គ្រោះថ្នាក់ក្រឡាប់រថយន្ត បង្កឡេីងដោយខ្លួនឯង បានធ្វេីឲ្យមនុស្សប្រុសស្រី៤នាក់ រងរបួសធ្ងន់ និងស្រាល សមត្ថកិច្ចបានចុះជួយអន្តរាគមន៍ ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ បានទាន់ពេលវេលា

btshotnews
ខេត្តព្រះវិហារ៖ មនុស្សប្រុសស្រី ៤នាក់ បានរងរបួសធ្ងន់ និងស្រាល ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត ដែលបានបង្កឡើងដោយខ្លួនឯង ដែលហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណ ជា៣ និង៣០នាទីរសៀល ថ្ងៃទី៣០កក្កដាឆ្នាំ២០២០ ម្សិលមិញនេះ នៅលើដងផ្លូវជាតិលេខ៦២ ត្រង់ចំណុចតាកឹង ខាងត្បូងជិតខ្ទមអ្នកតា ស្ថិតក្នុងភូមិសាស្ត្រ ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ។

អធិការនគរបាលស្រុកគូលែន លោកវរៈសេនីយ៍ទោ ឡាញ់លី ស៊ីវឡេង បានប្រាប់ឲ្យដឹងថា នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍នោះ បានបណ្តាលអោយមនុស្សប្រុសស្រី ៤នាក់ រងរបួស ក្នុងនោះ អ្នកបើកបរម្នាក់ និងអ្នករួមដំណើរ ៣នាក់ ដែលត្រូវជាម្តាយ កូន និងប្រពន្ធ គឺ ១. ឈ្មោះ មុំ សុផាន់ណា ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកបើកបរ , ២. ឈិន ឡុងស៊ីម ភេទស្រី អាយុ២៧ឆ្នាំ ត្រូវជាប្រពន្ធអ្នកបើកបរ , ៣. រឿម វិចិត្រា ភេទស្រី អាយុ៨ខែ ត្រូវជាកូនអ្នកបើកបរ និង ៤. ឈ្មោះ គឹម ឡុង ភេទស្រី អាយុ៥០ឆ្នាំ ត្រូវជាម្ដាយក្មេកតៃកុងរថយន្ត ជនរងគ្រោះទាំង ៤នាក់ រស់នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកអធិការស្រុកគូលែន បានបន្តឲ្យដឹងទៀតថា ជនរងគ្រោះជិះរថយន្តប្រភេទ កាមរីស្វិត ពណ៌ស ពាក់ស្លាកលេខ ច-8072 ភព២ បើកបរក្នុងទិសដៅពីជើងមកត្បូង «ដឹកប្រពន្ធមកកាន់មន្ទីរពេទ្យ»។ ហើយមូលហេតុដែលនាំអោយ កើតឡើងនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយខ្លួនឯងនេះ គឺដោយ សាររថយន្តជាប់ហ្វ្រាំង រួចក៏បានបោកធ្លាក់ទៅម្ខាងផ្លូវ ធ្វើអោយមនុស្សនៅក្នុងរថយន្តនោះរងរបួស រីឯ រថយន្តរងការខូចខាត ប៉ុន្តែ មិនបានបង្កការគ្រោះថ្នាក់ដល់អ្នកដទៃនោះឡើយ។ លោកថា ក្រោយហេតុ ការណ៍គ្រោះថ្នាក់ កម្លាំងអធិការនគរបាលស្រុក រួមនឹងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល បានជួយអូសរថយន្ត ដែលជាវត្ថុតាង យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ។ ចំពោះអ្នករងរបួស ត្រូវបានរថយន្តសង្គ្រោះ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អេក ១៦មករា ខេត្តព្រះវិហារ ។

លោក ឡាញ់លី ស៊ីវឡេង បានបញ្ជាក់អោយដឹងថា ខណៈនេះជនរងគ្រោះ បានធូរស្រាលវិញហើយ ក្រោយការជួយព្យាបាលយ៉ាងយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យបង្អែកខេត្ត ហើយក៏បានមកទទួលយក រថយន្តពីប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ទៅជួសជុល និងទុកប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងគ្រួសារវិញហើយដែរ ៕