មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បញ្ជាកម្លាំងមូលដ្ឋានចុះចាប់រថយន្តស៊េរីទំនេីបមួយគ្រឿង ដឹកជញ្ជូនឈេីល្មេីសច្បាប់ ចេញពីដែនដីខេត្តព្រះវិហារនាំឆ្ពោះទៅកាន់ខេត្តកំពង់ធំ

btshotnews
ខេត្តព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថ ប្រចាំស្នាក់ការព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ បានចេញស្ទាក់ចាប់រថយន្តស៊េរីទំនើបមួយគ្រឿង ដែលសង្ស័យដឹកឈើល្មើសច្បាប់ ដែលការបង្ក្រាបនោះ បានធ្វើឡើងនៅម៉ោង១ និង២០នាទីរសៀល ថ្ងៃទី១៥កក្កដាឆ្នាំ២០២០នេះ នៅលើដងផ្លូវជាតិលេខ៦២ មុខស្នាក់ការអាវុហត្ថព្រំប្រទល់ ស្ថិតក្នុងភូមិជីអោក ឃុំរមនា ស្រុករវៀង ខេត្តព្រះវិហារ។
មន្ត្រីស្នាក់ការព្រំប្រទល់ព្រះវិហារ-កំពង់ធំ បានអោយដឹងថា ប្រតិបត្តិការចេញស្ទាក់ចាប់រថយន្តស៊េរី ទំនើបមួយគ្រឿងនេះ គឺបានធ្វើឡើងក្រោយទទួលបានបទបញ្ជាពី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ នៅរសៀលថ្ងៃនេះ។ លោកថា កម្លាំងប្រតិបត្តិការ បានស្ទាក់ចាប់រថយន្តស៊េរីទំនើបមួយគ្រឿង ប្រភេទស្តារិក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-9004 ដែលបានធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីដែនដីរដ្ឋបាលខេត្តព្រះវិហារ ក្នុងគោលបំណងនាំឆ្ពោះទៅ កាន់ខេត្តកំពង់ធំ ។ ក្រោយការបង្ក្រាប រថយន្តដឹកឈើមួយគ្រឿងនេះ ត្រូវបាននាំយកមកប្រគល់អោយ មន្ត្រីស្នាកើការបរិស្ថានអូរពោធិ៍ ពិនិត្យ វាស់វែង និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា សកម្មភាពចុះបង្ក្រាបការដឹកជញ្ជូនឈើតាមរថយន្តនេះផងដែរ កាលពីរសៀលថ្ងៃទី ១៣កក្កដាឆ្នាំ២០២០ កន្លងទៅនេះ កម្លាំងសមត្ថកិច្ចឆែប និងជ័យសែន ដែលដឹកនាំដោយ លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប បានចុះស្ទាក់ចាប់រថយន្តធន់ធំ១គ្រឿង ប្រភេទ FUSO ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-0702 នៅលើដងផ្លូវ១ខ្សែ ស្ថិតនៅក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។
នៅក្នុងប្រតិបត្តិការចុះបង្ក្រាបរថយន្តនោះ សមត្ថកិច្ចបានរកឃើញថា រថយន្តមួយគ្រឿងនេះ បានផ្ទុក ឈើអារថ្មី ប្រភេទលេខ១ និងលេខ២ គឺឈើស្រឡៅ ឈើឈ្លីក និងឈើទាល ដោយដាក់ឈើចាស់ពីលើ និងដាក់ឈើថ្មីពីក្រោម ហើយសមត្ថកិច្ចនៅក្នុងពេលនោះ ដកហូតឈើអារទាំងចាស់ និងថ្មី បានចំនួន ៣៥៩សន្លឹក និងដើម ស្មើនឹង ១០,៩៧១ «១០ ម៉ែត្រគូបត្រីគុណ ៩៧១» នេះបើតាមការបញ្ជាក់ ពីមន្ត្រី ជំនាញព្រៃឈើ។ សមត្ថកិច្ចនៅគ្រានោះ បានឃាត់បុរសតៃកុងរថយន្តដឹកឈើនោះ ឈ្មោះ ទូច ទី អាយុ ២៥ឆ្នាំ រស់នៅភូមិហួចកើត ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម ។ ក្រោយការឃាត់រួច កម្លាំងសមត្ថកិច្ច បាននាំយករថយន្តដឹកឈើ និងតៃកុងរថយន្ត មកកាន់ផ្នែករដ្ឋបាលព្រៃឈើឆែប រក្សាទុក និងធ្វើការសាក សួរ ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់ ៕