សមត្ថកិច្ចនគរបាលខេត្តព្រះវិហារ បានបញ្ជូនខ្លួនស្ត្រីសង្ស័យមេឆ្នោតម្នាក់ទៅកាន់តុលាការខេត្ត ក្រោយការចុះបង្ក្រាប នឹងឃាត់ខ្លួននៅក្នុងស្រុកពីរ នៅរយៈពេលពីរថ្ងៃកន្លងមកនេះ !

btshotnews
ខេត្តព្រះវិហារ៖ ស្ត្រីសង្ស័យមេឆ្នោតកត់កន្ទុយលេខម្នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បញ្ជូនខ្លួនទៅកាន់តុលាការខេត្តហើយ នាថ្ងៃទី០៦ មករា ឆ្នាំ២០២១នេះ បន្ទាប់ពីចុះបង្ក្រាបល្បែងស៊ីសងល្មើសច្បាប់ «ល្បែងកន្ទុយលេខ» នៅក្នុងរយៈពេលពីរថ្ងៃបន្តបន្ទាប់គ្នា នៅក្នុងស្រុកពីរ គឺស្រុកគូលែន និងស្រុកជ័យសែន នាថ្ងៃទី០៤ មករា និងនៅថ្ងៃទី០៥ មករា ឆ្នាំ២០២១ ម្សិលមិញនេះ។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តព្រះវិហារ លោកវរៈសេនីយ៍ឯក គង់ គា បានប្រាប់ឲ្យដឹងថា ស្ត្រីសង្ស័យមេឆ្នោតម្នាក់ ដែលត្រូវបានបញ្ជូនទៅកាន់តុលាការខេត្ត នៅក្នុងថ្ងៃនេះ មានឈ្មោះ សន សារីរ័ត្ន អាយុ ៣២ឆ្នាំ ជាអ្នកបើកកន្លែងកត់ឆ្នោតខុសច្បាប់ រស់នៅក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។

លោកបានបន្តថា ការបញ្ជូនខ្លួនស្ត្រីសង្ស័យមេឆ្នោតរូបនេះ ទៅកាន់តុលាការខេត្ត គឺបានធ្វើឡើងក្រោយពីមានការដឹកនាំបញ្ជាចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដែលដឹកនាំដោយ ព្រះរាជអាជ្ញារងខេត្ត លោក វុធ សាវី ក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់។

លោកវរៈសេនីយ៍ឯក គង់ គា បានប្រាប់ឲ្យដឹងទៀតថា ការចុះបង្ក្រាបល្បែងស៊ីសងល្មើសច្បាប់ ដែលដឹកនាំដោយ ស្ថាប័នអយ្យការខេត្តនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌខេត្ត ក្រោមការបញ្ជាពី ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ សួស សុខដារា បានចុះទៅកាន់ស្រុកពីរ គឺស្រុកគូលែន និងស្រុកជ័យសែន ដើម្បីរកការបង្ក្រាបល្បែងស៊ីសងល្មើសច្បាប់។ លោកថា នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សជាច្រើននាក់ និងរឹបអូសវត្ថុតាងបទល្មើស «ក្រដាស់កត់ឆ្នោត»មួយចំនួន ផងដែរ។

លោក គង់ គា បានបន្តថា ក្នុងចំណោមមនុស្សច្រើននាក់ ដែលរងការឃាត់ខ្លួននោះ លោកព្រះរាជអាជ្ញាខេត្ត បានធ្វើការសម្របសម្រួលដោះលែងទៅវិញ ក្រោមកិច្ចសន្យាបញ្ឈប់លេងល្បែងខុសច្បាប់ ប៉ុន្តែ មានស្ត្រីសង្ស័យមុខសញ្ញាមេឆ្នោត២នាក់ ត្រូវបានបន្តឃាត់ខ្លួននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ គឺម្នាក់ឈ្មោះ សេក គឹមចេង អាយុ ២៤ឆ្នាំ ជាអ្នកបើកកន្លែងកត់ឆ្នោត និងមានផ្ទៃពោះ រស់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ និងស្ត្រីម្នាក់ទៀត ឈ្មោះ សន សារីរ័ត្ន អាយុ ៣២ឆ្នាំ ជាអ្នកបើកកន្លែងកត់ឆ្នោតខុសច្បាប់ រស់នៅក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។

លោកវរៈសេនីយ៍ឯក គង់ គា បានបញ្ជាក់ថា ក្រោយការឃាត់ខ្លួនស្ត្រីសង្ស័យមេឆ្នោតទាំងពីរនាក់ មកធ្វើការសាកសួរនោះមក ព្រះរាជអាជ្ញាខេត្ត លោក ទី សុវិនថាល់ បានអនុញ្ញាតឲ្យស្ត្រីម្នាក់ ឈ្មោះ សេក គឹមចេង អាយុ ២៤ឆ្នាំ ដែលកំពុងមានផ្ទៃពោះ វិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ក្រោមការបំពេញកិច្ចសន្យាជាមួយសមត្ថកិច្ច ឲ្យបញ្ឈប់ប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ តទៅទៀត។ ដោយឡែក ស្ត្រីសង្ស័យឈ្មោះ សន សារីរ័ត្ន អាយុ ៣២ឆ្នាំ ត្រូវបានបញ្ជាឲ្យឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្តព្រះវិហារ នាថ្ងៃទី០៦មករាឆ្នាំ២០២១ នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំដោយ លោក ប្រាក់ សុវណ្ណ លោកអភិបាលខេត្ត តែងបានដាក់បទបញ្ជារ ដល់កងកម្លាំងប្រដាប់អាវុធ ជាពិសេស អាជ្ញាធរមានសមត្ថកិច្ច នៅតាមមូលដ្ឋាន ត្រូវរួមសហការគ្នាចុះទប់ស្កាត់ និងបង្រ្កាបឲ្យបាន នូវបទល្មើសនានានៅទូទាំងខេត្ត ក្នុងនោះមានបទល្មើសធនធានធម្មជាតិ ការកាប់បំផ្លាញ និងដឹកជញ្ជូនឈើខុសច្បាប់ ការកាប់រុករានទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិ បទល្មើសធនធានរ៉ែ បទល្មើសគ្រឿងញៀន ក្មេងទំនើង និងបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។ល។ ដើម្បីធានាការអនុវត្តគោលនយោបាយភូមិ-ឃុំ មានវត្ថិភាព ដែលរាជរដ្ឋាភិបាល បានដាក់ចុះសម្រាប់អនុវត្តន៍នាពេលកន្លងមក៕