មន្ត្រីព្រៃឈើខេត្តព្រះវិហារ ចាប់រថយន្តសាំងយ៉ុងមួយគ្រឿង ដឹកជញ្ជូនឈើប្រណិតជិត២០ដុំ ដេីម្បីរារាំងសកម្មភាពកាប់បំផ្លាញធនធានព្រៃឈេី នៅក្នុងដែនជម្រកសត្វព្រៃ !

btshotnews
ខេត្តព្រះវិហារ៖ សកម្មភាពលបលួចដឹកជញ្ជូនឈើធ្វើជំនួញ ពីសំណាក់ឈ្មួញមួយក្រុមតូច នៅក្នុងរង្វង់ដែនដីខេត្ត និងមកពីខេត្តនានាទៀត ត្រូវគេកត់សម្គាល់ឃើញថា នៅតែបន្តកើតមានឡើងជាហូរហែរ ហើយករណីនេះបានប្រញាប់ឲ្យ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានដាក់ចេញនូវវិធានការយ៉ាងហ្មឺងម៉ាត់ ដល់មន្ត្រីជំនាញ និងមន្ត្រីប្រដាប់អាវុធក្នុងខេត្ត ត្រូវរួមសហការគ្នាចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងព្រៃឈើនេះ ឲ្យខាងតែបាន។

នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម នៅក្នុងថ្ងៃទី១៧ធ្នូនេះ បានបន្តដឹកនាំមន្ត្រីខណ្ឌ និងមន្ត្រីព្រៃឈើត្បែងមានជ័យ ចុះស្ទាក់ចាប់រថយន្តសាំយ៉ុងមួយគ្រឿង ដែលផ្ទុកទៅដោយឈើប្រណិតជិត ២០ដុំ ដែលរថយន្តនោះ ត្រូវគេដឹងថា បានចរាចរណ៍ចេញពីក្នុងរង្វង់ ដែនដីរដ្ឋបាលខេត្តព្រះវិហារ រត់លើដងផ្លូវជាតិលេខ ៦២ ក្នុងបំណងនាំយកឈើទាំងនោះ ចូលទៅក្នុងដែនដីខេត្តកំពង់ធំ។ប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើ ១គ្រឿងនេះ បានធ្វើឡើងនៅចំណុច ភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។

លោក នួន សុខុម បានបញ្ជាក់ថា រថយន្តដឹកឈើ ដែលមន្ត្រីជំនាញព្រៃឈើ ចាប់បាននៅពេលនេះ ជាប្រភេទរថយន្តសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL.1464 រថយន្តនេះបានផ្ទុកឈើប្រណិត ប្រភេទឈើបេង មានចំនួន ១៧ដុំ ស្មើនឹង ០.៣០៩ «០ម៉ែត្រគូបត្រីគុណ ៣០៩» និងនៅក្រោយការបង្ក្រាប តៃកុងបានរត់គេចខ្លួនបាត់ រីឯវត្ថុតាងរថយន្ត ១គ្រឿង និងឈើប្រណិតបេង ១៧ដុំ ត្រូវបាននាំយកមករក្សាទុក នៅស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីកសាងសំណុំឯកសារ ចាត់ការតាមនីតិវិធី។ លោកបានបញ្ជាក់ទៀតថា សកម្មភាពចុះបង្ក្រាបបទល្មើសព្រៃឈើនេះ ខណ្ឌរដ្ឋបាលព្រៃឈើ នឹងបន្តអនុវត្តបទបញ្ជារបស់ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ជាបន្តទៀត ដើម្បីរារាំងសកម្មភាពកាប់បំផ្លាញព្រៃឈើ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃសហគមន៍ និងដែនព្រៃការពាររបស់រដ្ឋ និងការដឹកជញ្ជូនផល-អនុផលព្រៃឈើ ដោយគ្មានច្បាប់អនុញ្ញាត ឲ្យថយមកនៅកម្រិតទាបបំផុត ដើម្បីការពារព្រៃឈើ ដែលនៅសេសសល់ចុងក្រោយនេះ ឲ្យបានគង់វង្ស សម្រាប់មនុស្សជំនាន់ក្រោយៗទៀត៕