“អាងទឹកតេជោបុស្បូវ” នៅខេត្តព្រះវិហារ ដាក់សម្ភោធឲ្យប្រេីប្រាស់ ទេសរដ្ឋមន្រ្តី មាស សុភា អំពាវនាវឲ្យប្រជាពលរដ្ឋបន្តគាំទ្រយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដេីម្បីអភិវឌ្ឃន៍ប្រទេសជាតិ

btshotnews
ព្រះវិហារ៖ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ បានអំពាវនាវឱ្យប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បន្តគាំទ្រនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល រួមគ្នាថែរក្សាសុខសន្តិភាព ដែលដណ្តើមបានដោយពិបាកតាមរយៈនយោបាយឈ្នះ ឈ្នះ ឱ្យនៅស្ថិតស្ថេរគង់វង្យ ដើម្បីឱ្យប្រទេសជាតិ កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនតទៅទៀត។

ការអំពាវនាវបែបនេះ របស់ទេសរដ្ឋមន្ត្រី មាស សុភា បានធ្វើឡើងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាងទឹកតេជោបុស្បូវ» ស្ថិតនៅភូមិតេជោបុស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថា ដោយសារតែប្រទេសកម្ពុជា មានសុខសន្តិភាព ទើបមានឱកាសបានជួបជុំគ្នា មានឱកាសក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ។ លោកថាជាក់ស្តែងភូមិតេជោបុស្បូវ ដែលស្ថិតលើខ្នងភ្នំដងរែកនេះ កាលមុនព្រឹត្តិការណ៍ប៉ះទង្គិចគ្នាជាមួយថៃ គឺមិនសូវមានប្រជាពលរដ្ឋរស់នៅនោះទេ ប៉ុន្តែ ក្រោយព្រឹត្តិការណ៍ គឺប្រជាពលរដ្ឋមករស់នៅច្រើន ដែលភាគច្រើនជាគ្រួសារកងទ័ព គ្រួសារកងនគរបាលជាតិ និងប្រជាពលរដ្ឋមកពីខេត្តផ្សេងៗ។
លោកថា ដោយអនុវត្តន៍តាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ ក៏ដូចជាអ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ និងអាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ បានសហការគ្នាក្នុងការអភិវឌ្ឍន៍តំបន់ព្រំដែនឱ្យមានការរីកចម្រើនតាមការចង់បានរបស់ប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ជាក់ស្តែង «អាងទឹកតេជោបុស្បូវ» ដែលសម្ភោធដាក់ឱ្យប្រើប្រាស់ក្នុងពេលនេះ គឺបានកើតឡើងតាមរយៈអង្គវេទិកា សាធារណៈរបស់ក្រុមការងារ រាជរដ្ឋាភិបាលដែល ប្រជាពលរដ្ឋបានស្នើរសុំដោយសារនៅរដូវប្រាំងប្រជាពលរដ្ឋនៅលើភ្នំខ្វះខាតទឹកប្រើប្រាស់ ដើម្បីដោះស្រាយបញ្ហានេះក្រុមការងារ បានសហការគ្នាដោយមានការចូលរួមពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ អង្កការស៊ីម៉ាក់ អាជ្ញាធរប្រាសាទព្រះវិហារ ដោយបានឧបត្ថម្ភថវិកាពីមូលនិធិប្រទេសចិន ទើបអាចសាងសង់អាងទឹកនេះបានសម្រេច។

លោកទេសរដ្ឋមន្ត្រី មាស សុភា ក៏បានជម្រាបជូនប្រជាពលរដ្ឋនៅភូមិតេជោបុស្បូវ ថាក្រៅពីអាងទឹកដែលសម្ភោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ គឺប្រជាពលរដ្ឋនៅទីនេះនឹងទទួលបានសមិទ្ធផលថ្មីៗ ជាបន្តទៀតដូចជាផ្លូវកៅស៊ូប្រវែង ២៤គីឡូម៉ែត្រ ពីឃុំស្រអែមមកភូមិតេជោបុស្បូវ ស្រះទឹកទំហ៊ំ ៥០ម៉ែត្រ គុណ៥០ម៉ែត្រ នឹងអណ្តូងស្នប់២ទៀត ដែលជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលនឹងចាប់ផ្តើមចាប់ពីឆ្នាំ២០២០នេះតទៅ៕