មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន: រាជរដ្ឋាភិបាលមានបំណងប្រែក្លាយតំបន់អភិរក្សដែលមានស្រាប់ទៅជាតំបន់ទេសចរណ៍ធម្មជាតិ

btshotnews
ព្រះវិហារ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានបំណងប្រែក្លាយតំបន់អភិរក្ស ដែលបច្ចុប្បន្ននេះ ឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឆ្លើយតបនឹងកំណើនឡើងនៃវិស័យទេសចរណ៍ និងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងការដើរកម្សាន្ត។

លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងគ្រាដែលលោកដឹកនាំក្រុមអ្នកសារព័ត៌មាន ដើរទស្សនាគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ និងសហគមន៍អេកូទេសចរណ៍ នៅសហគមន៍ត្មាតប៉ើយ កាលពីរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ។

លោក នេត្រ ភក្ត្រា បានថ្លែងថា បច្ចុប្បន្ននេះ ទេសចរណ៍ក្នុងស្រុកមានកំណើនឡើងគួរឱ្យកត់សម្គាល់ដោយសារតែប្រជាពលរដ្ឋមានជីវភាព ធូរធារដោយសារតែកំណើនសេដ្ឋកិច្ចជាតិ និងសុខសន្តិភាពគ្របដណ្តប់ទូទាំងប្រទេស។

លោក នេត្រ ភក្ត្រា បានថ្លែងថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ សត្វព្រៃគ្រប់ប្រភេទ ក្រសួងបរិស្ថានបានរៀបចំគោលនយោបាយ និងផែនការសកម្មភាពលើការបង្កើតសេដ្ឋកិច្ចរបស់ សហគមន៍តំបន់ការពារធម្មជាតិដែលស្ថិតនៅក្នុងនិងជុំវិញតំបន់ការពារធម្មជាតិឱ្យមានជីវភាពធូរធារ។

លោកថា រាជរដ្ឋាភិបាលកម្ពុជា មានទិសដៅធ្វើយ៉ាងណាឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើ ដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយ របស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋានដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំកសិកម្ម និងដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្កា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្ត នៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋទៀតផង។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា ក្រៅពីសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាននៅពេលនេះ ធ្វើយ៉ាងណា យើងនាំគ្នាជួយជំរុញ និងបង្កើនការអភិវឌ្ឍសហគមន៍មូលដ្ឋាន។ ជាមួយគោលនយោបាយ ដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាសហគមន៍នឹងមានជីវភាពរីកចម្រើននាអនាគត។

ក្នុងនាមក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា សូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងរយៈពេលកន្លងមកក្រោមកិច្ចសហការ រវាងក្រសួងបរិស្ថាន និងអង្គការដៃគូពាក់ព័ន្ធនានាក្នុងកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះដែរ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការដៃគូនិងម្ចាស់ជំនួយជាពិសេស USAID ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការងារអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជា ឱ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយបន្តទៀត។

លោក កែន សេរីរដ្ឋា នាយកអង្គការសមាគមន៍ អភិរក្សសត្វព្រៃ (WCS) ប្រចាំនៅកម្ពុជា បានឱ្យដឹងថា គម្រោងស្រូវសត្វត្រយ៉ង បានបង្ហាញនូវគោលបំណងក្នុងការជំរុញ និងគាំទ្រសហគមន៍មូលដ្ឋាន ដើម្បីធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាព តាមការចង់បានរបស់ពួកគេ ជាមួយនឹងការសម្រេចបានគោលដៅអភិរក្សក្នុងពេលតែមួយ គឺមានសារៈសំខាន់ក្នុងការសម្រេចបានជោគជ័យ ក្នុងការងារអភិរក្ស ហើយវាក៏ជាបញ្ហាមួយលំបាក នៅក្នុងការងារអភិរក្សអន្តរជាតិ ក្នុងការរួមបញ្ចូលគោលបំណងទាំងពីរនេះ។

លោកបានថ្លែងបន្តថា នៅក្នុងប្រទេសកម្ពុជា គម្រោងស្រូវសត្វត្រយ៉ង បានអនុវត្តន៍ដោយអង្គការសមាគមន៍អភិរក្សសត្វព្រៃ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន បានធ្វើការងារជាមួយសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារអស់រយៈពេលជាង ១០ឆ្នាំ ដើម្បីអភិវឌ្ឍន៍កម្មវិធីលើកកម្ពស់ជីវភាព ដែលបានផ្សារភ្ជាប់ជាមួយការអភិរក្សដែលផលប្រយោជន៍ជាសាច់ប្រាក់សម្រាប់ប្រជាជនមូលដ្ឋាន។

លោកបានថ្លែងបន្ដថា កសិករនៅក្នុងតំបន់ដាច់ស្រយាលទាំងនោះ គឺនៅឆ្ងាយពីទីផ្សារ និងឱកាសសកម្មភាពសេដ្ឋកិច្ច នៅមានកម្រិត ហើយសកម្មភាពរបស់ពួកគេរួមទាំងការកាប់ព្រៃ សម្រាប់ផលិកម្មស្រូវរបស់ពួកគេអាចគម្រាម
គំហែងដល់ជីវិតសត្វព្រៃនៅក្នុងតំបន់ដូចជា៖
ត្រយ៉ងយក្ស ដែលជាសត្វស្លាបតំណាងឱ្យប្រទេសកម្ពុជា ហើយវាក៏ជាប្រភេទសត្វស្លាបកម្រ នៅក្នុងពិភពលោកផងដែរ។

