អាជ្ញាធរខេត្តព្រះវិហារ បានក្រេីនរំលឹកដល់កងកម្លាំងទាំង៣ រួមនឹងអាជ្ញាធរមូលដ្ឋានត្រូវបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរសមត្ថកិច្ច ខេត្តជាប់ព្រំដែនកម្ពុជា ត្រូវរួមគ្នាទប់ស្កាត់ នឹងបង្ក្រាបបទល្មេីសឆ្លងដែនខុសច្បាប់ !

btshotnews
ខេត្តព្រះវិហារ៖ ការថ្លែងដាស់តឿនរបស់លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ បានធ្វើនៅក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ក្នុងគ្រាដែលលោកអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតី ដោយបានធ្វេីឡេីងកាលពីថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២០ ម្សិលមិញនេះ ដោយមានការចូលរួមពី អភិបាលរងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ប្រធានសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំងបីរបស់ខេត្ត មេបញ្ជាការតាមបណ្តោយព្រំដែន ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ព្រមទាំងអធិការក្រុង និងស្រុក ថែមទៀតផង។

កិច្ចប្រជុំ របស់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ បានបើកឧិកាសដល់អភិបាលរងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត ប្រធានមន្ទីរបរិស្ថានខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ទីរនានាទៀត ព្រមទាំងអភិបាលក្រុង ស្រុក ដែលជាអាជ្ញាធរមូលដ្ឋាន បានបង្ហាញពីសកម្មភាពវិជ្ជមាន និងអវិជ្ជមាន ដែលបានអនុវត្តន៍នាពេលកន្លងមក និងបញ្ហាប្រឈមនានា ដែលដោះស្រាយមិនទាន់ចប់សព្វគ្រប់នៅឡើយ ជាពិសេស បញ្ហាដីធ្លីជាដើម។ល។

លោក ប្រាក់ សុវណ្ណ បានថ្លែង ដាស់តឿនក្រើនរំលឹក ដល់កងកម្លាំងសមត្ថកិច្ច
ទាំង៣ប្រភេទ មានកងកម្លាំងយោធា កងនគរបាលជាតិ និងកងរាជអាវុធហត្ថខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ រួមទាំងមន្ត្រីការពារព្រំដែន ត្រូវបន្តរួមគ្នារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈអោយបានល្អ រួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការកំណត់រោងសន្និធិលក់ចែកចាយ អនុផលព្រៃឈើ ដែលមានប្រភពពីដីព្រៃសម្បទាន ក្រោមរូបភាពជាច្រកចេញចូលតែមួយ ដើម្បីឲ្យប្រជាជនមានឈើប្រើប្រាស់ ដោយមិនចាំបាច់ដឹកជញ្ជូនឆ្ងាយពេក អោយបានម៉ឹងម៉ាត់ និងម៉ត់ចត់ថែមទៀត។

លោកអភិបាលខេត្ត បានថ្លែងជម្រុញអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង កុំឲ្យពួកគាត់ធ្វើដំណើរទៅកាន់ប្រទេសជិតខាង នៅក្នុងរយៈពេលនេះជាដាច់ខាត ជាពិសេស ត្រូវសហការគ្នាដាក់វិធានការទប់ស្កាត់ ការចេញ-ចូលឆ្លងដែនដោយខុសច្បាប់ តាមច្រករបៀងនានា នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ ដែលជាប្រទេសជិតខាង ហើយត្រូវខិតខំស្រាវជ្រាវ ស្វែងរក និងតាមចាប់ខ្លួនមេខ្យល់ ដែលចលនាអូសទាញប្រជាពលរដ្ឋខ្មែរ ឲ្យឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសជិតខាង តាមច្រករបៀងនានា នាំយកមកផ្តន្ទាទោសតាមច្បាប់។ អភិបាលក្រុង និងស្រុកទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រង និងចាត់ចែង ការងាររដ្ឋបាលក្រុង និងស្រុក ដែលថ្នាក់ជាតិ បានធ្វើប្រតិភូកម្មកន្លងមក អោយបានកាន់តែមានប្រសិទ្ធភាព ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពិសេស ត្រូវអនុវត្តន៍លិខិតលេខ ១៦២២ សជណ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ដែលមាន៥ចំណុចសំខាន់ៗ អោយខាងតែបានដាច់ខាត។

លោក ប្រាក់ សុវណ្ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ បានថ្លែងដាក់ចេញ នូវវិធានការយ៉ាងម៉ឹងម៉ាត់ ដល់សមត្ថកិច្ចពាក់ព័ន្ធ អភិបាលក្រុង និងស្រុក ត្រូវបន្តអនុវត្តន៍ អោយមានប្រសិទ្ធភាព លើការងារពង្រឹងកិច្ចសហប្រតិបត្តិការគ្នាល្អ រួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ ត្រូវបន្តទប់ស្កាត់ឲ្យបានម៉ឹងម៉ាត់ នូវបទល្មើសទន្រ្ទានដីព្រៃរដ្ឋ ដីព្រៃអភិរក្សធនធានធម្មជាតិ ព្រៃឈើ ពីសំណាក់ជនខិលខូច ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

លោកបានថ្លែងបន្តជម្រុញ អភិបាលក្រុង និងស្រុកទាំង៨ ព្រមទាំង គណៈកម្មការដោះស្រាយដីធ្លីថ្នាក់ក្រុង និងស្រុក ត្រូវពន្លឿនលើការដោះស្រាយបញ្ហាជម្លោះដីធ្លី យ៉ាងហោចអោយបាន២ករណី ក្នុងមួយសប្តាហ៍ ហើយប្រសិនបើក្នុងករណីដោះស្រាយមិនចេញ ត្រូវបញ្ជូនសំណុំរឿងដីធ្លីនោះ មកគណៈកម្មការដោះស្រាយទំនាស់ដីធ្លីថ្នាក់ខេត្ត ដោះស្រាយបន្ត ត្រូវបន្តផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ អោយចូលរួមគោរពរច្បាប់ចរាចរណ៍ផ្លូវគោក តាមរយះការរឹតបន្តឹង វិធានការដែលមានស្រាប់ និងក៏ត្រូវបន្តចុះផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជានៅក្នុងសហគមន៍ អោយមានការយល់ដឹង និងរួមគ្នាបង្ការ ទប់ស្កាត់ការឆ្លងជំងឺកូវី១៩ ទាំងអស់គ្នា។

លោកអភិបាលខេត្ត បានថ្លែងដាស់តឿន អភិបាលក្រុងព្រះវិហារ ត្រូវពិនិត្យលើបញ្ហាបរិស្ថាន និងការបំពាក់អំពូលភ្លើង នៅតាមសួនច្បារ និងទីសាធារណៈនានា នៅក្នុងក្រុងអោយបានល្អ ដើម្បីកែលំអរទីក្រុង អោមានសោភ័ណ្ឌភាពស្រស់បំព្រង សម្រាប់ការទាក់ទាញភ្នែកអ្នកទេសចរណ៍ ចូលមកទស្សនាខេត្តព្រះវិហារ មានចំណូលកាន់តែខ្ពស់ និងជួយកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ស្របតាមទស្សនវិស័យរបស់ រាជរដ្ឋាភិបាលកម្ពុជា ៕