ឈេីប្រណិតជាច្រេីន ត្រូវបានសមត្ថកិច្ចរកឃេីញនឹងរឹបអូស ក្រោយឈ្មួញយកទៅលាក់ទុក នៅក្នុងទឹកស្រះ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

btshotnews
ស្ទឹងត្រែង៖ កម្លាំងសមត្ថកិច្ចចម្រុះ ក្នុងស្រុកបូរីអូរស្វាយសែនជ័យ បានចុះរុករកឈើជាច្រើនសន្លឹក ដែលឈ្មួញយកមកទំលាក់ទុក ក្នុងទឹកស្រះមួយកន្លែង ជាប់នឹងផ្លូវជាតិលេខ៧ ក្នុងភូមិឧបសម្ព័ន្ធ (ឬទ្ធីសែនជ័យ២) ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

មន្រ្តីរដ្ឋបាលព្រៃឈើ បានប្រាប់ភ្នាក់ងារព័ត៌មានប្រចាំខេត្តស្ទឹងត្រែងនាវេលាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះថា ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត, កម្លាំងសមត្ថកិច្ចចំរុះបានចុះប្រតិបត្តិការស្រាវជ្រាវ រុករកវត្ថុតាងបទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រខាងលើ និងបានប្រទះឃើញឈើជាច្រើនសន្លឹក ប្រភេទឈើលេខ១(ផ្ចឹក)ចំនួន១៤៤សន្លឹក ស្មើនឹង៨,៨១៨ម៉ែត្រគូប ក្នុងស្រះទឹកត្រង់ចំណុច (UTM(617426-1531819) ភូមិសាស្ត្រខាងលើ ដោយពុំមានម្ចាស់ទទួលខុសត្រូវ។

ចំណែកវត្ថុតាងឈើល្មើសច្បាប់ខាងលើ ក្រោយបង្ក្រាបត្រូវបានដឹកយកមករក្សាទុកបណ្តោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ ដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា បើតាមការស្រាវជ្រាវ គេសង្ស័យថា មានជនខិលខូច រកស៉ីលួចដឹកជញ្ជូនឈើខុសច្បាប់ហើយ ទើបដឹកយកមកទម្លាក់ក្នុងទឹកស្រះខាងលើ នៅពេលយប់ជ្រៅស្ងាត់ ប្រហែលជា២ទៅ៣ថ្ងៃមកហើយ ក្រោយពេលបែកការដល់សមត្ថកិច្ច ខណៈម្ចាស់ដឹងខ្លួនក៏គេចបាត់ពុំមានហ៊ានចេញមុខនោះទេ៕