រថយន្តដឹកឈេីកែច្នៃខុសច្បាប់ជាច្រេីនគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបនៅលេីដងផ្លូវជាតិលេខ៦២ ជាប់ព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ !

btshotnews
ព្រះវិហារៈ រថយន្តដឹកជញ្ជូនឈេីកែច្នៃនិងរថយន្តដឹកគ្រឿងសង្ហារឹមកែច្នៃជាច្រើនខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃខេត្តព្រះវិហារ ធ្វើការបង្ក្រាបនៅតាមបណ្តោយផ្លូវជាតិលេខ៦២ ស្ថិតនៅភូមិរំចេក និងភូមិអូរពោធិ៍ ក្នុងឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។ ការចុះប្រតិបត្តិការបង្រ្កាបរថយន្តដឹកជញ្ជូនឈើ និងគ្រឿងសង្ហារឹមកែច្នៃដោយខុសច្បាប់នេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ ក្រោមការដឹកនាំបញ្ជាពីលោក វុធ សាវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្តព្រះវិហារ។

លោក វុធ សាវី បានថ្លែងប្រាប់ (អង្គភាព btshotnews.com នៅថ្ងៃទី១២ ខែមករាឆ្នាំ២០២១នេះថា ដោយមានការសម្របសម្រួល និងណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ, លោកបានដឹកនាំកម្លាំងរដ្ឋបាលព្រៃឈើ និងកម្លាំងបរិស្ថាន ចុះបង្រ្កាបការដឹកជញ្ជូនឈើ និងគ្រឿងសង្ហារឹមកែច្នៃដោយខុសច្បាប់បានជាច្រើនរថយន្ត។

លោកព្រះរាជអាជ្ញារង បានបញ្ជាក់ថា វត្ថុតាងដូចជា រថយន្ត ឈើ និងវត្ថុមួយចំនួនទៀត ត្រូវបានបញ្ជូនទៅចាត់ការតាមច្បាប់ឱ្យបានតឹងរឹង ក្នុងគោលបំណងចូលរួមអភិរក្សព្រៃឈើកុំឱ្យមានការកាប់បំផ្លាញ និងមានការទិញលក់ជួញដូរពីក្រុមឈ្មួញតទៅទៀត ពិសេសបង្រ្កាបអ្នកទិញតែម្តង។

លោកសង្កត់ធ្ងន់ថា ក្នុងប្រតិបត្តិការនេះ មានអ្នកអន្តរាគមន៍ច្រើនណាស់ ក៏ប៉ុន្តែលោកមិនស្តាប់ទេ ផ្ទុយទៅវិញគឺត្រូវតែអនុវត្តន៍ទៅតាមនិតិវិធីជាដាច់ខាតតែម្តង៕