កងពលតូចអន្តរាគមន៍លេខ៧ បាននឹងកំពុងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ សំណង់អាគារ និងការបង្កបង្កើនផល ដេីម្បីផ្គត់ផ្គង់ និងជួយលេីកស្ទួយជីវភាពរស់នៅរបស់កងទ័ពឲ្យបានកាន់ប្រសេីរថែមទៀត !

btshotnews
ខេត្តព្រះវិហារ៖ នាយទាហាន និងពលទាហាន នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ចំណុះអង្គភាពកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ក្រៅពីកិច្ចការងារការពារជាតិ និងប្រជាជន បានងាកមករួមគ្នាកសាងអង្គភាព ឲ្យមានការរីកចម្រើន ដើម្បីធានាលើការផ្គត់ផ្គង់ដល់ជីវភាពរស់នៅរបស់គ្រួសារកងទ័ព ឲ្យកាន់តែមានលក្ខណៈល្អប្រសើរ ស្របតាមគោលការណ៍របស់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ។ ហើយនៅថ្ងៃទី០៨ខែមករាឆ្នាំ២០២១ ម្សិលមិញ សកម្មភាពនេះ នៅតែបន្តអនុវត្តន៍លើការងារកសាងអង្គភាពនេះ យ៉ាងសស្រាក់សស្រាំ។

មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ និងការណែនាំរបស់ មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងការដឹកនាំបញ្ជាផ្ទាល់ពី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក អង្គភាពកងពលតូចអន្តរាគមន៍លេខ៧ បានបន្តការងារក្នុងការកសាងបន្ថែម និងការជួសជុលសំណង់អគារ និងផ្ទះស្នាក់នៅរបស់កងទ័ពបន្ថែម ដល់យោធិននៅក្នុងអង្គភាព ការងារបង្កបង្កើនផល និងការចិញ្ចឹមសត្វ ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់កងទ័ព និងគ្រួសារទ័ព។

លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានមានប្រសាសន៍ទៀតថា កងកម្លាំងនៅក្នុងអង្គភាព បានយកចិត្តទុកដាក់លើការងារកសាងជំរុំ ជំរកស្នាក់នៅរបស់កងទ័ព គ្រួសារកងទ័ព ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ការបង្កបង្កើនផល ការដាំដុះបន្លែបង្ការគ្រប់មុខ និងការចិញ្ចឹមសត្វ ដូចជា ជ្រូក មាន់ ទា ក្ងាន និងត្រី ។ល។ ទៅតាមផែនការដែលថ្នាក់លើបានដាក់ឲ្យអនុវត្ត។

លោកឧត្តមសេនីយ៍ មេបញ្ជាការ បានបន្តថា ការដាំដុះបន្លែគ្រប់ប្រភេទ និងការចិញ្ចឹមសត្វ ដែលផលិតបាន ដោយអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ និងគ្រួសារទ័ព ត្រូវបានផ្គត់ផ្គង់ធានាក្នុងការចិញ្ចឹមកងទ័ព និងការលើកស្ទួយជីវភាពរស់នៅរបស់គ្រួសារកងទ័ព ដើម្បីកាត់បន្ថយនូវការនាំចូលបន្លែត្រី សាច់ មួយចំនួនពីខាងក្រៅ ដែលមានផ្ទុកសារធាតុគីមី ជាពិសេស គឺអង្គភាពអាចលក់ចេញទៅទីផ្សារខាងក្រៅ និងទទួលបានប្រាក់កម្រៃបន្ថែម ពីលើគោលរបបគោល ដែលជាកត្តាមួយអាចជួយផ្គត់ផ្គង់ និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់កងទ័ព និងគ្រួសារកងទ័ព បានយ៉ាងល្អប្រសើរ៕