អភិបាលខេត្តព្រះវិហារ បានទទួលយកសំណើររបស់ប្រជាពលរដ្ឋមកពិភាក្សាដោះស្រាយ ដេីម្បីបញ្ចប់ក្ដីវិបត្តិនានា ដែលកេីតឡេីងក្នុងពេលកន្លងមក តាមរយៈវេទិការសាធារណៈមួយ នៅក្នុងស្រុកឆែប !

btshotnews
ខេត្តព្រះវិហារ៖ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក សុវណ្ណ ,អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី បានអញ្ជើញបើកវេទិការសាធារណៈ ផ្សព្វផ្សាយ និងពិគ្រោះយោបល់មួយ ដើម្បីទទួលយកបញ្ហានានា ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន យកមកធ្វើការដោះស្រាយ ដើម្បីបញ្ចប់វិបត្តិទាំងឡាយ ដែលបានកើតឡើងនាពេលកន្លងមក។

វេទិការសាធារណៈនេះ បានរៀបចំធ្វើឡើង នៅក្នុងបរិវេណ សាលាឆទានវត្តចាស់ ស្ថិតក្នុងភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប កាលពីថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០២០ ដែលមានការចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព អាជ្ញាធរស្រុក និងប្រជាពលរដ្ឋច្រើនរយនាក់ ផងដែរ។

ប្រជាពលរដ្ឋច្រើនរយគ្រួសារ នៅក្នុងស្រុកឆែប បានលើកឡើងនូវចំណោទបញ្ហាជាច្រើន ដើម្បីស្វែងរកការជួយដោះស្រាយពីអាជ្ញាធរខេត្ត។ បញ្ហាដែលជាចំណោទ នៅក្នុងខេត្តព្រះវិហារ រួមមាន ស្នើសុំឲ្យមានប្រព័ន្ធទឹកស្អាតប្រើប្រាស់ ,រកកិច្ចអន្តរាគមន៍លើការបម្រើសេវាសាធារណៈ ឲ្យបានឆាប់រហ័ស, ភាពវិវាទដីធ្លី រវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុន និងបញ្ហាប្រឈមមួយចំនួនទៀត ដែលជាចំណោទនៃការស្វែងរកការជួយដោះស្រាយ ពីអាជ្ញាធរខេត្តព្រះវិហារ។
ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ឡុង សុវណ្ណ បានទទួលយកសំណើរជាច្រើនពីប្រជាពលរដ្ឋ ដែលបាន និងកំពុងជួបបញ្ហាប្រឈម នឹងជីវភាពរស់នៅ ពាក់ព័ន្ធនឹងកង្វះប្រព័ន្ធទឹកស្អាត ,ភាពយ៉ឺតយ៉ាវក្នុងការបម្រើសេវាសាធារណៈ ,ទំនាស់ដីធ្លី រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ,ការទន្ទ្រានយកដីសហគមន៍ព្រៃឈើ ពីពលរដ្ឋចំណាកស្រុក ,យោធិនពិការកង្វះដីសង់លំនៅដ្ឋាន និងដីបង្កបង្កើនផល ។ល។ ដើម្បីយកមកពិគ្រោះ ពិភាក្សារកដំណោះស្រាយ ជូនប្រជាពលរដ្ឋនៅពេលក្រោយ។

លោក ឡុង សុវណ្ណ បានមានប្រសាសន៍ថា វេទិការនេះ នឹងជម្រុញឲ្យមន្ត្រីរាជការ អាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ធ្វើការផ្លាស់ប្តូរឥរិយាបថ កែលំអរ និងលុបបំបាត់ភាពអសកម្មនានា នៅក្នុងមូលដ្ឋាន ឈានទៅរកការដោះស្រាយបានទាន់ពេលវេលា មានការអភិវឌ្ឍសមត្ថភាព ឲ្យទទួលបានភាពរីកចំរើន សំដៅកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយ រាជរដ្ឋាភិបាល។

លោក ស៊ូ សិរី អភិបាលរងខេត្តបានមានប្រសាសន៍ថា បញ្ហាទាំងឡាយដែលមិនទាន់បានដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងពេលនេះ ថ្នាក់ដឹកនាំខេត្តនឹងយកទៅពិភាក្សា ហើយជំរុញឲ្យមានការដំណោះស្រាយជាបន្តបន្ទាប់ នៅពេលខាងមុខនេះ។ លោក អភិបាលរងខេត្ត បានបញ្ជាក់ថា ក្រុមប្រឹក្សាខេត្ត រួមនឹងរដ្ឋបាលខេត្ត នឹងខិតខំឲ្យអស់លទ្ធភាព តាមអ្វីដែលអាចធ្វើទៅបាន ដើម្បីឆ្លើយតបនឹងសំណូមពរ និងក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ការពង្រឹងក្នុងការផ្តល់សេវាសាធារណៈ និងការដោះស្រាយទាំនាស់ដីធ្លី ដើម្បីធ្វើឲ្យប្រជាពលរដ្ឋ មានជំនឿទុកចិត្តមកលើអាជ្ញាធរ។

លោក ស៊ូ សិរី អភិបាលរងខេត្ត បានជំរុញមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ត្រូវខិតខំដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សបំផុត មិនត្រូវទុកឲ្យបញ្ហាដដែលកើតឡើងហើយ ទើបដោះស្រាយជាក្រោយនោះទេ។ ចំពោះការទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ ឬដីសហគមន៍ព្រៃឈើ អាជ្ញាធរ និងមន្ត្រីជំនាញមូលដ្ឋាន មិនត្រូវចុះហត្ថលេខា ឬផ្តិតមេដៃ ចុះបញ្ជីដីធ្លីទទួលសិទ្ធិស្របច្បាប់ជាដាច់ខាត។ រីឯ ប្រជាពលរដ្ឋ ក៏ត្រូវបញ្ឈប់ជាបន្ទាន់ នូវការទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ ឬដីព្រៃសហគមន៍ ព្រោះជាទង្វើល្មើសច្បាប់ ៕