ក្រុមមនុស្សជិត១០នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនពីបទពាក់ព័ន្ធលេងល្បែងស៊ីសង នៅស្រុកសន្ទុក ខេត្តកំពង់ធំ

btshotnews
កំពង់ធំ៖ លោក សាយ វាសនា ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ បានដឹកនាំមន្ត្រីកងរាជអាវុធហត្ថ១២នាក់ ចុះបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់ និងឃាត់ខ្លួនមនុស្សប្រុសស្រី៨នាក់ ស្ថិតនៅភូមិថ្មសំលៀង ឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក សាយ វាសនា បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះថា កិច្ចសហប្រតិបត្តិការបង្ក្រាបបនល្បែងស៊ីសងនេះត្រូវបានទទួលបញ្ជារពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។ ការចុះប្រតិបត្តិការេនះ បានធ្វើឡើងក្រោយពីទទួលបានការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានរាយការណ៍ទៅសមត្ថកិច្ចបង្ក្រាបបនល្បែងស៊ីសង នៅក្នុងមូលដ្ឋានដែលកំពុងតែបង្វក់ស្មារតីឲ្យស្រ្តីមេផ្ទះក្លាយជាស្ត្រីនៅក្នុងវង់បនល្បែង។

សូមបញ្ជាក់ថា សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដកហូតបៀ៣ហ៊ូ, ក្រដាសឆ្នោតឡូតូ១០សន្លឹក និងម៉ូតូ៤គ្រឿង។ ចំពោះវត្ថុតាងត្រូវបាននាំយកទៅរក្សាទុក នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំណែកមនុស្ស ត្រូវបានអប់រំណែនាំហើយឲ្យទៅផ្ទះវិញ។

មហាជន បានសំដែងនូវការសាទរចំពោះការអនុវត្តន៍ច្បាប់ របស់ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បង្ក្រាបនៅល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ក្នុងខេត្តកំពង់ធំ ដើម្បីអនុវត្តន៍នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាល និងការពារបទល្មើសចោរលួចចោរប្លន់ ដែលកើតឡើង ពីល្បែងស៊ីសង៕