដ្ឋក្រីក្រចំនួន៣២គ្រួសារ រស់នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ ទទួលបានអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា

btshotnews
ព្រះវិហារ៖ អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ត្រូវបានយកទៅផ្តល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ស្រ្តីម៉េម៉ាយ សរុបចំនួន៣២គ្រួសារ មកពីភូមិទាំង៦ ក្នុងឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

ពិធីចែកអំណោយជូនប្រជាពលរដ្ឋនេះ បានធ្វើឡើងនាវេលាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោក សំ លាងទ្រី អនុប្រធានគៈណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។

លោក សំ លាងទ្រី ក៏បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក ប្រាក់ សុវណ្ណ ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច «ពោល គឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងអាជ្ញាធរមូលដ្ឋាននៅចាំជួយជានិច្ច»។

លោក សំ លាងទ្រី ក៏បានថ្លែងធ្វេីការផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរទាំសុខភាព អនាម័យជាប់ជាប្រចាំ ក្នុងការរស់នៅឱ្យបានល្អ ដើម្បីការពារពីជំងឺផ្សេងៗ ពិសេសគឺជំងឺកូវីដ១៩ ហើយត្រូវចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ កុំឱ្យកើតមានលើខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍ ដោយអនុវត្តន៍ឱ្យបានតាមការណែនាំ របស់ក្រសួងសុខាភិបាល ដូចជាការលាងសម្អាតដៃ និងសាប៊ូ ឬទឹកអាល់កុល និងពាក់ម៉ាស់ជាប់ជាប្រចាំ ពេលស្ថិតក្នុងទីប្រជុំជន។

សូមជម្រាបថា សម្ភារដែលផ្តល់ជូននៅពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ទឹកក្រូចកូកាកូឡា ៤ កំប៉ុង និងថវិកាចំនួន ២០,០០០រៀល។ ដោយឡែកគ្រួសារអាទិភាព ២ គ្រួសារទទួលបានថវិកា ២០០,០០០រៀល ក្នុងនោះថវិកា លោក សំ លាងទ្រី ១០០,០០០រៀល។
ប្រគេនព្រះសង្ឃនៅវត្តសំឡាញ អង្ករ ៥០គីឡូ, មី២ កេស, ត្រីខ២ យួរ, ទឹកស៊ីអីវ២ យួរ ថវិកា ១០០,០០០រៀល, លោក សំ លាងទ្រី បានប្រគេនបន្ថែមនូវទឹកសុទ្ធ២កេស ទឹកក្រូច ៥កេស ថវិកា ៣០០,០០០រៀល ទៀតផង៕