ប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បាននាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅក្នុងវត្តឧត្ដមមុនី

btshotnews
ខេត្តព្រះវិហារ៖ លោក ប្រាក់ សុវណ្ណអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ រួមជាមួយ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ដែលមានការចូលរួមពី លោក ស្រីអភិបាលរងខេត្ត អនុប្រធានកិត្តិយសសាខា សមាជិក សមាជិកា គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បាននាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យ មកប្រគេនព្រះសង្ឃ គង់នៅក្នុងវត្តឧត្តមមុនី ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ នារសៀលថ្ងៃទី១៣មិថុនាឆ្នាំ២០២០នេះ។

លោក ប្រាក់ សុវណ្ណ បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងសាខាកាកបាទក្រហមខេត្តព្រះវិហារ សូមក្រាបបង្គំ ថ្វាយព្រះពរ ដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឧិកាសចម្រើនព្រះជន្មគម្រប់៨៤ យាងចូល ៨៥ ព្រះវស្សា នាថ្ងៃទី១៨មិថុនាឆ្នាំ២០២០ ខាងមុខនេះ ។

លោក ប្រាក់ សុវណ្ណ បានបួងសួងគុណបុណ្យព្រះរតនៈត្រ័យ បារមីថែរក្សាព្រះមហាស្វេតឆ័ត្រ និងវត្ថុសក្តិសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គ មានព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួត របស់ព្រះអង្គ ជាដរាបរៀងទៅ។

លោកអភិបាលខេត្ត បានផ្តែផ្តាំដល់ព្រះសង្ឃគ្រប់អង្គ និងយាយជី តាជី នៅក្នុងវត្តឧត្តមមុនី សូមថែរក្សាព្រះកាយ និងសុខភាពអោយបានល្អ តាមរយះការចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយគ្រាន់តែអនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ត្រូវឆាន់ឆង្ហាន់ និងពិសារអាហារឆ្អិនល្អ ត្រូវលាងសម្អាតដៃអោយបានញឹកញាប់ ជាមួយសាប៊ូ អាល់កុល ឬ ទឹកជែល និងត្រូវសម្អាតទីអារ៉ាមអោយបានស្អាតជាប់ជានិច្ច ព្រោះថា នៅគ្រាបច្ចុប្បន្ននេះ ជំងឺកូវីដ១៩ មិនទាន់បានថមថយនៅឡើយទេ ហើយមានអ្នកឆ្លងជំងឺ COVID-19 នៅលើលោកកើនដល់ជាង ៧.៤លាននាក់ អ្នកស្លាប់ជិត ៤២ម៉ឺននាក់ និងជាសះស្បើយជាង ៣.៧លាននាក់ ។

ដោយឡែក ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២៦ករណី និងជាសះស្បើយ ១២៥នាក់ នៅសល់តែម្នាក់ទៀត ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល។ លោកថា បើទោះបីកម្ពុជា មានអ្នកកើតជំងឺកូវីដ១៩ បានថយមកនូវកម្រិតទាបបំផុត យ៉ាងនេះក្តី ក៏យើងត្រូវតែរួមគ្នាបង្ការ ទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ កុំអោយកើតមានជាលើកទី២ ជាដាច់ខាត។ ដូច្នេះ សូមព្រះតេជ្ជគណគ្រប់ព្រះអង្គ និងលោកតា លោកយាយ មេត្តាបង្កើនការអនាម័យអោយបានជាប់ជាប្រចាំ ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា។

បន្ទាប់មក ថ្នាក់ដឹកនាំខេត្ត បានប្រគេនទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃ នូវ អង្ករ ២០០ គីឡូក្រាម មី១កេស ត្រីខកំប៉ុង៥យួរ ទឹកស៊ីអីវ៤យួរ ទឹកក្រូច៥កេស ទឹកបរិសុទ្ធ ៥កេស និងបច្ច័យប្រគេនព្រះសង្ឃ ៧អង្គ ក្នុង១អង្គ នូវទឹកប្រាក់ ៥ម៉ឺនរៀល និងជូនយាយជី តាជី ១៧នាក់ ក្នុងម្នាក់ៗទទួលបាន ២ម៉ឺនរៀលទៀតផង៕