កូនឈេីប្រណិត ចំនួន២៥០០០ដេីម ត្រូវបានដាំនៅអាស្រមវត្តភ្នំជី ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ

btshotnews
កំពង់ធំ៖ លោក ឡង គីសឹង អភិបាលស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីដាំកូនឈើ ប្រណិតប្រភេទធ្នុង បេងគ្រញូង ចំនួន២៥០០ដើម នៅចំណុចអាស្រមវត្តភ្នំជី ស្ថិតនៅក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ព្រះតេជគុណនៅវត្តភ្នំជី មន្ត្រីបរិស្ថានឧទ្យានុរក្ស សង្កាត់រដ្ឋបាលព្រៃឈើទំរីង អាជ្ញាធរ ឃុំ ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូប។

នៅក្នុងឱកាសនោះផងដែរ លោក ឡង គីសឹង ក៏បានអំពាវនាវ ដល់អាជ្ញាធរស្រុក សមត្ថកិច្ចពាក់ព័ន្ធ ពិសេសបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមដាំកូនឈើឡើងវិញ និងធ្វើការផ្សព្វផ្សាយ ដល់មូលដ្ឋានប្រជាពលរដ្ឋ ឲ្យមានការយល់ដឹង ឲ្យកាន់តែច្បាស់ពីគុណប្រយោជន៍ និងការគ្រប់គ្រងធនធានព្រៃឈើ តាមរយៈកែលម្អសុខភាព ធនធានធម្មជាតិ និងការស្ដារឡើងវិញ នៅដីព្រៃដែរ រិចរិល ឲ្យខ្លាចទៅជា ព្រៃសំបូរបែប ធនធាន និងផលអនុផលព្រៃឈើ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ប្រើប្រាស់ក្នុងសហគមន៍ ព្រមទាំងបង្កើតដល់សម្រស់ធម្មជាតិព្រៃឈើ និងដែនទេសភាពទាំងមូល។

លោកបានបន្តទៀតថា ព្រៃឈើមិនត្រឹមតែជួយដល់មនុស្ស សត្វ និងបរិស្ថាន នោះទេ ប៉ុន្តែព្រៃឈើ ជារបាំងខ្យល់ទប់ស្កាត់ការសឹករេចរឹល ព្រៃឈើការពារនូវការ ហូរច្រោះទប់ស្កាត់ការបាក់ស្រុត ផ្សេងៗការពារគ្រោះធម្មជាតិ ព្យុះគ្រោះរាំងស្ងួតជាដើម។

ក្រោយពីកម្មវិធីដាំកូនឈើត្រូវបានបញ្ចប់ លោកអភិបាល ក៏បានអញ្ជើញឡើងទៅអាស្រមវត្តភ្នំជី ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខ ក្នុងការរស់នៅប្រចាំថ្ងៃរបស់បងប្អូន អ៊ំពូមីង នៅទីនោះ ហើយនិងសូមឲ្យបងប្អូនទាំងអស់ ចូលរួមសំអាតអនាម័យទាំងអស់គ្នា ដើម្បីឲ្យជៀសផុត នៃការរីករាលដាល នៃជំងឺកូវីដ១៩ ទាំងអស់គ្នា៕