រដ្ឋមន្ត្រីក្រសួងការពារជាតិ ដាស់តឿនដល់កងទ័ពទាំងអស់ រួមគ្នាការពារខណ្ឌសីមា និងតំបន់ប្រវត្តិសាស្ត្រយោធា ជាប់ព្រំដែន ថៃ -ឡាវ !

btshotnews
ខេត្តព្រះវិហារ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានដាស់តឿនដល់កងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងឡាវ ត្រូវបន្តយកចិត្តទុកដាក់ការពារ ទឹកដី និងតំបន់ប្រវត្តិសាស្រ្តយោធា អោយបានគង់វង្ស សម្រាប់ជាតឹកតាងប្រវត្តិសាស្រ្តដល់កូនចៅជំនាន់ក្រោយបានស្គាល់ បានដឹង និងសិក្សាស្វែងយល់ ។

ថ្លែងក្នុងគ្រាដឹកនាំគណៈប្រតិភូ នៃកងយោធពលខេមរភូមិន្ទ ចុះសាកសួរសុខទុក្ខកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងពិនិត្យតំបន់ប្រវត្តិសាស្រ្ត នៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងឡាវ រយៈពេល២ថ្ងៃនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានសម្តែងការដឹងគុណ និងកោតសរសើរ ដល់កម្លាំងកងយោធពលខេមរភូមិន្ទ ដែលបានប្រយុទ្ធតស៊ូក្រាញននៀលយ៉ាងអង់អាចក្លាហាន ក្នុងការបំពេញភារកិច្ច ការពារអធិបតេយ្យ បូរណភាពទឹកដី និងការពារសម្បត្តិវប្បធម៌ជាតិ ក្នុងទិសប្រាសាទព្រះវិហារ នាពេលកន្លងមក។

ទោះជាបែបនេះក្តីសម្តេចបានជម្រុញដាស់តឿនដល់កងទ័ពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការការពារបូរណភាពដែនដីកម្ពុជា មិនអោយសត្រូវឈ្លានពានជាដាច់ខាត ។

សម្តេចពិជ័យសេនាក៏បានបន្ថែមថា ការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា ត្រូវរៀបចំឡើងវិញ នៅទូទាំងប្រទេស ក្នុងការអនុវត្តអនុក្រឹត្យ ដើម្បីគ្រប់គ្រងតំបន់ប្រវត្តិសាស្ត្រយោធា ក្នុងគោលបំណង ថែរក្សាទុកនូវតឹកតាងទាំងឡាយ ដែលបានបន្សល់ទុក ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយ បានឃើញថា យើងបានធ្វើការដ៏លំបាក់ ដើម្បីឲ្យពួកគេមានស្មារតីចូលរួម ថែរក្សា ការពារឲ្យបានគង់វង្ស។ ទន្ទឹមនឹងនេះ អាជ្ញាធរដែនដីខេត្តព្រះវិហារ ក៏ត្រូវយកចិត្តទុកដាក់ចូលរួមសហការ ក្នុងការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធាមួយចំនួនទៀត ដែលកំពុងដំណើរការរៀបចំកសាងឡើង នាពេលនេះ។

សូមជម្រាបថា ការទស្សនកិច្ចនាពេលនោះ គណៈប្រតិភូបានចុះពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធាដូចជា តំបន់ប្រវត្តិសាស្រ្តតេជោ ៥មករា ក្នុងភូមិសាស្ត្រវាលឥន្ទ្រី នៅលើកំពូលភ្នំរាប ស្ថិតនៅចន្លោះភ្នំប្រាសាទព្រះវិហារ និងភ្នំទ្រព្យ ជាប់ព្រំដែនថៃ ,ពិនិត្យ និងសម្ភោធដាក់ឲ្យប្រើប្រាស់ តំបន់ប្រវត្តិសាស្ត្រយោធា តេជោបុស្សស្បូវជាំតែ នៅលើខ្នងភ្នំដងរែក ស្ថិតក្នុងភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត និងសម្ភោធដាក់អោយប្រើប្រាស់ តំបន់ប្រវត្តិសាស្ត្រយោធា ភ្នំ១៩០ តេជោកំពង់ស្រឡៅ ព្រំដែនកម្ពុជាឡាវ។