លោក កែន សេរីរដ្ឋា បានថ្លែងលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ អង្គការសមាគមន៍អភិរក្សសត្វព្រៃបានបង្កើតអង្គការក្នុងស្រុកមួយឈ្មោះសន្សំម្លប់ព្រៃ (SMP) នៅក្នុងឆ្នាំ២០០៩ ដើម្បីផ្តល់ឱកាសដល់កសិករក្នុងការទទួលបាននូវតម្លៃបន្ថែមលើផលិតផលស្រូវរបស់ពួកគេដែលផលិតបាន តាមរយៈការប្តូរមកវិញនូវការអនុវត្ត ផលិតកម្មស្រូវមិត្តភាពសង្រ្គោះសត្វព្រៃ។ ការអនុវត្តទាំងនេះរួមមាន៖ ការមិនកាប់ទន្រ្ទាន និងពង្រីកដីខុសច្បាប់ គោរពគោលការណ៍មិនបរបាញ់បរិភោគ និងជួញដូរសត្វព្រៃ និងអនុវត្តន៍ ផលិតកម្មស្រូវតាមស្តង់ដារសរីរាង្គ។ សព្វថ្ងៃផលិតផលស្រូវសត្វ
ត្រយ៉ង ត្រូវបានគ្រប់គ្រង និងធ្វើអាជីវកម្មដោយក្រុមហ៊ុន Ibis Rice Conservati on Company (IRCC) កម្មសិទ្ធិដោយអង្គការសមាគមន៍អភិរក្សសត្វព្រៃ ដែលទទួលខុសត្រូវក្នុងការទិញ និងលក់ផលិតផលស្រូវសត្វ
ត្រយ៉ង។

លោក កែន សេរីរដ្ឋា បានបន្តថា ជាមួយគ្នានេះ អង្គការសន្សំម្លប់ព្រៃធ្វើការជាមួយកសិករ ក្នុងការគាំទ្រផ្នែកផលិតកម្ម ការផ្តល់ចំណេះដឹងទាក់ទងទៅនឹងសកម្មភាពមិត្តភាពសង្រ្គោះសត្វព្រៃ ការកសាងសមត្ថភាពក្រុមបណ្តាញទីផ្សារ ថ្នាក់ភូមិផ្សព្វផ្សាយពីសកម្មភាព និងអត្ថប្រយោជន៍របស់គម្រោងធានាថាកសិករ ដែលជាសមាជិករបស់គម្រោងយល់អំពីលក្ខន្តិកៈនៃការចូលរួមក្នុងគម្រោង និងការជូនដំណឹងអំពីដំណើរការតាមដានការអនុវត្តលក្ខន្តិកៈ។

ប្រធានសហគមន៍រូបនេះ បានបន្ថែមថា កម្មវិធីស្រូវសត្វត្រយ៉ង កំពុងរីកលូតលាស់យ៉ាងឆាប់រហ័សចាប់ផ្តើមពី ២ភូមិ រហូតដល់សព្វថ្ងៃកំពុងតែអនុវត្តន៍ក្នុង ១១ភូមិ នៅក្នុងតំបន់ការពារទេសភាពភាគខាងជើង ប្រទេសកម្ពុជា (តំបន់ការពារគូលែនព្រហ្មទេពឆែប និងព្រៃព្រះរការ) ៥ភូមិជាប់ជាមួយព្រំប្រទល់តំបន់ការពារសៀមប៉ាងភាគខាងលិច ៣ភូមិ នៅក្នុងតំបន់ការពារកែវសីមា និង ៣ភូមិ នៅក្នុងតំបន់ការពារព្រៃឡង់ស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្តស្ទឹងត្រែង។

នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ចំនួនកសិករដែលចូលរួមជាមួយ គម្រោងមានការកើនឡើងពី ៣៥គ្រួសារ រហូតដល់ ៧៥០គ្រួសារ បើតាមការរំពឹងទុក នៅក្នុងឆ្នាំ២០២០។ ការពង្រីកគម្រោងនេះត្រូវបានគាំទ្រដោយគម្រោងព្រៃឡង់បៃតង (USAID Greening Prey Lang) និងដៃគូរ
សហការជាមួយក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តព្រះវិហារ អង្គការសមាគមន៍ អភិរក្សសត្វព្រៃ អង្គការសន្សំម្លប់ព្រៃ និងសហគមន៍មូលដ្ឋានដែលស្ថិតនៅក្នុងតំបន់ការពារ។

លោក កែន សេរីរដ្ឋា បានបន្ថែមថា បរិមាណផលិតផលស្រូវសត្វត្រយ៉ង ដែលបានទិញពីកសិករ នៅក្នុងមូលដ្ឋានបានកើនឡើង ពី ៣៩តោន រហូតដល់ ១,២០០តោន នៅក្នុងឆ្នាំ២០១៩ ជាមួយនឹងការរំពឹងទុកសម្រាប់ឆ្នាំ២០២០ គឺ២,០០០តោន ប្រសិនបើមានភ្លៀងគ្រប់គ្រាន់។ ចំពោះផលិតផលស្រូវត្រយ៉ងទទួលបានវិញ្ញាបនបត្របញ្ជាក់ជាផលិតផលសរីរាង្គ និងមិត្តភាពសង្រ្គោះសត្វព្រៃ ហើយសព្វថ្ងៃត្រូវបាននាំចេញទៅកាន់ប្រទេសសិង្ហបុរី ហុងកុង អាល្លឺម៉ង់ កាណាដា និងសហរដ្ឋអាមេរិក ព្រមទាំងនាំចេញទៅប្រទេសអង់គ្លេស និងអូស្រ្តាលី នៅក្នុងឆ្នាំ២០២១៕