គ្រូបង្វឹកលោតឆ័ត្រយោងម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ក្រោយលោតឆ័ត្រយោងខុសបច្ចេកទេស !

btshotnews
កំពង់ស្ពឺ ៖ យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ចំនួន​២ ដែល​មួយ គឺជា​អតីត​សិក្ខាកាម​ឆ័ត្រយោង​ជំនាន់​ទី​២២ (PARA22)​និង​មួយទៀត គឺជា​សមាជិក​ទ័ព​ឆ័ត្រយោង ជំនាន់​ទី​២៣ បាន​បង្ហោះ​សារ​ដ៏​ក្ដុកក្ដួល​សម្ដែង​នូវ​ការ​សោកស្ដាយ​ចំពោះ លោកគ្រូ លឹ​ម សាយ គឺជា​គ្រូបង្វឹក​លោត​ឆ័ត្រយោង​មួយ​រូប ដែល​បាន​លោតបានស្លាប់បាត់បង់ជីវិតនៅក្នុងបេសកកម្ម​លោត​ឆ័ត្រ​បញ្ជា ( Free Fall ) ក្នុង​ការ​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​កុម្ម៉ង់ដូ ជំនាន់​ទី​១០ វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆ័ត្រយោង​ជំនាន់​ទី​២៩ និង បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆ័ត្រយោង ជំនាន់​ទី​៣០ នៅ​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស តេ​ជោ​សែន​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២១នេះ ។

គណនី​ហ្វេ​ស​ប៊ុ​ក​ទី​១ ឈ្មោះ «Hoeun SoPhorn» បាន​បង្ហោះ​រូបភាព​លោកគ្រូ​លឹ​ម សាយ អម​ដោយសារ​ខ្លី​ថា «​ខ្ញុំបាទ​ក្នុង​នាម​ជា​អតីត​សិក្ខាកាម​ឆ័ត្រយោង​ជំនាន់​ទី​២២ PARA22 ពិតជា​មានការ​សោកស្តាយ​យ៉ាងខ្លាំង​បំផុត​ចំពោះ​លោកគ្រូ លឹ​ម សាយ ដែល​បាន​ទទួលមរណភាព សូមលោកគ្រូទៅកាន់លោកខាងមុខ» ។

រីឯ​ហ្វេ​ស​ប៊ុ​ក​ទី​២ ឈ្មោះ «​សឹ​ង្ហ ជ័យ​» ក៏​បាន​បង្ហោះ​រូបភាព​លោកគ្រូ​លឹ​ម សាយ អម​ដោយសារ​ខ្លី​ដូច​គ្នា​ផង​ដែរ​ថា «​ក្នុង​នាម​ជា​សមាជិក​ទ័ព​ឆ័ត្រយោង​ជំនាន់​ទី​២៣ សូម​ចូលរួម​សោកស្ដាយ​ជាទី​បំផុត​ចំពោះ​ការ​បាត់បង់ លោកគ្រូ លឹ​ម សាយ ដែល​បាន​ពលី​ក្នុង​បេសកកម្ម​លោត​ឆ័ត្រ​បញ្ជា ( Free Fall ) នេះ​គឺជា​ការ​បាត់បង់​នូវ​ធនធាន ការពារ​ជាតិ គ្រូបង្វឹក​ដ៏​ល្អ មានបទពិសោធន៍ ចំពោះ​កង​យោធពលខេមរភូមិន្ទ ខ្ញុំ​សូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​លោកគ្រូ ទៅ​កាន់​សុគតិភព​» ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោកគ្រូ​លឹ​ម សាយ បាន​ជួប​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខណៈ​ពេល​ដែល​លោក​លោត​ឆ័ត្រ​ខុស​បច្ចេកទេស ដោយ​ការ​ទាក់​ខ្សែ​គ្នា ហើយ​ក៏​ធ្លាក់​ចុះ​មក​ដី​បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង ៕