ឧបនាយករដ្ឋមន្រ្តី ជាសុផារ៉ា និងរដ្ឋមន្រ្តី២រូបទៀត បានបន្តប្រជុំផ្សព្វផ្សាយផែនការចុះបញ្ជីដី និងដោះស្រាយវិវាទដីធ្លី នៅខេត្តមណ្ឌលគិរី

btshotnews
មណ្ឌលគិរី៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិសា្ថន បានប្រជុំផ្សព្វផ្សាយ និងអនុវត្តន៍ផែនការចុះបញ្ជីដី, ការដោះស្រាយវិវាទដីធ្លី និងគាំទ្រការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី។
កិច្ចប្រជុំនេះ បានធ្វើឡើងនាវេលាព្រឹកថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០នេះ នៅសាលាខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

តាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រុមការងារអន្តរក្រសួងមានចំនួនសរុបប្រមាណ ៥៥០ នាក់ ក្នុងនោះក្រុមការងារវាស់វែងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមាណ ៣០០ នាក់, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៥០ នាក់ និងក្រសួងបរិស្ថាន ប្រមាណ ២០០ នាក់។

ដោយប្រើប្រាស់ឧបករណ៍ T 300 Plus GNSS ដែលមានភាពជាក់លាក់ខ្ពស់ក្នុងការវាស់វែងតាមរយៈការចាប់យកទិន្នន័យពីផ្កាយរណប ក្រុមការងារវាស់វែងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើការវាស់វែងនិងចុះបញ្ជីដីរដ្ឋដែលនៅសេសសល់តាមការចង្អុលបង្ហាញព្រំដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានដែលជាអាជ្ញាធរកាន់កាប់ដីរដ្ឋ, វាស់វែងនិងប្រមូលទិន្នន័យដីដែលប្រជាពលរដ្ឋកាន់កាប់ជាក់ស្តែងក្នុងទីតាំងដីរដ្ឋ, ចុះបញ្ជីដីប្រជាពលរដ្ឋដែលកាន់កាប់និងអាស្រ័យផលយូរមកហើយ ដែលនៅសេសសល់នៅតាមភូមិ និងដីសហគមន៍ជនជាតិដើមភាគតិច ព្រមទាំងដោះស្រាយវិវាទដីធ្លី និងគាំទ្រការរៀបចំផែនការប្រើប្រាស់ដី។

សូមជម្រាបថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ថ្មីៗនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅក្រសួងក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី ឱ្យកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ។

ទន្ទឹមនឹងការបញ្ជាឱ្យរៀបចំកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីលក្ខខណ្ឌត្រូវអនុវតមួយចំនួនផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងក្នុងតំបន់ដីរដ្ឋដូចបញ្ជាក់ខាងលើ គឺហាមកាប់ឆ្ការទន្រ្ទានវាតទីយកដីបន្ថែម គឺមិនអនុញ្ញាត្តិជាដាច់ខាត។

សម្តេចបានបន្ថែមថា ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធ និងអាជ្ញាធរត្រូវធ្វើឱ្យបានហ្មត់ចត់ត្រឹមត្រូវ ហាមដាច់ខាតឆ្លៀតកេងចំណេញយកចំណែកខ្លួនពីការបែងចែកដីជូនពលរដ្ឋ គឺនឹងត្រូវទទួលទោសជាកំហិត។

ក្រៅពីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋទៅតាមទំហំរស់នៅជាក់ស្តែង គឺរដ្ឋនឹងបន្ថែមជូនផ្ទៃដី១០% ជាប្រយោជន៍រួមសម្រាប់សហគមន៍ប្រើប្រាស់ជាព្រៃរកអុស និងជាជម្រកសត្វគោក្របីស៊ីស្មៅជាដើម។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានយកដីរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា កន្លងមកសម្តេចបានសង្កេតឃើញមានតែអ្នកមានអំណាច និងអ្នកមានទ្រព្យច្រើនប្រើអ្នកតូចតាចឱ្យទៅកាប់រុករានទន្ទ្រានយកដីឱ្យខ្លួន។ រីឯចំពោះក្រុមជនខិលខូចដែលទៅទន្ទ្រានយកដីរដ្ឋក្នុងមួយយប់ធ្វើបានខ្ទមពី ១០ ទៅ២០ ក៏សម្តេចបានដឹង និងកំណត់អត្តសញ្ញាណ និងមុខសញ្ញារួចអស់ហើយដែរ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្រាប់ជនដែលធ្វើសកម្មភាពទាំងនេះ បើរកឃើញថាបានប្រព្រឹត្តិមែននោះ នឹងត្រូវចាប់ខ្លួន៕