ប្ដីប្រពន្ធជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដកហូតថ្នាំញៀនជាង៦០០០គ្រាប់ នៅខេត្តបន្ទាយមានជ័យ

btshotnews
បន្ទាយមានជ័យ៖ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះអនុវត្តន៍វិធានញុះញង់ឲ្យលក់ ដោយខុសច្បាប់នូវសារធាតុញៀន តាមដីកាសំរេចលេខ១១០៣ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២០ ម្សិលមិញនេះ នៅចំណុចផ្សារអូរអំបិលភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផល ឃាត់ខ្លួនស្ដ្រីម្នាក់ ឈ្មោះ ទុយ សុធា អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ ដកហូតបានថ្នាំប្រភេទម្សៅក្រាមសថ្លា ចំនួន១ថង់ និងថ្នាំប្រភេទគ្រាប់ពណ៌ផ្កាឈូកអក្សរ wy ចំនួន០១ថង់ខៀវ ស្មើចំនួន២០០គ្រាប់។

បន្ទាប់មកបានបន្តនាំជនសង្ស័យខាងលើ ទៅឆែកឆេរនៅលំនៅដ្ឋាន ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ ពេលទៅដល់ប្តីរបស់ជនសង្ស័យ ឈ្មោះ ឈិន សំពៅ អាយុ៥១ឆ្នាំ បានរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន និងដកហូតបាន ថ្នាំប្រភេទម្សៅក្រាមសថ្លាចំនួន៣កូនថង់ និងប្រភេទ គ្រាប់ចំនួន២គ្រាប់ កែវជក់ចំនួន១។

ដោយមានការសម្របសម្រួលពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានឆែកឆេរត្រួតពិនិត្យលំនៅដ្ឋានរបស់ជនសង្ស័យ ទាំង២នាក់ ប្តី-ប្រពន្ធ រកឃើញវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាចំនួន១ថង់, ថ្នាំប្រភេទគ្រាប់ពណ៌ផ្កាឈូកអក្សរ wyចំនួន១សុង ស្មើនិង៣០ថង់ខៀវ, កូនជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១, ទូរស័ព្ទដៃចំនួន២គ្រឿងកូនកាបូបក្រណាត់ច្រកគ្រឿងញៀនចំនួន១, ធុងទឹកកកពណ៌ក្រហមលាក់គ្រឿងញៀនចំនួន១ សរុបវត្ថុតាង៖ ថ្នាំប្រភេទម្សៅក្រាមសថ្លា ទាំងអស់មានចំនួន៥ថង់, ថ្នាំប្រភេទគ្រាប់ចំនួន៣១ថង់ខៀវ ស្មើនិង៦,០០៥គ្រាប់។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ នៅការិយាល័យប្រឆាំងគ្រឿងញៀន៕