គ្រាប់យុទ្ធភ័ណ្ឌបន្សល់ពីសម័យសង្គ្រាមមួយគ្រាប់បានផ្ទុះឡេីង ហេីយបានឆក់យកជីវិតកុមារាម្នាក់ និងមនុស្ស៣នាក់ទៀត រងរបួសធ្ងន់និងស្រាល នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

btshotnews
ខេត្តព្រះវិហារ៖ កុមារាម្នាក់បានស្លាប់ និងមនុស្ស ៣នាក់ទៀត បានរងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការផ្ទុះគ្រាប់ត្បាល់ ៦០មីលីម៉ែត្រ ដែលជាកាកសំណល់សង្គ្រាម នាច្រើនទសវត្សន៍កន្លងមក និងហេតុការនោះ បានកើតឡើងនៅម៉ោងប្រមាណ ១២ថ្ងៃត្រង់ ថ្ងៃទី២៦កក្កដាឆ្នាំ២០២០ នៅចំណុច ដូនម៉ុក ស្ថិតនៅក្នុងឃុំកន្ទួត នៃស្រុកជាំក្សាន្ត។

លោកវរៈសេនីយ៏ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានប្រាប់អ្នកសារព័ត៌មាន អោយដឹង នៅថ្ងៃនេះថា នៅក្នុងហេតុការផ្ទុះក្បាលគ្រាប់ ប្រភេទត្បាល់ ៦០មីលីម៉ែត្រនោះ បានបណ្តាលអោយមនុស្ស ប្រុសស្រីក្មេងចាស់ ៤នាក់ បានស្លាប់ និងរងរបួសធ្ងន់ស្រាល ក្នុងនោះមានកុមារាម្នាក់ បានស្លាប់ភ្លាមៗ ដោយរងនឹងអំបែងគ្រាប់ គឺ ឈ្មោះ ស្មាន់ ម៉ា អាយុ ៥ឆ្នាំ និង៣នាក់ទៀតរងរបួស ១-ឈ្មោះ អឹម ម៉ារ៉ា ភេទស្រី អាយុ ៤ឆ្នាំ រងរបួសធ្ងន់ ,២- ហេង ពៅ ភេទស្រី អាយុ ៤ឆ្នាំ រងរបួសធ្ងន់ និង ៣- ឈ្មោះ សំ ស្មាន់ ភេទប្រុស អាយុ ៤២ឆ្នាំ ត្រូវជាឪពុកកុមារា ស្មាន់ ម៉ា ដែលបានបាត់បង់ជីវិត។ ជនរងគ្រោះទាំង៤នាក់ រស់នៅក្នុងមូលដ្ឋាន កើតហេតុខាងលើ។

លោកអធិការស្រុកជាំក្សាន្ត បានបន្តទៀតថា មូលហេតុដែលនាំអោយមានការផ្ទុះឡើង នូវក្បាល គ្រាប់ត្បាល់ ៦០មីលីម៉ែត្រ ដែលបានបន្សល់ពីសម័យសង្គ្រាមនោះ គឺដោយសារកុមារៗទាំងនោះ បានមក លេងជាមួយគ្នា ហើយបាននាំគ្នាយកក្បាលគ្រាប់នោះទៅគប់លេង។ លោកថា ក្បាលគ្រាប់ ៦០មីលីលម៉ែត្រ នេះ ឪពុកកុមារារងគ្រោះ និងជាជនរងគ្រោះ បានប្រទះឃើញនៅក្នុងវាលស្រែមួយ ហើយក៏បានរើសយក មកទុកចោលនៅក្បែរផ្ទះ និងមិនទាន់បានរាយការណ៍ជូន អាជ្ញាធរមូលដ្ឋាន រួមទាំងមន្ត្រីស៊ីម៉ាក់ អោយនាំ យកទៅកំទេចចោលផងនោះ ក៏ត្រូវបានកូនប្រុសជនរងគ្រោះ រួមនឹងកុមារីពីរនាក់ទៀត ដែលជាកូនអ្នកភូមិ រស់នៅជិតគ្នា បានយកទៅគប់លេង បណ្តាលអោយផ្ទុះឡើងទាំងមិនដឹងខ្លួន ហើយធ្វើអោយរងគ្រោះថ្នាក់ ទាំងអស់គ្នា នៅក្នុងពេលនោះតែម្តង។

លោកអធិការ បានបញ្ជាក់ថា ក្រោយហេតុការនោះ កម្លាំងអធិការដ្ឋាននគរបាលស្រុក និងមន្ត្រីប៉ុស្តិ៍ នគរបាលរដ្ឋបាល បានចុះពិនិត្យ និងធ្វើកោសលវិច្ច័យ ដោយក្នុងពេលនោះ មន្ត្រីជំនាញបានរកឃើញថា ការស្លាប់ និងរងរបួសរបស់ជនរងគ្រោះទាំង៤ គឺពិតជាបានបង្កឡើងពីការផ្ទុះក្បាលគ្រាប់ត្បាល់ ៦០មីលី ម៉ែត្រនោះ យ៉ាងប្រាកដមែន។ លោកបានបញ្ជាក់ដដែលថា កុមារីរងគ្រោះ២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ បន្ទាន់ នៅក្នុងមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ ។
ចំណែក សាកសពកុមារារងគ្រោះ ត្រូវបានប្រគល់ទៅ អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