ផ្អាក់ការងារអធិការស្រុកកំរៀង ជាបណ្ដោះអាសន្ន ក្រោយសង័្សយថាអនុវត្តន៍ការងារខុសនិតិវិធី !

btshotnews
បាត់ដំបង ៖ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ត្រូវបានលោកស្នងការខេត្តបាត់ដំបងចេញលិខិតបង្គាប់ការសម្រេច ផ្អាកការងារ​បណ្តោះអាសន្ន ក្រោយសង្ស័យថា អនុវត្តន៍ការងារខុសនីតិវិធី ជាប់ពាក់ព័ន្ធនឹងការដោះលែងមេខ្យល់ដែលនាំពលករចេញចូលប្រទេសថៃ ។

យោងតាមលិខិតបង្គាប់ការ លេខ៖ ១៦/លបក.នប ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្តីពីការផ្អាក់ការងារបណ្ដោះអាសន្នដល់នាយនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសម្រេច ផ្អាក់ការងារបណ្ដោះអាសន្នចំពោះលោកវរសេនីយ៍ឯក គឹម ពន្លក អត្តលេខ៖ ១០១៦៨ អធិការនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដោយមូលហេតុអនុវត្តន៍ការងារខុសនីតិវិធី និងតម្រូវឲ្យបុគ្គលខាងលើត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការដើម្បីកែប្រែកំហុសឆ្គង និងរងចាំការសម្រេចជាថ្មី។

គួរបញ្ជាក់ថា ការសម្រេចផ្អាក់ការងារបណ្តោះអាសន្នទៅលើអធិការស្រុកកំរៀងរូបនេះ ធ្វើឡើងក្រោយមានបទបញ្ជាបន្ទាន់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យស្រាវជ្រាវបន្ទាន់ ករណីដោះលែងមេខ្យល់នាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃ ដែលត្រូវបានកម្លាំងទាហានចាប់បានប្រគល់ជូនទៅមន្ត្រីនគរបាល តែក៏ត្រូវបានមន្ត្រីនគរបាល ដោះលែងទៅវិញ ដោយមានទាំងភស្តុតាងរូបភាព និងឯកសារមួយចំនួនទៀតផង ៕