អភិបាលខេត្តព្រះវិហារ បន្តដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយច្រេីនឆ្នាំកន្លងមកនេះ ត្រូវបានបិទបញ្ចប់ ដោយប្រជាពលរដ្ឋចំណាកស្រុកជិត៦០០គ្រួសារ ព្រមទទួលយកដីសម្បទានពីរហិចតា តាមគោលការណ៍របស់រាជរដ្ឋាភិបាលផ្ដល់ជូន !

btshotnews
ខេត្តព្រះវិហារ៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក្រោយចូលកាន់តំណែង ជាគណៈអភិបាលខេត្តជាង ១១ខែកន្លងមក រហូតមកដល់បច្ចុប្បន្ន ត្រូវគេកត់សម្គាល់ឃើញថា បានអនុវត្តន៍តាមគោលការណ៍របស់ រាជរដ្ឋាភិបាល យ៉ាងខ្ជាប់ខ្ជួន ហើយលោកបានដាក់ចេញ នូវវិធានការយ៉ាងតឹងរឹង និងម៉ឺងម៉ាត់បំផុត ដល់មន្ត្រីដឹកនាំក្រោមឧិវាទ ជាពិសេស កងកម្លាំងដែលជាមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដែលកើតមាននៅក្នុងរង្វង់ដែនដីរដ្ឋបាលខេត្ត តួរយ៉ាងដូចជាការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ធនធានរ៉ែ ការកាប់រុករានទន្ទ្រានដីរដ្ឋជាកម្មសិទ្ធ ដោយខុសច្បាប់ និងការដោះស្រាយបញ្ចប់វិបត្តិដីធ្លី ជូនប្រជាពលរដ្ឋ ជាដើម។ល។

ប្រជាពលរដ្ឋចំណាកស្រុក ដែលបានចូលមកកាប់រុករាន ទន្ទ្រានដីព្រៃរដ្ឋជាកម្មសិទ្ធ ដោយខុសច្បាប់ និងតែងបានរងនូវការកើតជម្លោះ រវាងមន្ត្រីជំនាញ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាល បានផ្តល់ជូនក្រុមហ៊ុនឯកជន វិនិយោគលើដំណាំកសិកម្ម និងដំណាំកសិឧស្សាហកម្មនោះ នៅថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២០ ប្រជាពលរដ្ឋ ៥៤៦គ្រួសារ បន្ថែមទៀត បានទទួលយកការសម្របសម្រួល និងដោះស្រាយដីជូន ២ហិចតាក្នុង១គ្រួសារ ពីរាជរដ្ឋាភិបាល តាមរយះអភិបាលខេត្តព្រះវិហារ។ ប៉ុន្តែ នៅមានប្រជាពលរដ្ឋ មួយក្រុមតូច ប៉ុណ្ណោះ ដែលជឿតាមការអូសទាញរបស់មេខ្យល់ បានបដិសេធន៍មិនទទួលយក ហើយនាំគ្នាឡើងទៅតវ៉ា នៅរាជធានីភ្នំពេញ។

លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី១៧ខែមិថុនានេះថា ក្រោមការបញ្ជាពី លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត នាពេលថ្មីៗកន្លងមកនេះ លោកបានដឹកនាំមន្ត្រីជំនាញ ចុះសម្របសម្រួលប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ដែលមានជម្លោះជាមួយក្រុមហ៊ុនមេត្រីភាព ហើយជម្លោះនេះបានអូសបន្លាយនាច្រើនឆ្នាំកន្លងមកហើយ ក៏ប៉ុន្តែ នៅថ្ងៃទី១៦ខែមិថុនាម្សិលមិញនេះ រូបលោក រួមជាមួយ លោក អ៊ុង វុទ្ធី អភិបាលរងខេត្ត បានការអនុញ្ញាតពី លោក ប្រាក់ សុវណ្ណ អភិបាលខេត្តបានចុះទៅសាលាស្រុកត្រពាំងប្រាសាទ រីឯ
លោកអ៊ុង វុទ្ធី បានចុះទៅទីតាំងដី នៅក្រុមហ៊ុនមេត្រីភាព ដើម្បីដោះស្រាយវិបត្តិដីធ្លីនេះ អោយបានចប់សព្វគ្រប់។

