ប្រជាពលរដ្ឋក្រីក្រ នឹងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ ប្រមាណ៨០០គ្រួសារ នៅឃុំសាលាវិស័យ ខេត្តកំពង់ធំ ទទួលបានសាច់ប្រាក់ពីរាជរដ្ឋាភិបាល

btshotnews
កំពង់ធំ៖ ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ជាង៨០០គ្រួសារ នៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានទទួលសាច់ប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល គិតត្រឹមថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២០២ ម្សិលមិញនេះ។

លោក ជិន ហ៊ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ បានឱ្យដឹងថា រដ្ឋបាលឃុំសាលាវិស័យ បានអនុវត្តន៍បើកសាច់ប្រាក់ជូនប្រជាពលរដ្ឋចំនួន ៨ថ្ងៃហើយ គឺចាប់ពីថ្ងៃទី២៦ ខែមិថុនាឆ្នាំ រហូតមកដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ។

ឃុំសាលាវិស័យ មានភូមិចំនួន១៩ភូមិ ប្រជាពលរដ្ឋចំនួន ៣,១២០គ្រួសារ ដែលមានប្រជាជនសរុប១៦,៦៦០នាក់ ស្រី៧,៨៨៨នាក់ ក្នុងនោះបានធ្វើសម្ភាសន៍ទទួលបានបណ្ណសមធម៌ពី រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងផែនការមានចំនួន ៩៤៥គ្រួសារ ប្រភេទក្រ១ចំនួន៤២៥គ្រួសារ និងប្រភេទក្រ២ចំនួន៥២០គ្រួសារ ក្នុងនោះសរុបក្រ១ និងក្រ២ មានសមាជិកសរុប ៤៤៤០នាក់ ស្រី ២២២០នាក់ រហូតមកដល់ពេលនេះ ការចែកប័ណ្ណសមធម៌ និងបើកសាច់ប្រាក់ជូនពួកគាត់បានចំនួន៨០០គ្រួសារ។

លោកបានបន្តថា ការបើកប្រាក់ និងធ្វើឱ្យអស់តែដោយជួបបញ្ហាខ្លះដោយមានការចំណាកស្រុកការបើកប្រាក់មានភាពយឺតយ៉ាវ។
លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមទុកដាក់ឯកសារការបើកសាច់ប្រាក់នេះ ឱ្យបានត្រឹមត្រូវហើយប្រសិនជាមានការបាត់ដោយប្រការណាមួយ សូមរាយការណ៍ជូនដល់អាជ្ញាធរ ឃុំជាបន្ទាន់ ដើម្បីធ្វើការស្នើសុំនូវបណ្ណថ្មីសម្រាប់ប្រើប្រាស់នៅពេលក្រោយ។

ក្នុងនោះប្រធានក្រុមប្រឹក្សា បានរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវគោរព និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និងតរូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺមួយនេះ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំសាលាវិស័យទាំងមូល សូមថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ទៅលើពួកគាត់ នឹងជួយជ្រោមជ្រែងគ្រប់កាលៈទេសៈដែល ពួកគាត់ កំពុងតែជួបបញ្ហាខ្វះខាតជាបន្តបន្ទាប់ក្នុងដំណាក់កាលដែលប្រទេសកំពុងតែឆ្លងជំងឺកូវីត-១៩ ជាពិសេសអរគុណដល់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា៕