ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែនឬស្សីត្រឹប នឹងប្រែក្លាយជាឧទ្យានទេសចរណ៍ និងកន្លែងផលិតផលដ៏ធំមួយនៅប្រទេសកម្ពុជា

btshotnews
ព្រះវិហារ៖ រាជបណ្ឌិត្យសភាកម្ពុជា នឹងអភិរក្ស និងអភិវឌ្ឍន៍ប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ជាឧទ្យានទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងកន្លែងផលិតផលដ៏ធំមួយ នៅប្រទេសកម្ពុជា។ នេះជាការថ្លែងលើកឡើងរបស់លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគ្រាដែលចូលរួមពិធីដាំកូនឈើ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ក្រោមប្រធានបទ «ដាំដើមឈើម្នាក់មួយដើមបន្តដង្ហើមផែនដី» នៅវេលាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ ។
នៅចំពោះមុខថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំខេត្តព្រះវិហារនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជាដែលបានទៅធ្វើទស្សនកិច្ចសិក្សា និងបានចូលរួមដាំកូនឈើ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹបជាង២៥០នាក់ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងថា រាជបណ្ឌិត្យសភាកម្ពុជា មិនត្រឹមតែជាទីកន្លែងបណ្តុះបណ្តាលលើទ្រឹស្តី ប៉ុណ្ណោះទេ ស្ថាប័ននេះ គឺជាទីកន្លែងសិក្សាស្រាវជ្រាវ និងបង្ហាញសមិទ្ធផលស្នាដៃការងារជាក់ស្តែងដោយចងភ្ជាប់ជាមួយនឹងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា៖ «រាជបណ្ឌិត្យសភាកម្ពុជាទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ»។
ជាទីតាំងអភិរក្ស អភិវឌ្ឍន៍ និងអនុវត្តន៍ទ្រឹស្តីផ្ទាល់ជាក់ស្តែង បណ្ឌិតសភាចារ្យ បានលើកឡើងថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប បាននិងកំពុងអនុវត្តន៍គម្រោងមួយចំនួនក្នុងនោះ រួមមាន៖ គម្រោងចិញ្ចឹមគោទឹកដោះ, គម្រោងបណ្ដុះ និងដាំកូនឈើក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប, គម្រោងចិញ្ចឹមពពែ និងគម្រោងស្រាវជ្រាវ គាំពារ និងអភិរក្សធនធានធម្មជាតិនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ដើម្បីស្តារគម្របព្រៃឈើរួមចំណែកទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងបញ្ជាក់បន្ថែមថា នៅថ្ងៃអនាគត រាជបណ្ឌិត្យសភាកម្ពុជានឹងអភិរក្ស និងអភិវឌ្ឍប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សី ទៅជាទីកន្លែងចំនួន៤ រួមមានទី១. ជាទីកន្លែងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ, ទី២. ជាទីកន្លែងអភិរក្សព្រៃឈើបរិស្ថានធម្មជាតិ, ទី៣. ជាកន្លែងជំរកសត្វគ្រប់ប្រភេទ, ទី៤. ជាកន្លែងផលិតផលិតផលមួយ នៅកម្ពុជា និង៥. ជាកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈជូនប្រជាជន ពិសេសគឺប្រជាជនដែលរស់នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។
ទន្ទឹមនឹងនេះដែរ លោកបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានស្នើឱ្យសុំអាជ្ញាធរពាក់ព័ន្ធ និងប្រជាជនមូលដ្ឋានចូលរួមទប់ស្កាត់ការកាប់បំផ្លាញគម្រប់ព្រៃឈើធម្មជាតិក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។ លោកបានបញ្ជាក់ថា ប្រសិនបើយើងកាប់បំផ្លាញព្រៃឈើពេលនេះ យើងទទួលបានផលប្រយោជន៍ក្នុងរយៈពេលខ្លី ប៉ុន្តែប្រសិនបើយើងចូលរួមរក្សាការងារគម្រប់ព្រៃឈើ ធម្មជាតិទាំងអស់គ្នា យើងនឹងទទួលផលប្រយោជន៍យូរអង្វែងរហូតដល់កូនចៅបន្តវេនថែមទៀត។
សូមជម្រាបថា ឧទ្យានរាជបណ្ឌិត្យសភាបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុង ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យាននេះមានតំបន់ជីវចម្រុះ និងមានសក្តានុពលជាច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃ កេរ្តិ៍ដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុ ដែលអាចបម្រើឱ្យមុខងារក្នុងវិស័យបរិស្ថាន ព្រៃឈើ វប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍ច្រើនយ៉ាងទៀតផង៕