អាជ្ញាធរខេត្តព្រះវិហារ បាននាំអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋក្រីក្រ៣០គ្រួសារ ក្នុងថ្ងៃរំលឹកខួប៤២ឆ្នាំ នៃទិវាជ័យជំនះលេីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅក្នុងស្រុកមួយជាប់ព្រំដែន ថៃ និង ឡាវ !

btshotnews
ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ស្ដ្រីមេម៉ាយ កុមារកំព្រា ជនពិការ និងចាស់ជរាគ្មានទីពឹង ៣០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា តាមរយៈអាជ្ញាធរខេត្ត និងសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ដែលដឹកនាំដោយអភិបាលខេត្ត លោក ប្រាក់ សុវណ្ណ ,ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ កាលពីថ្ងៃទី៧ មករា ឆ្នាំ២០២១ ស្ថិតនៅក្នុងឃុំស្រអែម ស្រុកជាំក្សាន្ដ ។

អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ៣០គ្រួសារនោះ មានអង្ករ មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងឃីត១កញ្ចប់។ រីឯការចែកអំណោយនោះទៀត គឺបានធ្វើឡើងចំថ្ងៃដែលកម្ពុជា បានរំលឹកខួប ៤២ឆ្នាំ នៃទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧មករា ១៩៧៩-៧មករា២០២១ ផងនោះដែរ។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ ដោយរំលឹកឡើងវិញថា ថ្ងៃនេះគឺជាថ្ងៃរំលឹកខួប ៤២ឆ្នាំ នៃទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយកម្ពុជា បានចាត់ទុក«ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា» និងជាថ្ងៃប្រវត្តិសាស្ត្រ ដែលយើងបានរួចចាកផុតពីរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ លោកអភិបាលខេត្ត បានបន្តថា កាលពី ៤២ឆ្នាំមុន កម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងអំណាចដោយ ប៉ុល ពត បានធ្វើឲ្យបងប្អូនជាច្រើនបាត់បង់ឪពុកម្តាយ បងប្អូន កូនចៅ និងញាតិសណ្តាន ដ៏គួរឲ្យសង្វេក និងអាឡោះអាល័យរកទីបំផុតគ្មាន។

លោក ប្រាក់ សុវណ្ណ បានបន្តថា ក្រោយថ្ងៃរំដោះ ០៧មករា ១៩៧៩ និងការបញ្ចប់សង្គ្រាមស៊ីវិល កម្ពុជា បានបន្សល់ទុកនូវស្ត្រីមេម៉ាយ ចាស់ជរាគ្មានទីពឹង កុមារកំព្រា និងជនពិការរាប់ម៉ឺនសែននាក់ ដ៏គួរឲ្យអាណិតអាសូរ។ លោកថា ដោយសារគុណថ្ងៃ០៧មករា ក្រោមការរំដោះប្រទេស និងប្រជាជនកម្ពុជា ចេញពីរបបយង់ឃ្នង ប៉ុល ពត ពីសំណាក់ឥស្សរជនសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា ហើយក្នុងគ្រាបច្ចុប្បន្ន ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងកាកបាទក្រហមកម្ពុជា មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជានិច្ចជាកាល សម្តេចទាំងពីរតែងគិតគូរ យកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី ដោយមិនទុកឲ្យពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់អាហារនោះឡើយ ហើយប្រទេសកម្ពុជា កំពុងក្លាយជាប្រទេសដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ផងដែរ។

លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ទៀតថា ក្នុងគ្រាបច្ចុប្បន្ន ពិភពលោក និងកម្ពុជា កំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែ កម្ពុជា មានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី មិនត្រឹមតែអាចការពារកម្ពុជា ឲ្យឆ្លងផុតពីការរីករាលដាល នៃជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ថែមទាំងបានគ្រប់គ្រងសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធិភាព ហើយរាជរដ្ឋាភិបាល នៅតែមានលទ្ធភាពបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងផ្តល់ជំនួយសង្គមតាមគ្រប់រូបភាព ដូចជា ការឧបត្ថម្ភស្បៀងអាហារ ជូនដល់គ្រួសារក្រីក្រ ជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយ ចាស់ជរា ស្ត្រីផ្ទុកមេរោគអសដស៍ និងការឧបត្ថមសាច់ប្រាក់ជូនដល់ កម្មករ កម្មការនី ដែលប្រឈមនឹងជីវភាពខ្វះខាត នៅក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ នេះផងទៀត។

ក្រោយពីបញ្ចប់ការចែកអំណោយ និងសាកសួរសុខទុក្ខប្រជាពលរដ្ឋរួចមក លោកអភិបាលខេត្ត បានដឹកនាំមន្ត្រីខេត្ត ក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋាន បន្តដំណើរឡើងឆ្ពោះទៅកាន់ប្រាសាទព្រះវិហារ ដែលស្ថិតនៅលើខ្នងភ្នំដងរែក ដើម្បីនាំយកគ្រឿងសក្ការៈបូជា ថ្វាយ និងដុតធូបបន់ស្រន់ សូមឲ្យវត្ថុស័កសិទ្ធ ដែលឃុំគ្រងប្រាសាទព្រះវិហារ និងតំបន់ប្រាសាទព្រះវិហារទាំងមូល ជួយផ្តល់នូវសេចក្ដីសុខក្សេមក្សាន្ត និងការចម្រើនរុងរឿង ដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ និងការឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខ័ន្ធ យុទ្ធជន យុទ្ធនារីក្លាហាន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុរំដោះប្រទេសជាតិ បានរួចផុតពីរបបកាប់សម្លាប់ប៉ុល ពត និងការពន្លត់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ ឲ្យទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍ រហូតមកដល់សព្វថ្ងៃនេះ ថែមទៀតផង៕