ឡដុតធ្យូងចំនួន១២៧ឡ ក្នុងស្រុកសន្ទុកនៃដែនដីរដ្ឋបាលខេត្តកំពង់ធំ ត្រូវបានបំផ្លាញព្រៃឈេីរាប់រយម៉ែត្រគូប !

btshotnews
ខេត្តកំពង់ធំ៖ ឡដុតធ្យូងចំនួន១២៧ឡ ត្រូវបានដុតធ្យូងក្នុងមួយថ្ងៃបំផ្លាញព្រៃឈើរាប់រយម៉ែត្រគូប គឺជាបញ្ហាមួយ ដែលបណ្តាលឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់មហាជន ខណៈពេលដែលឃើញសកម្មភាព ដុតធ្យូងនៅក្នុងភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ បានបំផ្លាញព្រៃឈើយ៉ាងរង្គាល និងប្រឈមនឹង ការរលាយហិនហោចជាមិនខាន បើកាលណាពុំមានវិធានការការពារទប់ស្កាត់ជាបន្ទាន់នោះទេ។

គំនរឈើគរដូចភ្នំ និងត្រូវបានអ្នកដឹកឈើអុស ទំលាយថា ខ្លួនបានទៅកាប់ចេញពីព្រៃសហគមន៍នានា ជាពិសេសព្រៃសហគមន៍ដំណាក់ក្រសែង ស្ថិតនៅឃុំស្រើង ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ ក្រោមដែនសមត្ថកិច្ចលោក ហាក់ សុធី នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកប្រាសាទសំបូរ និងអុសមួយចំនួនគេដឹកតាមរថយន្តមកពីខេត្តព្រះវិហារ យកមកលក់ឲ្យម្ចាស់អាជីវកម្មអត់ច្បាប់ ដុតធ្យូងនេះតែម្តង ។

ជាក់ស្តែងនៅរសៀលថ្ងៃទី០៥ខែកុម្ភះ ឆ្នាំ ២០២១ លោក សាយ វាសនា ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូង ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំង ដែលមានឡដុតធ្យូងសរុប១២៧ ក្នុងភូមិចុងដា ឃុំត្បូងក្រពើ និងជាសកម្មភាពទ្រង់ទ្រាយធំ ក្នុងគោលដៅបំផ្លាញព្រៃឈើយ៉ាងឆាប់រហ័ស ស្របពេលដែលគំនរឈើគរដូចភ្នំ ត្រៀមដាក់បញ្ជូលឡ រួមទាំងធ្យូងដែលផលិតបានហើយរាប់រយការ៉ុង ត្រៀមដឹកជញ្ជូនលក់ឲ្យឈ្មួញ ដែលមកពីតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ដើម្បីយកទៅលក់បន្ត។

ប្រជាពលរដ្ឋ ដែលមានមុខរបរដុតធ្យូងបានឲ្យដឹងថា ឡដុតខ្យូងនៅទីនេះ មានសរុបចំនួន១២៧ឡ ហើយបាននាំគ្នាប្រកបមុខរបរនេះមកយូរហើយ ដោយសារតែប្រជាពលរដ្ឋនៅទីនេាះ ពុំមានមុខរបរអ្វីផ្សេងៗពីដុតធ្យូងនេះ ដែលជាមុខរបរកាក់កប អាចរកលុយបានងាយ ចំណែកឈើព្រៃដែលទិញមកសម្រាប់ដុតខ្យូង ក្នុងមួយម៉ែត្រគូប ៤០០០០រៀល ចំនែកអុសចំបក់ ៨០០០០រៀល ក្នុងមួយឡដុតធ្យូង អាចដាក់អុសបាន២០ ទៅ២៥ម៉ែត្រគូប រយះពេលដុត២៥ទៅ៣០ថ្ងៃ និងលក់ចេញឲ្យឈ្មួញកណ្តាលក្នុងមួយកីឡូក្រាម ៩០០រៀលក្នុងមួយឡអាចចំណាយទឹកប្រាក់អស់ ១០០០ដុល្លារអាមេរិក។

លោក សាយ វាសនា ព្រះរាជអាជ្ញារង តុលាការខេត្តកំពង់ធំ បានណែនាំឲ្យប្រជាពលរដ្ឋ ក៏ដូចជាឈ្មួញទាំងអស់ បញ្ឈប់ជាបន្ទាន់នូវការដុតធ្យូងចាប់ពីពេលនេះតទៅ ហើយឲ្យទៅប្រកបមុខរបរថ្មីដែលស្របច្បាប់ ដូចជាចិញ្ចឹមមាន់ទា ដាំបន្លែ ចិញ្ចឹមត្រីជាដើម ដោយសារតែការដុតធ្យូងនេះ គឺជាមុខរបរខុសច្បាប់ និងជាការចូលរួមកាប់ បំផ្លាញព្រៃឈើ ធ្វើឲ្យព្រៃឈើរលាយហិនហោចមិនខាន ការលើកបែបនេះ គឺគោលបំណងឲ្យបងប្អូនប្រជាពលរដ្ឋ បែរជួយគ្នាថែរក្សាព្រៃឈើ ដែលជាធនធានធម្មជាតិរបស់ប្រទេសជាតិយើង ៕