ប្រធានក្រុមការងារខេត្តព្រះវិហារ ចុះជួយស្រុកឆែប បានរំលឹកពីរបបប្រល័យពូជសាសន៍ ដែលបានបំផ្លិចបំផ្លាញ សាសនា ចាប់ផ្សឹកព្រះសង្ឃ និងទីវត្តអារ៉ាម បានក្លាយជាគុកឥតជញ្ជាំង សម្រាប់ឃុំឃាំងធ្វេីទារុណកម្មមនុស្ស ដ៏សាហាវយង់ឃ្នង

btshotnews
ខេត្តព្រះវិហារ៖ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកឆែប បានមានប្រសាសន៍ថា នៅក្នុងគ្រាដែល លោកឧត្តមសេនីយ៍ និងក្រុមការងារ បាននាំយកទៀនវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំត្រី មាសចំនួន ១១វត្ត នៅក្នុង «វត្តសុវណ្ណគិរី» ហៅ វត្តឆែប ស្ថិតនៅក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី៨កក្កដាម្សិលមិញនេះ។

ពិធីប្រគេនទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ ដែលនិមន្តមកពីវត្ត ចំនួន ១១ នៅក្នុង ស្រុកឆែបនោះទៀត ក៏មានការអញ្ជើញចូលរួមពី លោក កែវ លឹមហាន តំណាង លោក ពៅ សុខា ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកឆែប, ប្រតិភូថ្នាក់ជាតិ, ថ្នាក់ក្រោមជាតិ ,អភិបាលស្រុកឆែប លោក សុខ សាន្តតារា , ក្រុមប្រឹក្សាស្រុក , អង្គភាពចំណុះរចនាសម្ព័ន្ធសាលាស្រុក , អាជ្ញាធរភូមិ ឃុំ , លោកយាយ និងលោកតា នៅក្នុងស្រុកឆែប ដ៏ច្រើនកុះករ ថែមទៀត។

ទេយ្យទានដែលបានប្រគេន ព្រះគ្រូចៅអធិការវត្ត ដែលបាននិមន្តមកពីវត្ត ទាំង១១ នៅក្នុងស្រុកឆែប នាពេលនោះ សម្រាប់ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកឆែប រួមមាន៖ អង្ករ ២៤២គីឡូក្រាម មីម៉ាម៉ា ២២កេស ទឹកត្រី ១១យួរ ទឹកស៊ីអ៊ីវ ១១យួរ ទឹកផ្លែឈើ ១១កេស ទឹកបរិសុទ្ធ ២២កេស និងថវិកា ១លាន ៧សែន ៦ម៉ឺនរៀល។ សម្រាប់ ក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកឆែប រួមមាន៖ ទៀនវស្សា ១គូរ អង្ករ ១០០គីឡូក្រាម មីម៉ាម៉ា ៥កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ ទឹកក្រូច ៥កេស ទឹកបរិសុទ្ធ ៥កេស ខ្ទឹមស ៥គីឡូក្រាម អំបិល ៥គីឡូក្រាម ប៊ីចេង ២គីឡូក្រាមកន្លះ ប្រេងម៉ាស៊ូត ៣០លីត្រ និងថវិកា ២លាន ៥សែនរៀល ។ និងសម្រាប់រដ្ឋបាលស្រុកឆែប រួមមាន៖ អង្ករ ៥៥០គីឡូក្រាម មីសាច់មាន់ ១១កេស ទឹកស៊ីអ៊ីវ ១១យួរ ប្រេងឆា ១១ដប រួមនឹងថវិកា ចំនួន ១លាន ១សែនរៀល ផងដែរ។ ថវិកាសរុប ទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត និងរដ្ឋបាលស្រុកឆែប មានចំនួន ៥លាន ៣សែន ៦ម៉ឺនរៀល ។

ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកឆែប លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានមាន ប្រសាសន៍ រំលឹកពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលរបបនេះគ្រប់គ្រងអំណាច បានត្រឹមតែជាង ៣ឆ្នាំប៉ុណ្ណោះ ហើយបានដួលរលំទៅវិញ។ ប៉ុន្តែ នៅក្នុងរយៈពេល នៃការកាន់កាប់អំណាចនេះ បានធ្វើ អោយប្រទេសជាតិ និងប្រជាជន ធ្លាក់ក្នុងឧិនភាព និងរងទុកខ្លោចផ្សារ ជាពិសេស ព្រះសង្ឃ ដែលតំណាងអោយវិស័យសាសនា ត្រូវបានចាប់ផ្សឹក បណ្តេញចេញពីវត្ត ហើយយកទីអារ៉ាម ដែលជាទី សក្ការៈ និងប្រតិបត្តិសាសនា របស់ប្រជាពុទ្ធបរិស័ទ យកមកធ្វើជាទីឃុំឃាំង និងការធ្វើទារុណកម្មយ៉ាង សាហាវព្រៃផ្សៃបំផុត រីឯ ជំនឿ និងសាសនា ត្រូវបានលុបបំបាត់ចោលទាំងស្រុង។

លោកឧត្តមសេនីយ៍ បានមានប្រសាសន៍ទៀតថា ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ប្រទេសជាតិ ប្រជាជន និងវិស័យនានា ពិសសេវិស័យព្រះពុទ្ធសាសនា ត្រូវបានរស់ឡើងវិញ ក្រោមការដឹកនាំនាវាកម្ពុជា ពីឥស្សរជនសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបានកសាងប្រទេស ចេញពីបាតដៃទទេស្អាត រហូតមានការអភិវឌ្ឍន៍រីក ចម្រើនលើគ្រប់វិស័យ បូករួមទាំងវិស័យសាសនា ហើយព្រះពុទ្ធសាសនា ត្រូវបានចែងក្នុងច្បាប់ប្រទេស គឺជាសាសនារបស់រដ្ឋ ថែមទៀតផង៕