អភិបាលខេត្តព្រះវិហារ បន្តអំពាវនាវដល់ប្រជាពលរដ្ឋការពារខ្លួនពីជំងឺកូវីដ១៩ កុំឲ្យមានរលកទី២ !

btshotnews
ព្រះវិហារ៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តថែរក្សអនាមយ័ជានិច្ច ដើម្បីការពារពីជំងឺផ្សេងៗ ពិសេសេគឺជំងឺកូវីដ១៩ ដែលប្រទេសនៅលើពិភពលោកកំពុងមានការព្រួយបារម្ភ។

ការថ្លែងអំពាវនាវបែបនេះ ក្នុងឱកាសដែលលោកអភិបាលខេត្តដឹកនាំក្រុមការងារ នាំយកទៀនចំណាំងព្រះវិស្សានិងបច្ច័យជាង ២ពាន់ដុល្លារ គ្រឿងទេយ្យទាន យកទៅប្រគេនព្រះសង្ឃគង់នៅវត្តទ្រីសុទ្ធារ៉ាមហៅវត្តសង្កែពីរ ស្ថិតក្នុងភូមិសំបូរ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តបានថ្លែងថា ពិភពលោកបច្ចុប្បន្ន បញ្ហាជំងឺកូវីដ១៩ នៅតែបន្តឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ ចំណែកវ៉ាក់សាំងការពារជំងឺនេះ នៅមិនទាន់រកឃើញពិតប្រាកដទេ។ ហេតុដូច្នេះហើយ សូមប្រជាពលរដ្ឋត្រូវតែបន្តការពារ មិនត្រូវធ្វេសប្រហែសបានទេ ដោយត្រូវថែរក្សាសុខភាពឲ្យបានល្អ អនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា។

លោកបន្តថា រាជរដ្ឋាភិបាលមានវិធានការ ត្រួតពិនិត្យនៅតាមព្រំដែន ចំពោះអ្នកដំណើរដែលបានឆ្លងកាត់ ត្រូវបានត្រួតពិនិត្យសុខភាព និងដាក់នៅដោយឡែក ហើយប្រសិនបើរកឃើញថា គាត់មានផ្ទុកជំងឺកូវីដ១៩ ត្រូវយកគាត់ទៅព្យាបាល ធ្វើដូច្នេះដើម្បីការពារកុំឱ្យជំងឺកូវីដនេះ កើតមានរលកលើកទី២ នៅតាមបណ្ដាសហគមន៍។

លោកបានបញ្ជាក់ថា កន្លងមកក្នុងខេត្តព្រះវិហរ ត្រូវបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យខេត្តព្យាបាលបានជាសះស្បើយ រួចរាល់អស់ហើយ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្នុងខេត្តព្រះវិហារ មិនមានអ្នកផ្ទុកជំងឺនេះទៀតទេ៕