អភិបាលខេត្តព្រះសីហនុ រំលឹកដល់អាជ្ញាធរឃុំ ខិតខំបម្រេីប្រជាពលរដ្ឋរបស់ខ្លួនឲ្យបានល្អ

btshotnews
ព្រះសីហនុ៖ ក្បាលម៉ាស៊ីនដឹកនាំថ្នាក់ឃុំចំនួន២ នៅស្រុកព្រៃនប់ នាវេលាព្រឹកថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០ម្សិលមិញនេះ ត្រូវបានប្តូរសមាសភាពចាស់ផ្លាស់សមាសភាពថ្មីទាំងមេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ។
ឃុំទាំង២នេះរួមមាន៖
*ទី១៖ ឃុំទួលទទឹង
*ទី២៖ ឃុំទឹកល្អក់។

ការប្រកាសទទួលស្គាល់ប្រធានក្រុមប្រឹក្សាឃុំ មេឃុំ និងសមាជិក្រុមប្រឹក្សាឃុំទាំងពីរនេះ បានធ្វើឡើងក្រោមអធិបតីលោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយមានវត្តមាននៃមន្ត្រីជាច្រើនទៀតផងដែរ។

លោក ស កក្កដា អភិបាលស្រុកព្រៃនប់ ឲ្យដឹងថា មូលហេតុនៃការប្តូរសមាសភាពមេឃុំ សមាជិកក្រុមប្រឹក្សាឃុំថ្មីនេះ គឺបានធ្វើឡើងដោយសារពួកគាត់សុំលាឈប់សម្រាក ព្រោះពួកគាត់មានវ័យចាស់ជរា និងសុខភាពមិនមាំទាំ។

ទោះយ៉ាងណាអ្នកដែលត្រូវផ្លាស់ប្តូរចេញនេះ ត្រូវប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តព្រះសីហនុ នៅតែកោតសរសើរថា បានខិតខំបំពេញតួនាទីរបស់ខ្លួនកន្លងមក ក្នុងបុព្វហេតុបម្រើជាជនក្នុងមូលដ្ឋានបានល្អប្រសើរ និងដឹកនាំអភិវឌ្ឍភូមិឃុំទទួលបានការរីកចំរើនគួរកត់សំគាល់។

សូមជម្រាបថា: ពិធីប្រកាសទទួលស្គាល់ ប្រធានក្រុមប្រឹក្សាឃុំ ជាមេឃុំទួលទទឹង និងសមាជិក្រុមប្រឹក្សាឃុំមួយចំនួនផងដែរ ស្របតាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ ២៨៨០ប្រក. ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។

លោក ឯម សុគា ត្រូវបានប្រកាសជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំទួលទទឹងថ្មីជំនួសលោល អ៊ុង ហ៊ុយ សុំលាឈប់សម្រាកដោយសារវ័យចាស់ជរា និងសុខភាពចុះខ្សោយ។ នៅរសៀលថ្ងៃដដែលនេះដែរ ប្រកាស់ទទួលស្គាល់មេឃុំនិងសមាជិកក្រុមប្រឹក្សាឃុំទឹកល្អក់។

លោក គួច ចំរើន បានណែនាំដល់មេឃុំ សមាជិកក្រុមប្រឹក្សាឃុំដែលទទួលបានតំណែងថ្មីនេះ ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោយឈរលើមូលដ្ឋានច្បាប់/លិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមានដើម្បីបម្រើប្រជាជនក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងឲ្យបានល្អប្រសើរ និងត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្ដេចតេជោ ហ៊ុន សែន «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនាពីរគឺ «កែទម្រង់ខាងក្នុង» និង «បង្កើតមិត្តខាងក្រៅ»៕