ក្រសួងបរិស្ថាន កោតសរសើររដ្ឋបាលនិងប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី លេីយុទ្ធនាការអនុវត្ត អនាម័យបរិស្ថានបានល្អប្រសេីរ !

btshotnews
បន្ទាយស្រី៖ ក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរដ្ឋបាលស្រុកបន្ទាយស្រី និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកមួយនេះ ដែលបានគិតគូរ និងចូលរួមអនុវត្តអនាម័យបរិស្ថាន បានយ៉ាងល្អប្រសើរ ធ្វើឲ្យភូមិដ្ឋាន និងសហគមន៍ មានសោភ័ណភាពស្អាត មានផាសុកភាពសម្រាប់ការរស់នៅ និងជាទីទាក់ទាញភ្ញៀវទេសចរ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន នៅអំឡុងពេលចុះទស្សនកិច្ចស្រុកបន្ទាយ កាលពីថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២០ កន្លងទៅនោះ ដោយបានពិនិត្យលើការគ្រប់គ្រង រៀបចំ និងទុកដាក់សំរាមរបស់ប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក និងតំបន់អេកូទេសចរណ៍បឹងឈូក។ពិធីនេះមានការចូលរួមដោយ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី និងមន្ត្រីពាក់ព័ន្ធនានាក្នុងដំណើរចុះពិនិត្យនេះ។

ទន្ទឹមគ្នានេះដែរ លោក នេត្រ ភក្ត្រា ក៏បានអរគុណដល់ប្រជាពលរដ្ឋ ដែលបានយល់ដឹង និងចូលរួមអនុវត្តវិធានការអនាម័យបរិស្ថានធ្វើឱ្យភូមិ ឃុំមានបរិស្ថានល្អ និងលើកទឹកចិត្តដល់ពួកគាត់បន្តអនុវត្តជារៀងរហូត និងផ្សព្វផ្សាយបន្តដល់កូនចៅរបស់ពួកគាត់បន្ថែមទៀត។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបន្តថា ក្រសួងបរិស្ថានបានផ្តល់ការគាំទ្រទាំងបច្ចេកទេស សម្ភារៈ និងថវិកាដល់ រដ្ឋបាលស្រុក ដើម្បីអនុវត្តវិធានការអនាម័យបរិស្ថាន ក្នុងនោះមានទាំងការផ្តល់ឡដុតសំរាម និងរថយន្តដឹកសំរាមផងដែរ។

លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ស្រុកបន្ទាយស្រីបានផ្តល់នូវគំរូល្អមួយ សម្រាប់ការអនុវត្តការគ្រប់គ្រងសំណល់រឹងទីប្រជុំជននៅកម្ពុជា ហើយក្រសួងបរិស្ថានសូមលើកទឹកចិត្តឱ្យមានការបង្កើតគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត ដើម្បីធ្វើឱ្យស្រុកបន្ទាយស្រី កាន់តែមានសោភ័ណភាពស្អាតបន្ថែមទៀត ដើម្បីកាន់តែទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រាសាទបន្ទាយស្រីដ៏ល្បីល្បាញនេះ។

ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា កន្លងមករដ្ឋបាលស្រុកបន្ទាយស្រីបានធ្វើកិច្ចការងារជាច្រើនទាក់ទងនឹងបរិស្ថាន ហើយអ្វីដែលពិសេសនោះគឺ រដ្ឋបាលស្រុកមានមោទនភាពចំពោះការគាំទ្រ ពីសំណាក់ក្រសួងបរិស្ថាន។

លោកបានបន្តថា បន្ទាយស្រីជាស្រុកទេសចរណ៍ ដូច្នេះភាពស្អាត និងអនាម័យជារឿងដែលត្រូវដើរទន្ទឹមគ្នា។ បន្ថែមពីនេះលោកក៏បានចុះធ្វើយុទ្ធនាការរៀបចំអនណាម័យបរិស្ថាន ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងស្រុកផងដែរ។

លោក ឃឹម ហ្វីណង់ បានបន្ថែមថា បើទោះបីជារដ្ឋបាលស្រុក និងប្រជាពលរដ្ឋបានចូលរួមក្នុងការសំអាតបរិស្ថានយ៉ាងណាក៏ដោយ ក៏បញ្ហាសំរាម នៅតែជាក្តីកង្វល់មួយផងដែរ។ កង្វល់ដោយសារតែនៅរដូវបុណ្យទានធំៗម្តងៗ ភ្ញៀវទេសចរមកពីបណ្តាខេត្តផ្សេងៗ តែងតែបន្សល់ទុកនូវសំរាមដោយគ្មានរបៀបរៀបរយ។ ដូច្នេះ រដ្ឋបាលស្រុកមានវិធីតែម្យ៉ាងប៉ុណ្ណោះ ដើម្បីពញាក់ស្មារតីដល់អ្នកទាំងនោះនូវពាក្យថា មកដល់តំបន់ដែលស្អាត សូមឱ្យផ្ដល់ការគោរព ហើយប្រសិនបើគ្មានការគោរពទេនោះការផាកពិន័យនឹងចាប់ផ្តើមអនុវត្ត។

លោកអភិបាលស្រុកបន្ទាយស្រី រូបនេះបន្តទៀតថា រដ្ឋបាលស្រុកធានាធុងសំរាមមានគ្រប់គ្រាន់ សំរាមពេញមានអ្នកប្រមូល អ្នកភូមិមិនបោះទេ ដូច្នេះនៅសល់តែចុងក្រោយម្នាក់គត់ គឺអ្នកទេសចរប៉ុណ្ណោះ៕