ជនជាតិឡាវម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន រួមនឹងថ្នាំញៀន៥កញ្ចប់ធំ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង !

ស្ទឹងត្រែង: ជនជាតិឡាវម្នាក់ រួមនឹងថ្នាំញៀន៥កញ្ចប់ធំ ត្រូវបានបង្រ្កាប និងដកហូតដោយកម្លាំងសមត្ថកិច្ច ការិយាល័យផ្សព្វផ្សាយអប់រំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ នាយករងនៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលច្រកទ្វារព្រំដែន និងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ។

ការបង្រ្កាបនេះ ត្រូវបានសមត្ថកិច្ចធ្វើឡើង នៅថ្ងៃទី០៦ខែកក្កដាឆ្នាំ ២០២០នេះ ខណ:ជនសង្ស័យកំពុងនាំយកគ្រឿងញៀននេះចូលមកកម្ពុជា ត្រង់ចំណុចកំពង់ទូក ក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ។

សមត្ថកិច្ចនគរបាលស្ថិតក្នុងការបង្រ្កាបនោះ បានឲ្យដឹងថា: ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន រួមនឹងបទល្មើសគ្រឿងញៀនខាងលើនេះ មានឈ្មោះ ភិត ងិន ភេទប្រុស មអាយុ៣៩ឆ្នាំ ជនជាតិឡាវ មុខរបរធ្វើការនៅទំនប់វារីអគ្គីសនីដនសាហុង ប្រទេសឡាវ(អ្នកបើកបរ) ។មានស្រុកកំណើត នៅភូមិអូនភូសៃ ស្រុកញុំម៉ាឡាត ខេត្តខាំមួន ប្រទេសឡាវ ។ បច្ចុប្បន្នស្នាក់នៅភូមិកោះសាដាំ ស្រុកខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ។រីឯវត្ថុតាងគ្រឿងញៀន សមត្ថកិច្ចដកហូតបានចំនួន៥កញ្ចប់ធំ ទម្ងន់ប្រហែល៥គីឡូក្រាមសុទ្ធតែជាប្រភេទមេតំហ្វេតាមីន ម្សៅថ្លាពណ៌ស(ICE) ។

លោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ នាយករងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា: ជនសង្ស័យគឺជាមុខសញ្ញា ដែលសមត្ថកិច្ចបានតាមអស់មួយរយ:មកហើយ ដោយកំណត់មុខសញ្ញាបានហើយនោះ ទើបលោកដឹកនាំកម្លាំងសហការគ្នាចុះធ្វើការបង្រ្កាបតែម្តង។

លោកថា ក្នុងពេលបង្រ្កាបនោះ ជនសង្ស័យ បានប្រទាញប្រទង់គ្នាជាមួយសមត្ថកិច្ច ហើយរើបម្រាស់ដើម្បីរត់គេចខ្លួន តែសមត្ថកិច្វមិន
បណ្តោយឲ្យជនសង្ស័យគេចខ្លួនសម្រេចនោះឡើយ ។

បច្ចុប្បន្ន ជនសង្ស័យជនជាតិឡាវ រួមនឹងវត្ថុតាងបទល្មើសគ្រឿងញៀនមេតំហ្វេតាមីន(ICE)ទាំងចំនួន៥កញ្ចប់ធំ ត្រូវបានសមត្ថកិច្ចនៃកម្លាំងសហការគ្នា បានរៀបចំវេចខ្ចប់ និងបានកសាងសំណុំឯកសារ ដើម្បីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ចាត់ការទៅតាមនិតិវិធី៕