ប្រទេសថៃរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨១នាក់ថ្មីទៀត ក្នុងនោះ៧២នាក់ជាករណីឆ្លងសហគមន៍ !

btshotnews
បាងកក៖ ប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨១នាក់ថ្មីទៀត នៅព្រឹកថ្ងៃទី២៥ខែធ្នូឆ្នាំ២០២០នេះ ដោយក្នុងនោះ ៧២នាក់ជាករណីឆ្លងក្នុងសហគមន៍ និង ០៩នាក់ជាករណីនាំចូលពីក្រៅប្រទេស។
នេះបើតាមការទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់ប្រភពពីក្រសួងសុខាភិបាលថៃ។

ក្រសួងខាងលើនេះបានគូសបញ្ជាក់ថា នៅក្នុងចំណោមករណីឆ្លងសហគមន៍ទាំង ៧២នាក់ខាងលើនេះ ពាក់កណ្តាលមានជាប់ពាក់ព័ន្ធទៅនឹងករណីផ្ទុះការឆ្លង COVID-19 ក្នុងទីផ្សារលក់អាហារសមុទ្រ នៅក្នុងខេត្ត សាមុត សាខន (Samut Sakhorn) ភាគនិរតីប្រទេសថៃ។ ទោះជាបែបនេះក្តី អាជ្ញាធរថៃពុំបានបញ្ជាក់ព័ត៌មានលម្អិតបន្ថែម ជុំវិញអត្តសញ្ញាណ ឬខេត្តក្រុងដែលអ្នកឆ្លងជំងឺថ្មីៗនេះ រស់នៅនោះឡើយ ប៉ុន្តែបណ្តាញសង្គមនានានៅក្នុងប្រទេសថៃ ត្រូវបានគេរាយការណ៍ថា កំពុងតែពោពេញដោយការរិះគន់ចំពោះពលករមីយ៉ាន់ម៉ា ដែលត្រូវបានគេចោទប្រកាន់ថា បានលួចចូលមកក្នុងប្រទេសថៃដោយខុសច្បាប់ និងបានបង្កឲ្យផ្ទុះករណីឆ្លង COVID-19 យ៉ាងគំហុកនេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ៥,៩១០ករណី ក្នុងនោះស្លាប់ ៦០នាក់ និងជាសះស្បើយវិញ ៤,១៣០នាក់។ ក្នុងចំណោមករណីឆ្លងថ្មីៗចុងក្រោយនេះ ភាគច្រើនបំផុតគឺជាពលករចំណាកស្រុក ស្ថិតនៅក្នុងខេត្ត សាមុត សាខន ប៉ុន្តែនៅក្នុងរយៈពេលពីរទៅបីថ្ងៃមកនេះ អាជ្ញាធរថៃមិនបានបង្ហើបព័ត៌មានលម្អិត អំពីករណីឆ្លងក្នុងចំណោមពលករបរទេសនេះឡើយ៕