មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានដាស់តឿនដល់កងទ័ពប្រចាំព្រំដែន កម្ពុជា-ថៃទាំងអស់ ត្រូវបង្កេីនស្មារតីប្រុងប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួន ក្នុងកិច្ចការរក្សាសន្តិសុខ និងការពារខ័ណ្ឌសីម៉ាកម្ពុជា !

btshotnews
ខេត្តព្រះវិហារ៖ ការថ្លែងដាស់តឿនរបស់ លោកឧតហដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានធ្វើឡើងកាលពីរសៀល ថ្ងៃទី១៧ មិថុនា ឆ្នាំ២០២០ ម្សិលមិញនះ ក្នុងគ្រាដែលលោកឧត្តមសេនីយ៍ ទោ បានដឹកនាំមន្ត្រីយោធារបស់អង្គភាពសឹករងខេត្ត ចុះទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីពិនិត្យពីស្ថានភាពជីវភាពរស់នៅ ពិនិត្យលេណដ្ឋាន និងភូមិសាស្ត្រឈរជើងរបស់កងទ័ព នៅតំបន់អានសេះជាប់ព្រំដែនថៃ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានថ្លែង ប្រាប់នាយទាហាន និងពលទាហានទាំងអស់ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ថា បើទោះបីជាស្ថានភាពព្រំដែន មានលក្ខណៈស្ងប់ស្ងាត់ល្អប្រសើរយ៉ាងណាក៏ដោយ កងទ័ពទាំងអស់ត្រូវតែឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច មិនត្រូវធ្វេសប្រហែស ជាដាច់ខាត ហើយត្រូវចេញល្បាតនៅក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរបស់អង្គភាពនីមួយៗ ឲ្យបានជាប់ជាប្រចាំ ត្រូវតាមដាន និងក្តាប់ឲ្យបាន រាល់សកម្មភាព និងសភាពការណ៍ ដែលបានកើតឡើង នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន នៃដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង និងទទួលខុសត្រូវ។

លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ បានប្រាប់កងទ័ពប្រចាំព្រំដែនទៀតថា ក្រៅពីកិច្ចការយាមល្បាត ក្តាប់សភាពការណ៍ព្រំដែន នាយទាហាន និងពលទាហាន ក៏ត្រូវរួមគ្នាពិនិត្យ និងកែលំអរលេណដ្ឋានឈរជើង ដែលជាមូលដ្ឋានត្រៀមប្រយុទ្ធនេះ ឲ្យបានកាន់ល្អថែមទៀត ដើម្បីងាយស្រួលក្នុងការចល័តកម្លាំង នៅពេលមានសភាពការណ៍កើតឡើង ត្រូវដុះខាត់អាវុធយុទ្ធភ័ណ្ឌគ្រប់ប្រភេទ និងត្រូវចេះគ្រប់គ្រងគ្រឿងបរិក្ខាយោធា ជាពិសេសបំផុតនោះ ត្រូវចេះសាមគ្គីភាពគ្នា និងមានឯកភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរ។ លោកបានបន្តថា ក្រៅពីកិច្ចការងារការពារជាតិ នាយទាហាន និងពលទាហានទាំងអស់ ត្រូវខិតខំកសាងអង្គភាព ការដាំដុះដំណាំរួមផ្សំផ្សេងៗ និងការចិញ្ចឹមសត្វ ដើម្បីជួយទ្រទ្រង់ និងផ្គត់ផ្គង់ជីវភាពកងទ័ព នៅក្នុងអង្គភាព ស្របតាមទស្សនៈវិស័យរបស់ ក្រសួងការពារជាតិកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានក្រើនរំលឹកដល់នាយទាហាន និងពលទាហានព្រំដែនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងការថែរក្សាសុខភាព ត្រូវរួមគ្នាបង្ការ ទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចប្រមុខដឹកនាំរាជរដ្ឋាភិបាល និងអនុវត្តន៍ឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ ក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត ឲ្យបានខ្ជាប់ខ្ជួន ដើម្បីគេចផុតពីការឆ្លងជំងឺកូវី១៩ ទាំងអស់គ្នា។ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ បានឧបត្ថម្ភថវិកា ជូនដល់អង្គភាពវរសេនាតូចលេខ២ ចំនួន ២លាន៦សែន ៥ម៉ឺនរៀល ទុកសម្រាប់កសាងអង្គភាពផងដែរ។

ស្របពេលជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោមេបញ្ជាការ បានបន្តចុះសួរសុខទុក្ខ មេបញ្ជាការរង គ១ នៃវរសេនាតូចលេខ២ គឺលោកព្រិន្ទបាលឯក ស៊ុន គ្រៀល ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតក្នុងតំបន់ព្រំដែននោះ និងលោកបានឧបត្ថម្ភថវិកា ២០ម៉ឺនរៀល អង្ករ២បេ ទឹកបរិសុទ្ធ ១កេស ទឹកដោះគោឆៅ ២យួរ និងស្ករសរ ១គីឡូក្រាម ទុកដោះស្រាយក្នុងជីវភាពគ្រួសារ គ្រាកំពុងជួបការលំបាកទៀតផង៕