ប្រកាសចូលកាន់តំណែងប្រធានមន្ទីរសេដ្ឋកិច្ចថ្មី ខេត្តព្រះសីហនុ លោកជ័យ វិមានរិទ្ធ អនុប្រធានម្ទីរសេដ្ឋកិច្ច រាជធានីភ្នំពេញ ជំនួសលោក ស៊ុន ថូង ដែលចូលនិវត្តន៍

btshotnews
ព្រះសីហនុ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសតែងតាំងលោក ជ័យ វិមានរិទ្ធ ពីអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ ផ្ទេរមកកាន់មុខតំណែងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុថ្មី ជំនួសលោក ស៊ុន ថូង ដែលបានសុំចូលនិវត្តន៍។

ក្នុងឱកាសប្រកាសតែងតាំងមុខតំណែងថ្មី នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោក ជ័យ វិមានរិទ្ធ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំ នៅចំពោះមុខមន្រ្តីថ្នាក់ដឹកនាំទាំងអស់ ក្នុងខេត្តព្រះសីហនុ ចំនួន៦ចំណុច៖
១៖ សហការ សម្របសម្រួលការងារគ្រប់គ្រង លើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយមន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យបានល្អប្រសើរ។
២៖ ផ្សព្វផ្សាយណែនាំ អនុវត្តគោលនយោបាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដល់មន្ទីរជំនាញអង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្នុងនោះមានជាអាទិ៍៖ កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ និងកំណែទម្រង់ប្រព័ន្ធបៀវត្សស្របនឹងគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
៣៖ គ្រប់គ្រង ត្រួតពិនិត្យ និងជំរុញការប្រមូលចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទ របស់មន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យអស់លទ្ធភាព។
៤៖ ពង្រឹង និងបង្កើនប្រសិទ្ធភាពលើការងារ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។
៥៖ ចូលរួមរៀបចំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តចំណូល-ចំណាយថវិការបស់មន្ទីរជំនាញ អង្គភាពនានា និងរដ្ឋលបាលថ្នាក់ក្រោមជាតិ ។
៦៖ ពង្រឹងមិត្តភាព សាមគ្គីភាពផ្ទៃក្នុង ដើម្បីប្រសិទ្ធភាពការងារប្រចាំថ្ងៃ និងភាពសុខដុមរម្យនានៅក្នុងមន្ទីរ។

បណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ការងារកែទម្រង់ គឺការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីដឹកនាំកម្ពុជាឈានទៅសម្រេច បានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

លោកបានផ្តាំផ្ញើដល់លោក ជ័យ វិមានរិទ្ធ ដែលជាប្រធានមន្ទីរថ្មី ត្រូវខិតខំអនុវត្តន៍តួនាទី ភារកិច្ចអោយបានល្អ ទន់ភ្លន់ ហ្មត់ចត់មានតម្លាភាពប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវខ្ពស់ និងត្រូវសហការជាជាមួយគ្រប់មន្ទីរជំនាញស្របតាមគោលនយោបាយកំណែទម្រង់ ការងារគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យកាន់តែល្អប្រសើរ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ដើម្បីមានលទ្ធភាព ការកសាងអភិវឌ្ឃន៍ក្នុងមូលដ្ឋាន យើងចាំបាច់ត្រូវតែមានថវិកា ហើយថវិការនោះ ត្រូវតែមានការគ្រប់គ្រង ដោយតម្លាភាពទើបធ្វើឲ្យសមិទ្ធផលរបស់យើងវាកើតឡើង ធំធេងទៅតាមបំណងប្រាថ្នារបស់យើង។

លោកបន្ថែមទៀតថា តម្រូវការរបស់យើង គឺធំធេង ថវិការយើងមាននូវមានកំរិត ប៉ុន្តែបើយើងខិតខំច្នៃប្រឌិត ប្រើប្រាស់នូវកញ្ចប់ថវិកានោះឲ្យតាមត្រឹមត្រូវ យើងនឹងបង្កើននូវសមិទ្ធផលនៅក្នុងមូលដ្ឋានរបស់យើង៕