រថយន្តដឹកឈេីមួយគ្រឿង ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈេីស្ទាក់ចាប់ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

កំពង់ធំ៖ លោក ឡាវ សេដ្ឋាផល អនុប្រធាននាយកដ្ឋាននីតិកម្ម និងការពង្រឹងការអនុវច្បាប់រដ្ឋបាលព្រៃឈើ (ថ្នាក់កណ្តាល) នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ បានដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាល ព្រៃឈើខាងបឹងទន្លេសាប និងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ ចុះចាប់រថយន្តដឹកឈើមួយគ្រឿង និងដកហូតឈើស្រឡៅចំនួន៨០សន្លឹក ប្រវែង៦ម៉ែត្រ ស្មើរនឹង ៣.៦ម៉ែត្រគូប នៅចំណុចភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងប្រតិបត្តិការនេះដែរលោក ឡាវ សេដ្ឋាផល បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះថា រថយន្តដឹកផលអនុផលព្រៃឈើខុសច្បាប់ ម៉ាកហ៊ីយិនដាយ ព័ណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-2176 គឺជាវត្ថុតាងជាក់ស្តែងដែលជនសង្ស័យបើកបររត់គេច ក្រោយពេលសមត្ថកិច្ចធ្វើការដេញប្រផាប់ចាប់ប្រភីងបន្តចូលក្នុងដីឡូត៍ ផ្ទះរបស់ប្រជាពលរដ្ឋ បន្ទាប់មកធ្វើការទម្លាក់ឈើចេញ ពីរថយន្តបម្រុងបើករត់បន្តទៀត ប៉ុន្តែត្រូវកម្លាំងជំនាញឃាត់បានទាំងរថយន្ត និងឈើ ព្រមទាំងធ្វើកំណត់ហេតុ ដកហូតយកទៅរក្សាទុក នៅស្នាក់ការអធិការដ្ឋានខាងជើងបឹងទន្លេសាប ដើម្បីកសាងនីតិវិធីធ្វើការពិន័យតាមច្បាប់អន្តរកាលរបស់រដ្ឋបាលព្រៃឈើ។

លោកបញ្ជាក់ថា ការលួចមកទម្លាក់តាមផ្ទះរបស់ប្រជាពលរដ្ឋ គឺជាឧបាយកលរបស់ជនសង្ស័យមួយចំនួន ដែលតែងយកប្រជាពលរដ្ឋជាខែលដើម្បីរួចផុតពីសំណាញ់ច្បាប់ ដោយថាជារបស់ប្រជាពលរដ្ឋយកមកធ្វើផ្ទះសម្រាប់ស្នាក់នៅ តែតាមពិតគឺជាល្បិចជនខិលខូចឲ្យប្រាក់បន្តិចបន្ទួច ជាថ្នូរនិងការផ្ញើរអនុផលព្រៃឈើខុសច្បាប់ តែប៉ុណ្ណោះ។

លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់កុំធ្វើការពាក់ព័ន្ធជាមួយបុគ្គលទាំងអស់នេះ ព្រោះអាចនាំឲ្យមានការរងផលប៉ះពាល់ដោយសាទង្វើរទាំងនេះ ឈានទៅដល់ការអនុវត្តច្បាប់ ធ្វើឲ្យខ្លួនក្លាយជាជនរងគ្រោះ។

ប្រភពប្រជាពលរដ្ឋ ដែលជាម្ចាស់ផ្ទះសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ដែរថា ឈើនិងរថយន្តនេះ មិនមែនជារបស់ខ្លួន ហើយមិនមានអ្វីជាប់ពាក់ព័ន្ធនោះទេ និងសូមឲ្យ សមត្ថកិច្ចដកហូតរថយន្ត និងឈើទាំងអស់ទៅបន្តអនុវត្តតាមនីតិវិធីច្បាប់។ ប្រភពប្រជាពលរដ្ឋផ្សេងទៀត បញ្ជាក់ដែរ រថយន្តនេះគឺជារបស់ឈ្មោះ លោក «ថា» រស់នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ហើយតែងតែដឹកឈើតាមក្នុងភូមិរបស់ពួកគាត់ទតផង៕