បញ្ចុះបឋមសិលាសាងសង់សាលាឆាន់ព្រះវិហារពោធិ៍សិលារាម ក្នុងក្រុងព្រះវិហារ ទេសរដ្ឋមន្ដ្រី មាស សុភា អំពាវនាវឲ្យចូលរួមថែរក្សាសុខសន្តិភាព ដេីម្បីឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រកាន់តែរីកចម្រេីន

បញ្ចុះបឋមសិលាសាងសង់សាលាឆាន់ព្រះវិហារពោធិ៍សិលារាម ក្នុងក្រុងព្រះវិហារ, ទេសរដ្ឋមន្ត្រី មាស សុភា អំពាវនាវឲ្យរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រកាន់តែរីកចម្រើន
btshotnews
ព្រះវិហារ៖ លោកនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃឲ្យនៅគង់វង្សយូរអង្វែង ដើម្បីឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រកាន់តែមានការអភិវឌ្ឍរីកចម្រើន។

ការថ្លែងអំពាវនាវបែបនេះរបស់លោកទេសរដ្ឋមន្ត្រី មាស សុភា ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាឆាន់ ក្នុងវត្តពោធិ៍សិលារាមហៅវត្តគីឡូលេខ៨ ស្ថិតក្នុងភូមិមហាផល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នាល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនរូបទៀត។

ទន្ទឹមនឹងនោះដែរ លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេ តែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។

លោកទេសរដ្ឋមន្ត្រីបានថ្លែងបន្តទៀតថា «ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺមានការអភិវឌ្ឍរីចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដែលកត្តានេះគឺផ្តើមចេញពីប្រទេសយើងមានសុខសន្តិភាពពេញលេញ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាពនេះ ឲ្យនៅគង់វង្សយូរអង្វែង ពិសេសសូមបន្តការគាំទ្រកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ដើម្បីឲ្យប្រទេសយើងកាន់តែមានការអភិវឌ្ឍរីកចម្រើនតទៅទៀត និយាយរួមគឺឲ្យវិស័យពុទ្ធចក្រនិងអាណាចក្រមានការរីកចម្រើនដូចគ្នា»។

លោកទេសរដ្ឋមន្ត្រី មាស សុភា ក៏បានថ្លែងនូវក្តីមោទនភាពក្រៃលែងដែលប្រទេសយើងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទទួលបានចំណាត់ថ្នាក់ល្អក្នុងការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ដែលរហូតមកដល់ថ្ងៃនេះ មិនមានអ្នកណាម្នាក់ស្លាប់បាត់បង់ជីវិតទេ។ ជាមួយគ្នានេះដែរលោកទេសរដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋ បន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្លួន ដើម្បីការពារពីជំងឺកូវីដ១៩។

លោកទេសរដ្ឋមន្ត្រី បានប្រគេនបច្ច័យចំនួន ៤លានរៀលសម្រាប់ចូលរួមសាងសង់សាលាឆាន់ និងបានចែកក្រណាត់ស ព្រមទាំងថវិកា ២ម៉ឺនរៀលដល់លោកយាយលោកតាម្នាក់ៗទៀតផង៕