
ក្រុមក្មេងទំនេីង១៨នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្ល្នន រួមទាំងម៉ូតូកែច្នៃខុសលក្ខណ:បច្ចេកទេស១២គ្រឿង !
btshotnews
បាត់ដំបង៖ អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងការបង្ក្រាបទប់ស្កាត់រាល់បទល្មើសនានាដែលកើតមាននៅក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ ដើម្បីរក្សាអោយបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។
ជាក់ស្តែងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៥និង៣០នាទី រហូតដល់វេលាម៉ោង ២០និង០០នាទី លោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណី ក្មេងទំនេីង( កែច្នៃម៉ូតូខុសលក្ខណៈបច្ចេកទេស និងដាក់បំពង់ស៊ីម៉ាំងបំពងសំឡេងលឺខ្លាំង) និងបានធ្វេីការឃាត់ម៉ូតូចំនួន១២គ្រឿង និងមនុស្ស ១៨នាក់ មកកាន់ស្នងការខេត្ត។
ក្រោយពេលឃាត់យកមកពិនិត្យឃេីញថាម៉ូតូទាំង១២គ្រឿងក្នុងនោះមាន ម៉ូតូកែច្នៃស៊ីម៊ាំងលឺខ្លាំង ចំនួន០១គ្រឿង ;ម៉ូតូដោះស្លាកលេខ ចំនួន០៨គ្រឿង និងម៉ូតូគ្មានឯកសារចំនួន ០៣គ្រឿង ដែលម៉ូតូទាំងអស់នេះមានលក្ខណៈមិនត្រឹមត្រូវលេីចំណុចផ្សេងទៀតដែលផ្ទុយពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ហើយក្រោយពីធ្វើការឃាត់ខ្លួនសួរនាំរួចមក ក្រុមក្មេងទំនើងទាំង១៨នាក់ រួមនិងម៉ូតូ១២គ្រឿង ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានរៀបចំប្រគល់អោយទៅការិយាល័យនគបាលចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តដោយអប់រំណែនាំដល់ម្ចាស់ម៉ូតូឱ្យឈប់ប្រព្រឹត្តសកម្មភាពបែបនេះបន្តទៀតនិងតម្រូវឱ្យប្តូរស៉ីម៉ាំងម៉ូតូអោយបានត្រឹមត្រូវរួចធ្វេីការផាកពិន័យទៅតាមអំពេីល្មេីសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមុនពេលប្រគល់ជូនអោយត្រឡប់ទៅលំនៅដ្ឋានវិញ៕