លោក ងួន ញិល ចាត់តំណាងយកទានវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ១២វត្ត នៅក្នុងខេត្តកពង់ធំ

btshotnews
កំពង់ធំ៖ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ចាត់លោក ងួន រាសី នាយកខុទ្ធកាល័យរ នាំយកទៀនវស្សា ទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តចំនួន១២ ក្នុងខេត្តកំពង់ធំ រួមមាន៖ វត្តឥន្ទ្រីយ៍សំវរៈ (ហៅវត្តកំពង់ធំ) វត្តអនុគណស្រុក-ក្រុងទាំង៩ វត្តត្រពាំងជ្រៃ និងវត្តព្រៃតាត្រាវ ស្ថិតនៅឃុំបល្ល័ង្គ ស្រុកបារាយណ៍។

ពិធីត្រូវបានរៀបចំឡើងនៅវត្តឥន្ទ្រីយ៍សំវរៈ (ហៅវត្តកំពង់ធំ) នាវេលាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ អមដំណេីរដោយថ្នាក់ដឹកនាំខេត្ត និងមន្ត្រីខុទ្ធកាល័យ។

ថ្លែងក្នុងឱកាសនោះ លោក ងួន រាសី បានថ្លែងផ្តាំផ្ញើសួរសុខទុក្ខដោយយក្តីនឹករលឹកពីសំណាក់ លោកបណ្ឌិត ងួន ញ៉ិល ចំពោះព្រះមេគណខេត្ត ព្រះអនុគណស្រុក-ក្រុង ទាំង៩ និងព្រះគ្រូចៅអធិការវត្តត្រពាំងជ្រៃ និងវត្តព្រៃតាត្រាវ និងប្រគេនជូនពរសូមមានសុខភាពល្អ និងសូមមានជន្មាយុយឺនយូរជាងរយ ព្រះវស្សាគ្រប់ៗព្រះអង្គ និងលោកតា លោកយាយគ្រប់ៗគ្នា។

លោក ងួន រាសី ដូចដែលព្រះតេជគុណគ្រប់ព្រះអង្គ លោកតា លោកយាយ ជ្រាបស្រាប់ហើយថា បច្ចុប្បន្ននេះមិនថាឡើយតែកម្ពុជាយើងទេ ដែលជួបប្រទះនូវ បញ្ហារីករាលដាលនៃជំងឺប្រភេទថ្មី កូវីដ-១៩។ ជំងឺនេះបាននិងកំពុងរាតត្បាតលើ ពិភពលោកទាំងមូលរីឯអ្នកវិទ្យាសាស្ត្រ នៃបណ្តាប្រទេសមហាអំណាចនានា ក៏មិនទាន់បានស្រាវជ្រាវរកឃើញថ្នាំ ឬវាក់សាំងការពារជំងឺនេះនៅឡើយទេ ដូចនេះសូមព្រះអង្គ លោកតា លោកយាយ សូមថែរក្សាសុខភាពឲ្យបានល្អ និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងគ្រូពេទ្យ អ្នកជំនាញនៃជំងឺប្រភេទថ្មីនេះ រួមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។

ព្រះមេគណខេត្ត បានមានព្រះសង្ឃដីកា ការប្រគេនទៀនព្រះវស្សានេះ គឺបានបង្ហាញពីទឹកចិត្ត គោរពស្រឡាញ់ប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូ ក្នុងឱកាសព្រះសង្ឃត្រូវចូលកាន់ព្រះវស្សា។

ព្រះមេគណខេត្ត បានសម្តែងនូវការស្វាគមន៍ចំពោះទឹកចិត្តរបស់ លោកបណ្ឌិត ងួន ញ៉ិល ព្រមទាំងមន្ត្រីខុទ្ធកាល័យ និងសហការី ដែលបាននាំយកទៀនវស្សា និងគ្រឿងឧបភោគបរិភោគមួយចំនួន មកប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅក្នុងវត្តទាំង១២ ក្នុងខេត្តកំពង់ធំ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ដល់ព្រះសង្ឃ ក៏ដូចជាវិស័យព្រះពុទ្ធសាសនា។

ទៀនវស្សា និងទេយ្យវត្ថុ ដែលត្រូវបានប្រគេន ១២ វត្តរួមមាន៖ ទៀនវស្សាខ្នាតធំមានក្បាច់ មានបាយសី ១គូ មាន អង្ករ មី ស្ករស កាហ្វេ ទឹកដោះគោ តែ ធូប ទឹកបរិសុទ្ធ ទឹកក្រូច អាល់កុល ម៉ាស់ និងថវិកាមួយចំនួនថែមទៀត ដើម្បីទុកប្រើប្រាស់ ក្នុងរដូវចូលវស្សារយៈពេលបីខែនេះ៕