អភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅឃុំក្រយា ស្រុកសន្ទុក

btshotnews
កំពង់ធំ : លោក សុខ លូ អភិបាលខេត្តកំពង់ធំបានជួបសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ និងជួយដោះស្រាយដីធ្លីដែលមានបញ្ហាជាមួយក្រុមហ៊ុន ដើម្បីឲ្យប្រជាពលរដ្ឋប្រកបមុខរបរកសិកម្មឡើងវិញ នាវេលាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩កំពុងតែសម្លាប់ប្រជាពលរដ្ឋជាច្រើននៅលើពិភពលោក។
ដូច្នេះយើងទាំងអស់គ្នាត្រូវតែចូលរួមចំណែកការពារឱ្យបានត្រឹមត្រូវតាមក្បួនអនាម័យ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកអភិបាលខេត្តបានថ្លែងបន្តថា លោកតែងតែគិតគូរយកចិត្តទុកដាក់ អំពី សុខទុក្ខប្រជាពលរដ្ឋ និងមិនទុកឱ្យប្រជាពលរដ្ឋរបស់យើង ណាម្នាក់អត់ស្បៀងស្លាប់នោះទេគឺត្រូវធ្វើយ៉ាង ណាជួយប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការភាព ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយអ្វីនោះឡើយ ជាពិសេស ត្រូវដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា។

លោក សុខ លូ ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ (ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត )ដើម្បីជៀសវាងពីជំងឺនានា ជាពិសេស ត្រូវរួមគ្នាទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។ គោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា កាត់បន្ថយការគ្រោះថ្នាក់ដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ។ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបានបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។
ជាចុងក្រោយ លោក សុខ លូ ក៏បានប្រគល់ប្លង់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការរបស់ពួកគាត់ផងដែរ៕