អ្នកនាំពាក្យក្រសួងបរិស្ថាន លេីកទឹកចិត្តអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋឲ្យបង្កេីនការដាំដេីមឈេីនៅតាមទីសាធារណ ដេីម្បីបង្កើនភាពបៃតង និងបង្កើនគុណភាពខ្យល់ !

btshotnews
ព្រះវិហារ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងបរិស្ថាន បានបន្តលើកទឹកចិត្តអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋឱ្យបង្កើនការចូលរួមដាំដើមឈើនៅតាមទីសាធារណៈ សាលារៀន វត្តអារាម និងនៅតាមក្រសួង មន្ទីរអង្គភាពនានាដើម្បីបង្កើនភាពបៃតង ចូលរួមការពារបរិស្ថាននិងធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ី បង្កើនគុណភាពខ្យល់ ថែរក្សាគុណភាពដី និងការពារប្រភពទឹកក្រោមដីសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត បន្ថែមពីលើព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិដែលកម្ពុជាមានស្រាប់ និងបានកំពុងការពារនិងអភិរក្ស។

ការលើកទឹកចិត្តឱ្យបង្កើនការដាំដើមឈើរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងឱកាសប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មន្ត្រីរាជការ សិស្សនិស្សិតកងកម្លាំងសមត្ថកិច្ចដោយមានការដាំដើមឈើជានិមិត្តរូបនៅក្នុងបរិវេណសាលាខេត្តព្រះវិហារ។

រដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា ព្រៃឈើដើរតួនាទីសំខាន់ក្នុងការការ ពារប្រព័ន្ធអេកូឡូស៊ីដែលយើងចាំបាច់ត្រូវដាំបន្ថែមពីលើឈើធម្មជាតិដែលកម្ពុជាមាន។
លោក នេត្រ ភក្ត្រា បានថ្លែងថាបច្ចុប្បន្ន គម្របព្រៃឈើកម្ពុជាមានជាង ៨,៥លានហិកតាស្មើនឹង ៤៦,៨៦% នៃផ្ទៃដីសរុប របស់កម្ពុជា។

ដោយឡែកផ្ទៃដីព្រៃឈើដែលស្ថិតក្រោម ការការពារ និងអភិរក្សដោយក្រសួងបរិស្ថានមានទំហំប្រមាណ ៧,៣លានហិកតាដោយចែកចេញជា ៦៥តំបន់ការពារធម្មជាតិដែលរួមមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង រួមនឹងរបៀងអភិរក្សជីវៈចម្រុះ។

រដ្ឋលេខាធិការរូបនេះ បានលើកឡើងថា នៅពេលតាមទីប្រជុំជន និងភូមិដ្ឋានប្រជាពលរដ្ឋមានភាពបៃតង នោះនឹងចូលរួមយ៉ាងសំខាន់ក្នុងការធ្វើឱ្យខ្យល់បរិសុទ្ធ រក្សាគុណភាពដី និងប្រភពទឹកក្រោមដី និងជាផ្នែកមួយនៃការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

បន្ថែមពីលើនេះ រលោក នេត្រ ភក្ត្រា បានបន្តលើក ទឹកចិត្តប្រជាពលរដ្ឋគ្រប់គ្រង និងទុកដាក់សំណល់ដែលបង្កើតឡើងឱ្យបានត្រឹមត្រូវទាំងសំណល់ដែលកើតចេញពីការប្រើប្រាស់រាល់ថ្ងៃ និងសំណល់នៅក្នុងបរិស្ថាន ដោយធ្វើការញែកសំរាមឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ទាំងការបង្កើនភាពបៃតងនៅក្នុងសហគមន៍ដោយការដាំដើមឈើ និងការសម្អាតអនាម័យបរិស្ថានជាប្រចាំនោះនឹងធ្វើឱ្យភូមិដ្ឋាន សហគមន៍និងទីក្រុង របស់យើងមានបរិស្ថានល្អស្អាត មានអនាម័យ និងផ្តល់នូវផាសុកភាពដល់ការរស់នៅ និងធ្វើឱ្យសហគមន៍ របស់យើងមានសុខភាពល្អ ដែលស្របនឹងទិសស្លោកនៃការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២០ គឺ «អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ»។

នាឱកាសប្រារព្ធទិវាអនាម័យបរិស្ថានជាតិនេះដែរ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានក្រើនរម្លឹក ក៏ដូចជាជំរុញឱ្យស្ថាប័នសាធារណៈ និងឯកជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ចូលរួមធ្វើអនាម័យ និងថែរក្សាបរិស្ថានជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន។ លោកក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ជាមួយនឹងស្ថាប័នពាក់ព័ន្ធ ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីការគ្រប់គ្រង ទុកដាក់សំរាម និងសំណល់រឹងឱ្យបានត្រឹមត្រូវផងដែរ។

ជាមួយគ្នានេះដែរ លោក ជួប បារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន ជាពិសេស អាជ្ញាធរ និងមន្ត្រីរាជការនៃខេត្តព្រះវិហារ យុវជន សិស្ស និស្សិត នៅជុំវិញខេត្ត ដែលតែងតែគាំទ្រដល់គ្រប់ចលនាបរិស្ថាន។

លោកសង្ឃឹមថា ការប្រារព្ធទិវានេះ នឹងក្លាយជាចរន្តចលករដែលជំរុញឲ្យមានការផ្តើមធ្វើសកម្មភាពមេត្រីភាពបរិស្ថានចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវក្នុងការទុកដាក់សំណល់ និងមិនបោះចោលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពទូទាំងប្រទេស និងសេចក្តីថ្លៃថ្នូររបស់ខ្លួនឯង។

លោក ជួប បារីស៍ ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនក្នុងការថែរក្សាបរិស្ថានរួមមាន៖ អនាម័យខ្លួនឯងជាប្រចាំ, ទុកដាក់សំរាមឱ្យត្រូវក្នុងធុង, ស្រឡាញ់ ការពារ និងដាំដើមឈើ៕