អាជ្ញាធរ និងមន្រ្តីបរិស្ថានចុះបង្ក្រាបការកាប់រុករានទន្រ្តានដីពរៃរដ្ឋធ្វេីកម្មសិទ្ធិ នៅស្រុករវៀង ខេត្តព្រះវិហារ

btshotnews
ព្រះវិហារ៖ ដីព្រៃរបស់រដ្ឋជាច្រើនហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃបឹងពែរ ក្នុងឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានប្រជាពលរដ្ឋលួចកាប់ទន្រ្ទាន យកធ្វើជាកម្មសិទ្ធិ ក្នុងគោលបំណងដាំដំណាំកសិកម្មផ្សេងៗ ត្រូវបានក្រុមការងារចម្រុះចុះបង្រ្កាប ធ្វើឲ្យក្រុមជនឈ្លៀតឱកាសគេចខ្លួន បន្សល់ទុកនូវសម្ភារជាច្រើននៅនឹងកន្លែង។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ ដឹកនាំដោយលោក ហោ ប៊ុនហួរ អភិបាលរងរវៀង និងលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ និងមានការចូលរួម ពីសមត្ថកិច្ចចម្រុះជាច្រើនស្ថាប័នទៀតផង។

លោក ហ៊ ប៊ុនហួរ បានថ្លែងប្រាប់ឲ្យដឹង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះថា ការចុះពិនិត្យ និងបង្រ្កាបករណីកាប់ទន្ទ្រានដីព្រៃ របស់រដ្ឋធ្វើជាកម្មសិទ្ធិនេះ គឺបន្ទាប់ពីលោកទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ទើបលោកសហការជាមួយមន្ទីរបរិស្ថានខេត្តព្រះវិហារ ដឹកនាំសមត្ថកិច្ច ចុះទៅដល់ទីតាំងខាងលើ ជាក់ស្តែងតែម្តង។

លោកអភិបាលស្រុករវៀង បានថ្លែងបន្តថា បន្ទាប់ពីចុះដល់កន្លែងទីតាំងខាងលើ អ្វីដែលលោកមើលឃើញជាក់ស្តែង គឺដីត្រូវបានកាប់វាលជាច្រើនហិកតា មានសង់រោង និងឃើញមានកូនស្វាយចន្ទី ស្វាយកែវរមៀត និងដំណាំជាច្រើន ដើមទុកត្រៀមសម្រាប់ដាំទៀតផង។ លោកថា ចំពោះជនដែលបានប្រព្រឹត្ដបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ទន្ទឹមនឹងនេះដែរ លោកអភិបាលស្រុកថា នឹងស៊ើបអង្កេតរកម្ចាស់ និងមេក្លោងនៅពីក្រោយ ដើម្បីចាត់ការតាមនិតិវិធី។ ហើយលោកក៏បាន អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបញ្ឈប់សកម្មភាពការកាប់រុករានទន្រ្តានដីព្រៃ របស់រដ្ឋធ្វើជាកម្មសិទ្ធ ដែលជាអំពើខុសច្បាប់ ដែលនាំឲ្យមានទោសដល់ខ្លួន៕