អាជ្ញាធរខេត្តព្រះវិហារ បានអំពាវនាវដល់ប្រជាពលរដ្ឋ រួមគ្នាថែរក្សាសុខសន្តិភាព ឲ្យនៅគង់វង្សយូរអង្វែង ដេីម្បីឲ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍ !

btshotnews
ព្រះវិហារ៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានអំពាវនាវដល់ប្រជាពលរដ្ឋ រួមគ្នាថែរក្សាសុខសន្តិភាពឱ្យនៅគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនជាងនេះតទៅទៀត។

ការអំពាវនាវបែបនេះ របស់លោក ប្រាក់ សុវណ្ណ បានធ្វើឡើងនាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ ក្នុងគ្រាដែលលោក និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ដែលរៀបចំដោយលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងជាប្រធានក្រុមការងារខេត្ត ចុះជួយស្រុកគូលែន និងក្រុមការងារ ប្រគេនព្រះសង្ឃ២០វត្ត នៅក្នុងបរិវេណមជ្ឈមណ្ឌុលវិប្បសនាធុរៈភូមិភាគឦសាន ហៅវត្តពោធិ៍៥០០០ដើម ស្ថិតនៅចំណុចអូរដូនស្ងួន ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

ទន្ទឹមនឹងនេះដែរ លោក ប្រាក់ សុវណ្ណ បានថ្លែងថា ប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយ ទើបមានការអភិវឌ្ឍន៍ទាំងផ្នែកអណាចក្រ និងផ្នែកពុទ្ធចក្រ ហើយការអភិវឌ្ឍន៍មិនមែនមានតែនៅទីនេះទេ គឺមាននៅទូទាំងប្រទេសកម្ពុជា។

លោក ប្រាក់ សុវណ្ណ ក៏បានថ្លែងរំលឹកឡើងវិញនូវរបបអាវខ្មៅដ៏សែនឃោរឃៅ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលដឹកនាំដោយ ប៉ុល ពត ក្រៅពីបានសម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់អស់ជាង៣លាននាក់ របបនេះបានលុបបំបាត់ចោលអស់នូវប្រពៃណីទំនៀមទំលាប់ មិនឱ្យមានការជួបជុំធ្វើបុណ្យទៀន ឬពិធីផ្សេងៗទេ ពិសេសគឺលុបបំបាត់សាសនាចោល មិនឱ្យមានព្រះសង្ឃ មានវត្តអារ៉ាម។

លោកថា ក្រោយថ្ងៃរំដៅ៧ មករា ឆ្នាំ១៩៧៩ ដែលរបប ប៉ុល ពត បានរលំរលាយទៅអ្វីៗ បានរស់រានមានជីវិតឡើងវិញ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរយើងមិនអាចបំភ្លេចថ្ងៃកំណើតទី២នេះបានទេ។ បច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព សេរីភាពពេញលេញធ្វើឱ្យប្រជាពលរដ្ឋមានឱកាសបានជួបជុំគ្នាធ្វើពិធីផ្សេងៗដោយក្តីសប្បាយរីករាយ ពិសេសគឺមានការអភិវឌ្ឍន៍គ្រប់ទីកន្លែង។

សូមជម្រាបថា ទៀនព្រះវស្សា និងទេយ្យវត្ថុដែលត្រូវប្រគេនព្រះសង្ឃចំនួន២០វត្ត ក្នុងពេលនេះ គឺមានការចូលរួមពីអាជ្ញាធរខេត្ត ក្រុមការងារខេត្តចុះជួយស្រុកគូលែន និងពុទ្ធបរិស័ទជិតឆ្ងាយ ដោយក្នុងមួយវត្តទទួលបានទៀនមួយគូរ ប្រេងម៉ាស៊ូត ១កាន អង្ករ៧៥គីឡូក្រាម មី៣កេស ទឹកសុទ្ធ២កេស ទឹកត្រី ទឹកសុីអុីវ ត្រីខ និងបច្ច័យ ៣៥មុឺនរៀល៕