ស្នងការនគរបាលខេត្តព្រះវិហារ បញ្ជាមន្រ្តីជំនាញ ចុះបង្ក្រាបវង់ល្បែងស៊ីសងនិងរឹបអូសបានមាន់ជល់ ៦ក្បាល រថយន្ត និងម៉ូតូ ដែលជាមធ្យោបាយ បម្រេីឲ្យការប្រព្រឹត្តបទល្មេីស ជាង២០គ្រឿង ក៏ប៉ុន្តក្រុមញៀនល្បែងបានរត់គេចខ្លួនដោយសុវត្តិភាព !

btshotnews
ខេត្តព្រះវិហារ៖ ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ របស់កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានដឹកនាំដោយស្នងការរង ទទួលផែនព្រហ្មទណ្ឌខេត្ត លោក ឧត្តមសេនីយ៍ត្រី កែវ ចំរើន ក្រោមកិច្ចសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ព្រះវិហារ លោក ទី សុវិនថាល់ កាលពីថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២០ ម្សិលមិញនេះ នៅក្នុងចំការស្វាយមួយន្លែង ស្ថិតនៅក្នុងភូមិ សាស្ត្រ ភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក ឧត្ដមសេនីយ៍ត្រី កែវ ចំរេីន ស្នងការរង ទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែង កាលពីម្សិលមិញ នោះ បានធ្វើឡើងក្រោមការបញ្ជាពី លោក ឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត និងក៏មានការសម្របសម្រួលការបង្ក្រាប ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោក ទី សុវិនថាល់ ទៀតផង។ លោកថា លទ្ធផលនៅក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ច បានឈានទៅ បង្ក្រាបវង់ល្បែងស៊ីសងមួយកន្លែង ហើយរឹបអូសបានមាន់ជល់ ចំនួន ៦ក្បាល រថយន្តគ្រប់ប្រភេទ ១០គ្រឿង ម៉ូតូ ១៣គ្រឿង ព្រមទាំងវត្ថុតាង និងសម្ភារៈប្រព្រឹត្តបទល្មើសល្បែងស៊ីសង មួយចំនួនទៀត ផងដែរ។ លោកឧត្តមសេនីយ៍ត្រី កែវ ចំរើន បានបញ្ជាក់ថា នៅក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ សមត្ថកិច្ចមិនបានឃាត់ខ្លួនជនសង្ស័យណាម្នាក់ឡើយ ក្នុងមូលហេតុថា ក្រុមអ្នកញៀនល្បែងទាំងអស់នោះ ហាក់ដូចជាដឹងខ្លួនមុន ហើយបាននាំគ្នារត់គេចខ្លួនបាត់អស់ នៅមុនពេលសមត្ថកិច្ចចុះទៅដល់វង់ល្បែង។

លោកស្នងការរងខេត្ត បានបញ្ជាក់ទៀតថា ក្រោយការបង្ក្រាប វត្ថុតាងប្រព្រឹត្តបទល្មើសទាំងអស់ ដែលកម្លាំងសមត្ថកិច្ចដកហូតបាននៅក្នុងពេលនោះ ត្រូវបានបញ្ជូន មកកាន់ការិយាល័យនគរបាលព្រហ្ម ទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ។

រីឯ ក្រុមប្រព្រឹត្តល្បែងស៊ីសង ដែលបានរត់គេចខ្លួននោះ លោកនឹងសុំយោបល់ពី លោកស្នងការខេត្ត និងលោកព្រះរាជអាជ្ញាខេត្តព្រះវិហារ ដើម្បីបន្តបើកការស៊ើបអង្កេតរកមុខសញ្ញា និងឃាត់ខ្លួន បញ្ជូនមក អនុវត្តន៍តាមវិធានការច្បាប់ជាធរមាន ៕