សមត្ថកិច្ចស្រុកឆែប ខេត្តព្រះវិហារ បានចុះបង្ក្រាបនឹងរឹបអូសឈេីអារជាង៣ម៉ែត្រគូបត្រីគុណ ដែលឈ្មួញបានដឹកយកមកទម្លាក់ចោល នៅមុខផ្ទះប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន

btshotnews
ខេត្តព្រះវិហារ៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឆែប ខេត្តព្រះវិហារ លោក សុខ សាន្តតារ៉ា បានបញ្ជាកម្លាំងសមត្ថកិច្ចមូលដ្ឋាន មានកម្លាំងផ្នែករដ្ឋបាលព្រៃឈើឆែប សហការជាមួយកម្លាំង អាវុធហត្ថស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឆែបមួយ នៃអធិការដ្ឋាននគរបាលស្រុកឆែប បានចុះ បង្ក្រាប និងរឹបអូសឈើអារ ដែលឈ្មួញបានដឹកជញ្ជូនយកមកទម្លាក់ទុក នៅមុខផ្ទះប្រជាពលរដ្ឋ។ ប្រតិបត្តិការនោះ បានធ្វើឡើងនៅថ្ងៃទី ១៦កក្កដាឆ្នាំ២០២០ម្សិលមិញនេះ នៅមុខផ្ទះប្រជាពលរដ្ឋ១គ្រួសារ ស្ថិតនៅក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។
មន្ត្រីផ្នែករដ្ឋបាលព្រៃឈើឆែប បានអោយដឹងថា ក្រោយទទួលបានការរាយការណ៍ ពីប្រជាពលរដ្ឋ មកថា មានឈើអារថ្មីមួយគំនរ ដែលត្រូវបានគេគរទុកនៅមុខផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅក្នុងមូល ដ្ឋានខាងលើនោះ កម្លាំងសមត្ថកិច្ចស្រុក ក្រោយទទួលបានបញ្ជាពី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ស្រុកឆែប លោក សុខ សាន្តតារ៉ា នោះរួចមក នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានអនុញ្ញាតអោយ លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប ដឹកនាំកម្លាំងសមត្ថកិច្ច ចុះទៅកាន់ មូលដ្ឋាននោះ ហើយធ្វើការដកហូតយកឈើ ទាំងនោះភ្លាមៗដែរ។
មន្ត្រីដដែលបានបន្តទៀតថា ក្រោយការដកហូតនោះរួច ឈើទាំងនោះត្រូវបានក្រុមសមត្ថកិច្ច មូលដ្ឋាន ដឹកជញ្ជូនយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើឆែប ហើយក្រោយការរាប់ និងវាស់រួច ឃើញថា ឈើដែលដកហូតបាននៅក្នុងពេលនោះ គឺជាឈើស្រឡៅ ប្រភេទលេខ១ មានចំនួន ៧៦សន្លឹក ស្មើនឹង៣ម៉ែត្រគូបត្រីគុណ ១២៧។ លោកបន្តថា នៅគ្រាចុះបង្ក្រាបឈើនោះ ក្រុមសមត្ថកិច្ច រួមជាមួយ អាជ្ញាធរមូលដ្ឋាន បានឧត្ថម្ភថវិកា ៩ម៉ឺនរៀល ជូនដល់ពលរដ្ឋមួយគ្រួសារ គឺគ្រួសារលោកពូ សំ ដែល កំពុងមានជម្ងឺប្រចាំកាយ សម្រាកព្យាបាលនៅផ្ទះ នៅក្នុងមូលដ្ឋាននោះ ទុកដោះស្រាយការលំបាកបាន មួយគ្រាដែរ៕