លោក ស៊ូ សិរី បានបន្តថា ក្រោមកិច្ចសម្របសម្រួលនេះ ប្រជាពលរដ្ឋ ចំនួន ៥៤៦គ្រួសារ ដែលភាគច្រើនពួកគាត់រស់នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលបានចូលមកទន្ទ្រានដីព្រៃ នៃដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដីក្រុមហ៊ុនមេត្រីភាព នាពេលកន្លងមកនោះ នៅពេលនេះពួកគាត់ទាំង ៥៤៦គ្រួសារ បានយល់ព្រមទទួលយកដី២ហិចតា ក្នុង១គ្រួសារ ទៅតាមគោលការណ៍របស់ រាជរដ្ឋាភិបាល តាមរយះអាជ្ញាធរខេត្តព្រះវិហារ នោះហើយ។ លោកបានបញ្ជាក់ថា ដីសម្បទានសង្គមកិច្ច ដែលផ្តល់ជូនដោយ រាជរដ្ឋាភិបាល តាមរយះអាជ្ញាធរខេត្ត ជូនប្រជាពលរដ្ឋទាំង ៥៤៦គ្រួសារនៅក្នុងពេលនេះ នឹងតម្រូវអោយប្រជាពលរដ្ឋ ចូលមកបំពេញបែបបទ ដើម្បីទទួលបានដីពីការកាន់កាប់ខុសច្បាប់ មកជាដីស្របច្បាប់ នៅក្នុងរយះពេល១ខែ ហើយពួកគាត់នឹងទទួលបានបណ្ណកម្មសិទ្ធិ និងរស់នៅបង្កបង្កើនផល ដោយគ្មានការភ័យខ្លាច និងមានសិទ្ធគ្រប់បែបយ៉ាង នៅ៥ឆ្នាំ ក្រោយការបង្កបង្កើនផល នៅលើផ្ទៃដី ២ហិចតា នោះយ៉ាងពិតប្រាកដ។

សូមជម្រាបថា នៅច្រើនថ្ងៃកន្លងមកនេះ មានប្រជាពលរដ្ឋមួយក្រុមតូច ដែលមិនព្រមទទួលយកដី២ហិចតា តាមការបែងចែករបស់ អាជ្ញាធរខេត្តព្រះវិហារ បាននាំគ្នាទៅតវ៉ានៅរាជធានីភ្នំពេញ ប៉ុន្តែ ការតវ៉ានោះមិនបានសម្រេចបំណងនោះទេ។ រីឯ អាជ្ញាធរខេត្ត បានព្យាយាមសម្របសម្រួលជារហូតមក និងនៅខណៈនេះ ប្រជាពលរដ្ឋទាំងនោះ បានងាកមកទទួលយកដី២ហិចតា តាមការដោះស្រាយជូនពី ថ្នាក់ដឹកនាំខេត្តព្រះវិហារ។

គួររំលឹកថា អភិបាលខេត្តព្រះវិហារ នៅក្នុងរយះពេលពីរខែកន្លងមកនេះ គឺខែឧសភា និងខែមិថុនាឆ្នាំ២០២០ បានធ្វើការបែងចែកដីកសិកម្ម ជូនប្រជាពលរដ្ឋចំណាកស្រុក បានចំនួន ៣០៨គ្រួសាររួចមកហើយ ដែលស្មើនឹងផ្ទៃដី ៦១៦ហិចតា នៃប្រជាពលរដ្ឋសរុប
១០៤៥គ្រួសារ ដែលមានផ្ទៃដីសរុប ៥ពាន់ហិចតា ជាផ្ទៃដីសម្បទានសង្គមកិច្ច ដែលរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ កាត់ចេញពីផ្ទៃដីដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ស្ថិតក្នុងភូមិសាស្ត្រ ឃុំយាង និងឃុំកន្ទួត ស្រុកជាំក្សាន្ត។

ការបែងចែកដីជូនប្រជាពលរដ្ឋ ទាំង៣០៨គ្រួសារនោះ បានធ្វើឡើងពីរដំណាក់កាល ទី១-ធ្វើនៅថ្ងៃទី២០ខែឧសភាឆ្នាំ២០២០ ផ្តល់ជូនប្រជាពលរដ្ឋ ៩៩គ្រួសារ លើទំហំផ្ទៃដី ១៩៨ ហិចតា។ ទី២-ធ្វើនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០២០ ផ្តល់ជូនប្រជាពលរដ្ឋ ២០៩គ្រួសារ លើទំហំផ្ទៃដី ៤១៨ ហិចតា និងនៅថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២០ ប្រជាពលរដ្ឋ ៥៤៦គ្រួសារទៀត ដែលមានជម្លោះជាមួយ ក្រុមហ៊ុនមេត្រីភាព បានយល់ព្រមទទួលយកដី២ហិចតា ក្នុង១គ្រួសារ ទៅតាមគោលការណ៍ របស់រាជរដ្ឋាភិបាល តាមរយះអភិបាលខេត្តព្រះវិហារ នោះហើយ៕