មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានចាត់ទុកអតីតយុទ្ធជន គឺជាអ្នកមានគុណដ៏ធំធេង នៅក្នុងកិច្ចការពារបូរណភាពទឹកដី !

btshotnews
ខេត្តព្រះវិហារ៖ លោក ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ ចុះជួយសាងសង់ផ្ទះមួយខ្នង ជូននិវត្តជនមួយគ្រួសារ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាវេលាព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០នេះ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានថ្លែងថា ផ្ទះមួយខ្នងដែលបាន និងកំពុងសាងសង់ថ្មីនៅពេលនេះ គឺមានទំហំ៤ម៉ែត្រ គុណ ៦ម៉ែត្រកន្លះ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី បានចំណាយថវិកាអស់ ៩លាន ២សែន ៥ម៉ឺនរៀល ព្រមទាំងបានឧបត្ថម្ភអង្ករ២បេ ស្មើនឹង៥០គីឡូក្រាម រួមជាមួយថវិកា ២០ម៉ឺនរៀល ថែមទៀត ត្រូវបានប្រគល់ជូន ឈ្មោះ គង់ ថា ភេទប្រុស អាយុ៥១ឆ្នាំ ជានិវត្តជន រស់នៅភូមិត្បែង ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

លោកថា ថវិកាដែលបានចំណាយលើការសាងសង់ផ្ទះ ការឧបត្ថម្ភអង្ករ និងថវិកាខាងលើនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា។

លោកឧត្តមសេនីយ៍ទោមេបញ្ជាការ បានថ្លែងពាំនាំប្រសាសន៍ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមន៍ ដោយសម្តេចបានក្រើនរំលឹក ពីសម័យអតីតកាលថា អតីតយុទ្ធជនទាំងអស់ គឺបានបូជាសាច់ស្រស់ ឈាមស្រស់ នៅក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ហើយបានធ្វើអោយទឹកដីស្ថិតនៅគង់វង្ស និងបានធ្វើអោយប្រទេសជាតិ ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន រហូតមកទល់គ្រាបច្ចុប្បន្ន ក៏ដោយអតីតយុទ្ធជនទាំងអស់ បានយកអាយុជីវិតធ្វើជាដើមទុន ក្នុងការតស៊ូការពារទឹកដី ធ្វើអោយអ្នកខ្លះបានធ្លាក់ខ្លួនពិការដៃ ពិការជើង បាត់កាយសម្បទា និងបានបាត់ជីវិត នៅក្នុងភ្នក់ភ្លើងសង្គ្រាម កាលពីអតីតកាលនោះ។

ហេតុយ៉ាងដូច្នេះហើយ ទើបសម្តេចបានបង្កើតសមាគមន៍នេះឡើង ដើម្បីប្រមែប្រមូលអតីតយុទ្ធជនទាំងអស់ ដើម្បីចង់ដឹងពីសុខទុក្ខ និងផ្គត់ផ្គង់ក្នុងការរស់នៅ តាមរយះការផ្តល់ដី ផ្តល់ផ្ទះ ឧបត្ថម្ភគ្រឿងបរិភោគ និងថវិកា សម្រាប់ជួយទ្រទ្រង់ជីវិត និងគ្រួសារ រស់នៅមានជីវភាពស្មើមុខស្មើមាត់ និងរស់នៅមានសិទ្ធិសេរីភាព ដូចប្រជាពលរដ្ឋ ឯទៀត អញ្ចឹងដែរ។

លោកមេបញ្ជាការ បានថ្លែងផ្តាំផ្ញើដល់ជនពិការ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ សូមខិតខំថែរក្សាសុខភាពអោយបានល្អ ត្រូវបង្កើនការអនាម័យអោយបានស្អាតជានិច្ច ទៅតាមអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងអនុវត្តន៍អោយបានជាប្រចាំ ទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា។

សូមជម្រាបថា ផ្ទះដែលបានសាងសង់ជូនគ្រួសារអតីតយុទ្ធជន របស់សមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ រហូតមកទល់នឹងពេលនេះ គឺជាផ្ទះខ្នងទី៦៥ហើយ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រីកម្ពុជា សង់ជូនអតីតយុទ្ធជនកម្ពុជា៕