ជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន រួមនឹងគ្រឿងញៀនជាង៣១គីឡូក្រាម នៅរាជធានីភ្នំពេញ

btshotnews
ភ្នំពេញ៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន (ក១០) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន នៅចំណុចផ្ទះលេខ៥៧E1 ផ្លូវព្រះស៊ីសុវត្តិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

មន្ត្រីជាន់ខ្ពស់នគរបាលមន្ទីរគ្រឿងញៀន បានឲ្យដឹងនៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២០នេះថា ប្រតិបត្ដិការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនោះ ដោយកម្លាំងជំនាញ នៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន (ក១០) បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ NGUYEN NGOC QUI ភេទប្រុស ជនជាតិវៀតណាម កាន់អត្តសញ្ញាណប័ណ្ណ (វៀតណាម) លេខ 351862299។

សមត្ថកិច្ច ចាប់យកសារធាតុញៀន សរុបទម្ងន់៣១,៧០៥.០៦ក្រាម រួមមាន កេតាមីនរាវ (Ketamine) ៣០០០ដប ស្មើទម្ងន់៣១,៦៥០ក្រាម, កេតាមីន (Ketamine) ទម្ងន់៤.៤៨ក្រាម, អ៊ិចស្តាស៊ី (MDMA) ស្មើទម្ងន់៣៣.២៨ក្រាម, មេតំហ្វេតាមីន (ICE) ស្មើទម្ងន់៤.០៩ក្រាម, មេតំហ្វេតាមីន (គ្រាប់) ទម្ងន់១៣.២១ក្រាម និងចាប់យកសម្ភាររថយន្ត១គ្រឿង ទូរស័ព្ទដៃ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដេីម្បីចាត់ការ តាមនីតិវិធី៕