ប៉ុស្តិ៍ច្រករបៀងមួយចំនួន ក្នុងស្រុកអូរយ៉ាដាវ និងស្រុកអណ្ដូងមាស នៃខេត្តរតនគិរី នៅតែបន្តលួចដឹកឈេីចេញទៅកាន់ប្រទេសវៀតណាម
btshotnews
រតនគិរី៖ ប្រជាសហគមន៍នៅស្រុកអណ្តូងមាស បានឲ្យដឹងថា ជារៀងរាល់យប់មានម៉ូតូជាច្រើនគ្រឿង បានចូលទៅដឹកឈើកន្លែងពួកគាត់ រួចដឹកមកកាន់ច្រករបៀងមួយចំនួនដូចជា ប៉ុស្តិ៍ច្រករបៀងអូរសាថី និងប៉ុស្តិ៍ច្រករបៀងពាមអូរសាថី ស្ថិតក្នុងស្រុកអណ្តូងមាស និងប៉ុស្តិ៍ច្រករបៀងភូមិភិលើ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅតែបន្តលួចដឹកឈើទៅកាន់វៀតណាម ក៏ប៉ុន្តែមិនមានការបង្ក្រាបពីសមត្ថកិច្ចនោះឡើយ។
ជាក់ស្តែងឈើគគីរ, ឈើកកោះ, និងឈើសុក្រំជាច្រើនដុំ បម្រុងដឹកចេញទៅកាន់វៀតណាមកាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ ត្រូវកម្លាំងប៉ុស្តិ៍ច្រករបៀងភូមិភិលើ សហការជាមួយកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តស្ទាក់ចាប់។
ប្រជាសហគមន៍ តាមប៉ុស្តិ៍ច្រករបៀងខាងលើ មានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងយោធាការពារព្រំដែនគោក និងកម្លាំងនគរបាលការពារព្រំដែនច្រើនស្អេកស្កះ បើសិនមានឆន្ទះបង្ក្រាបការដឹកជញ្ជូនឈើទៅកាន់វៀតណាមនោះច្បាស់ជាឈើ១ដុំឆ្លងទៅប្រទេសវៀតណាមមិនរួចផង។
ទាក់ទិនទៅនឹងការលួចដឹកជញ្ជូនឈើទៅកាន់វៀតណាម តាមប៉ុស្តិ៍ច្រករបៀងខាងលើនេះដែរ លោក លន់ សុភាព អភិបាលរង និងជាអនុប្រធានគណៈកម្មការបង្ក្រាបធនធានធម្មជាតិខេត្តរតនគិរី នៅវេលាព្រឹកថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០២០នេះថា វិធានការម៉ឺងម៉ាត់របស់លោក ថង សាវុន ប្រធានគណៈបញ្ជាការឯកភាពខេត្ត គឺមិនអនុញ្ញាតឲ្យមានការ លួចដឹកឈើទៅកាន់វៀតណាមនោះទេ។
លោកថា ឈ្មួញឈើ កម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋក៏ដោយឲ្យតែមានការពាក់ព័ន្ធត្រូវតែប្រឈមមុខនឹងផ្លូវច្បាប់ទាំងអស់។ បើកម្លាំងសមត្ថកិច្ចស្រាវជ្រាវរកឃើញថា មានការពាក់ព័ន្ធ ឃុបឃិតជាមួយឈ្មួញត្រូវទទួលពិន័យកងកម្លាំងហើយបើធ្ងន់ធ្ងរត្រូវអនុវត្តន៍ច្បាប់។
លោក លន់ សុភាព បញ្ជាក់ឲ្យដឹងទៀតថា កន្លងមកក្រុមឈ្មួញខិលខូចតែងតែយកប្រជាពលរដ្ឋ ធ្វើជាខែលដូច្នេះឈ្មួញឈើ ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធត្រូវតែអនុវត្តន៍ច្បាប់ដោយគ្មានការលើកលែង៕