ស្នងការនគរបាលខេត្តព្រះវិហារ បញ្ជូនជនសង្ស័យដៃដល់ម្នាក់ ប្រេីកាំបិតផ្កាក់ផ្ដាច់ជីវិតជនរងគ្រោះ នៅក្នុងជម្លោះក្នុងវង់ផឹកស៊ី ទៅកាន់តុលាការខេត្តដេីម្បីផ្ដន្ទាទោស !

btshotnews
ខេត្តព្រះវិហារ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បញ្ជូនខ្លួនជនសង្ស័យដៃដល់ម្នាក់ ដែលបានប្រើកាំបិតផ្គាក់កាប់មកលើជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗ ទៅតុលាការខេត្តនោះហើយ នៅថ្ងៃទី២៤វិច្ឆិកាឆ្នាំ២០២០នេះ។

ករណីឃាតកម្មនេះ បានកើតឡើងនាវេលាម៉ោង ១ និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០២០ ត្រង់ចំណុចវាលលោមនាង ស្ថិតក្នុងភូមិសែនរុងរឿង៤ ឃុំមរតកតេជោ ស្រុកជាំក្សាន្ត និងក្រោយហេតុការណ៍នោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានចុះឃាត់ខ្លួនជនសង្ស័យភ្លាមផងដែរ។

អធិការនគរបាលស្រុកជាំក្សាន្ត លោកវរសេនីយ៍ទោ ឱ សេង បានប្រាប់ឲ្យដឹងថា នៅមុនអំពើឃាតកម្មដែលបានកើតឡើងនេះ ជនសង្ស័យដៃដល់ និងជនរងគ្រោះ រួមទាំងអ្នកជិតខាងផ្សេងទៀត បានអង្គុយផឹកស្រារួមគ្នា ហើយនៅក្នុងពេលនោះ ពួកគេម្នាក់ៗ ហាក់ដូចជាស្រវឹងស្រារៀងៗខ្លួន ក៏កើតមានទាស់សម្តីគ្នាយ៉ាងតឹងតែង មួយលើកជាពីរលើក បន្ទាប់មកពួកគេក៏បានទៅជ្រៀកឈើ ពេលទៅដល់ ជនសង្ស័យ និងជនរងគ្រោះ បានបន្តជជែកគ្នាខ្លាំងឡើងៗ រហូតផ្ទុះអំពើហឹង្សា ជនដៃដល់បានស្ទុះទៅទាញយកកាំបិតផ្គាក់ មកកាំជនរងគ្រោះពីរកាំបិតចំក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង។ លោកអធិការបានបន្តថា ក្រោយហេតុការណ៍នោះ កម្លាំងអធិការដ្ឋាននគរបាលស្រុក បានចុះឃាត់ខ្លួនជនសង្ស័យដៃដល់ភ្លាមៗផងដែរ បញ្ជូនមកធ្វើការសាកសួរ និងបញ្ជូនបបន្តមកកាន់ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។

ស្នងការរង ទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ លោកវរៈសេនីយ៍ឯក សេង ផល្លី បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្ត នៅក្នុងពេលនេះ ឈ្មោះ សារ៉ាត់ សារិត ភេទប្រុស អាយុ ២៧ឆ្នាំ មានស្រុកកំណើត ភូមិពយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកបានបន្តថា ជនបង្កបានប្រើប្រាស់កាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះ ឈ្មោះ រ៉ា បឹប ភេទប្រុស អាយុ ២៤ឆ្នាំ មានស្រុកកំណើត ភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

ជនរងគ្រោះបានរងការកាប់ពីជនសង្ស័យដៃដល់ ចំនួន ២កាំបិត ១កាំបិតត្រូវចំលើគល់ក និង១កាំបិទទៀត កាប់ត្រូវចំគុម្ពត្រចៀកស្តាំ ក្នុងពេលដែលជនរងគ្រោះ កំពុងឈរអារឈើ។ លោកថា ជនសង្ស័យ និងជនរងគ្រោះ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងមូលហេតុខាងលើ។ មូលហេតុដែលនាំឲ្យកើតឡើង នូវអំពើឃាតកម្មនោះ គឺផ្តើមចេញពីការទាស់ពាក្យសម្តីគ្នា ពេលស្រវឹងស្រាក្នុងវង់ផឹកស៊ី។

លោកវរសេនីយ៍ឯក សេង ផល្លី បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការចុះឃាត់ខ្លួនជនសង្ស័យដៃដល់នៅពេលនោះ គឺកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ដោយអនុវត្តតាមបទបញ្ជារបស់ ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួសសុខ តារ៉ា ចុះចាប់ខ្លួនជនបង្ក បញ្ជូនកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត ដើម្បីធ្វើការសាកសួរ។ លោកបានបញ្ជាក់ទៀតថា នៅចំពោះសមត្ថកិច្ចជំនាញ ជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានកាប់ទៅលើជនរងគ្រោះយ៉ាងពិតប្រាកដមែន។ នៅថ្ងៃទី២៤វិច្ឆិកាឆ្នាំ២០២០នេះ ជនសង្ស័យដៃដល់ ត្រូវបានបញ្ចប់ការសាកសួរ និងចងក្រងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធី៕