កម្លាំងសមត្ថកិច្ចចម្រុះខេត្តរតនគិរី ចុះបង្ក្រាប នឹងដកហូតឈេីប្រណិតរាប់សិបដុំ ដែលឈ្មួញបានដឹកមកលាក់ទុក នៅជិតប៉ុសិ៍្តនគរបាល រង់ចាំឪកាសល្អដឹកបន្តឆ្លងដែន នាំយកទៅលក់នៅប្រទេសវៀតណាម ដោយខុសច្បាប់

btshotnews
រតនគិរី៖ ប្រតិបត្តិការបង្ក្រាបឈើល្មើសច្បាប់នោះ បានធ្វើឡើងក្រោមកិច្ចសហការ រវាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងនគរបាលខេត្ត មន្ត្រីឧទ្យានុរក្ស នៃឧទ្យានជាតិអូរយ៉ាដាវ កម្លាំងនគរបាលវរៈការពារព្រំដែនលេខ៦២៣ រួមជាមួយ កម្លាំងសមត្ថកិច្ចប្រចាំមូលដ្ឋានទៀត ផង។ ការបង្ក្រាបនោះ បានធ្វើនៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ ស្ថិតនៅក្បែរប៉ុស្តិ៍នគរបាល នៃច្រករបៀងភូមិឡុំ ក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

លោកឧត្ដមសេនីយ៍ត្រី នូវ ដារ៉ា ស្នងការរង ទទួលផែន ប្រឆាំងបទល្មើសសេដ្ឋកិច្ច នគរបាលខេត្តរតនគិរី បានឲ្យដឹងថា ក្រោយពីទទួលបានបទបញ្ជា ពីប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក ថង សាវុន ក៏ដូចជា លោកឧត្ដមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត និងនៅក្រោមកិច្ចសម្របសម្រួលពី លោក ងិន ពេជ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី នោះរួចមក លោកបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះខេត្ត រួមនឹងមន្ត្រីនៅក្នុងមូលដ្ឋានផង បានចុះទៅកាន់ទីតាំងស្តុកទុកឈើខុសច្បាប់មួយកន្លែង ហើយបានធ្វើការដកហូតឈើប្រណិត ចម្រុះជាច្រើនប្រភេទ ដែលពួកឈ្មួញបានដឹកជញ្ជូនយកមកលាក់ទុកនៅទីនេះ ដើម្បីរង់ចាំឧិកាសល្អ នឹងដឹកជញ្ជូនបន្ត នាំឆ្លងដែនយកទៅលក់ នៅក្នុងប្រទេសវៀតណាម។

លោកបានបន្តថា នៅក្នុងប្រតិបត្តិការរួមគ្នានេះ ក្រុមជនល្មើស បានជិះម៉ូតូជាច្រើនគ្រឿងគេចខ្លួនអស់ ប៉ុន្តែ បានបន្សល់ទុកនូវម៉ូតូដឹកឈើ១គ្រឿង ដែលជាវត្ថុតាងបទល្មើស ហើយកម្លាំងសមត្ថកិច្ចបានធ្វើការរឹបអូស និងដកហូតបានឈើប្រណិត ចម្រុះច្រើនប្រភេទ បានចំនួន ៣០កំណាត់ ហើយបានដឹកជញ្ជូន និងប្រគល់ឲ្យមន្ត្រីព្រៃឈើ យកមករក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើអូរយ៉ាដាវ នៃខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី។

លោកឧត្តមសេនីយ៍ស្នងការរងខេត្តរតនគិរី បានបញ្ជាក់ថា សមត្ថកិច្ចនឹងបន្តបើកការស៊ើបអង្កេត រកមុខសញ្ញាមេឈ្មួញ ដែលបានប្រព្រឹត្តបទល្មើសព្រៃឈើនេះ ដើម្បីកសាងសំណុំរឿង អនុវត្តន៍ទៅតាមច្បាប់ ស្តីពី ព្រៃឈើ។ ប្រទេសអាស៊ានទាំង១០ បានចាត់ទុកបទល្មើសព្រៃឈើ គឺជាឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ ។ ចំណែក ប្រទេសកម្ពុជា ក៏ជាប្រទេសមួយ នៃសមាជិក ប្រទេសអាស៊ានទាំង១០ នោះដែរ៕